en     km
en     km

អាមេរិកប្រាប់វេណេហ្សូអេឡាព្យួរការបោះឆ្នោតខណៈសម្រេចដាក់ទណ្ឌកម្មជាផ្លូវការ

Share

ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសវេណេហ្សូអេឡា នឹងចាប់ផ្ដើមនៅថ្ងៃទី២០ឧសភាឆ្នាំ២០១៨នេះ។ ការបោះឆ្នោតនេះ ពុំមានវត្តមាន បេក្ខជនមកពីគណបក្សប្រឆាំងនោះទេ។ សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ចាត់ទុកការបោះឆ្នោតនេះ ធ្វើឡើងដោយមិនឆ្លុះបញ្ជាំងពីឆន្ទៈរបស់ប្រជាជន។ សហរដ្ឋអាមេរិក បានទាមទារអោយព្យួរការបោះឆ្នោតជាបន្ទាន់ខណៈខ្លួនបានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់ប្រទេសនេះ ចំនួន២៣ក្រុមហ៊ុន។លោក សោម លៀប  ជូនសេចក្ដីប្រែសម្រួល៖

ថ្លែងនៅក្នុងវេទិកាមួយនៅទីក្រុងវ៉ាស៊ីនតោន លោកអនុប្រធានាធិបតីអាមេរិក Mike Pence បាននិយាយថា ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសវេណេហ្សូអេឡា នៅថ្ងៃទី ២០ឧសភា  ជិត ២សប្ដាហ៍ទៀតនេះ គឺជាការបោះឆ្នោតមួយពោរពេញដោយការបន្លំ និងទិញទឹកចិត្តអ្នកបោះឆ្នោត ដែលលោកថា មិនឆ្លុះបញ្ជាំងពីឆន្ទៈប្រជាជនពិតៗនោះទេ។ លោកថាការបោះឆ្នោតនេះ ត្រូវតែចូលរួមគ្រប់ភាគីទាំងអស់ រួមទាំងអ្នកនយោបាយក្រុមប្រឆាំងផងដែរ។

នៅចំពោះមុខ វេទិកានៃមេដឹកនាំ អង្គការរដ្ឋអាមេរិក ដែលមាន៣៥ប្រទេស លោកអនុប្រធានាធិបតី បានថ្លែងថា៖«គេត្រូវរួមគ្នាទុកអោយ លោក នីកូឡាស់ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្សូអេឡា នៅឯកោ។ យើងត្រូវ បន្ថែមការដាក់ទណ្ឌកម្ម ប្រឆាំងមេដឹកនាំរូបនេះ។ ត្រូវរឹតត្បិតប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ជាមួយប្រទេសនេះ»។

ជាមួយគ្នានេះលោក Mike Pence បានទទូចអោយលោកម៉ាឌូរ៉ូព្យួរការបោះឆ្នោត។ តាមទីភ្នាក់ងារសារព័ត៌មាន Reuters  គឺស្របពេល លោក Mike Pence បានទាមទារឱ្យព្យួរការបោះឆ្នោតស្រាប់តែអាមេរិក បានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមរបស់ប្រទេសវេណេហ្សូអេឡា ចំនួន ២៣ក្រុមហ៊ុន ដែលភាគច្រើនមាននៅអាមេរិកនិងប្រទេស ជិតខាងវេណេហ្សូអេឡា។ ប្រភពដដែលបានបញ្ជាក់ថា ក្រៅពីនេះអាមេរិកកំពុងពិចារណា រឹបអូសទ្រព្យសម្បតិ្តក្រុមហ៊ុនទាំងនោះ ក្រោមហេតុផល ជាប់ពាក់ព័ន្ធការរត់ពន្ធសារធាតុញៀន។

លោកអនុប្រធានាធិបតី បញ្ជាក់ថា សម្រាប់អាមេរិកនិងសហគមន៍អន្តរជាតិ មិនមានជំនឿថា ការបោះឆ្នោតនេះ ដើម្បីបំពេញភាពខ្វះចន្លោះ នៃប្រជាធិបតេយ្យនោះទេ។

គណបក្សប្រឆាំងដែលត្រូវបានលោកម៉ាឌូរ៉ូ កំចាត់ពីនយោបាយ ភាគច្រើនរត់ទៅនៅប្រទេស អាមេរិក ។ ពួកគេ ប្រកាសអោយអ្នកគាំទ្រខ្លួនធ្វើពហិការបោះឆ្នោត។ តែយ៉ាងនេះក្ដីលោកម៉ាឌូរ៉ូដែលទំនងនឹងឈ្នះ ឆ្នោត ក្នុងការបោះឆ្នោតដែលគ្មានអ្នកសង្កេតការណ៍ឯករាជ្យចូលឃ្លាំមើល បាន អះអាងថា ការបោះឆ្នោតនេះ គឺស្ដែងចេញពីឆន្ទៈរបស់ប្រជាជនវេណេហ្សូអេឡា ដែលមិនចុះញមសង្រ្គាមពាណិជ្ជកម្មរបស់អាមេរិក។ លោកអួតថា ប្រជាធិបតេយ្យក៏នឹងស្ដែងអោយឃើញតាមរយៈនេះដែរ។

ស្របពេល អាមេរិក ចាត់វិធានការដូចនេះ គឺសហភាពអឺរ៉ុបបានប្រកាសថា ការបោះឆ្នោតគឺគ្មានន័យ ព្រោះតែពុំបានឆ្លុះពីឆន្ទៈរបស់ប្រជាជនដែលមាននិន្នាការផ្សេងគ្នា។ សហភាពអឺរ៉ុប ក៏កំពុងមានវិធានការដូចអាមេរិកដែរ។   

កាលពីសប្ដាហ៍មុន គណៈកម្មាការរៀបចំបោះឆ្នោតរបស់ប្រទេសនេះ បាន សរសេរលិខិតស្នើអោយអង្គការសហប្រជាជាតិ បញ្ជូនអ្នកសង្កេតការណ៍ មកឃ្លាំមើលការបោះឆ្នោតនេះ តែពុំទទួលបានការឆ្លើយតបឡើយ។

យ៉ាងណាក៏ដោយប្រទេសរ៉ុស្ស៊ីដែលជួយចិញ្ចឹមចិត្ត​លោកម៉ាឌូរ៉ូ បានសន្យាទទួលស្គាល់ការបោះឆ្នោតនេះ។ ចំណែកប្រទេសចិន ដែលចង់ស្រោចស្រង់សេដ្ឋកិច្ច វេណេហ្សូអេឡា តាមរយៈការទិញប្រេងឆៅពីប្រទេសនេះ មិនទាន់ឃើញប្រកាសជំហរដូចរ៉ុស្ស៊ីនៅឡើយទេខណៈប្រទេសសេដ្ឋកិច្ចធំនេះ កំពុងខាតបង់ប្រាក់រាប់រយលានដុល្លារដោយសារចូលរួមជាមួយអាមេរិក ដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងដែលជាមហាមិត្តប្រវត្តិសាស្រ្តរបស់ខ្លួន៕   

Share

ព័ត៌មានទាក់ទង

Image