en     km
en     km

ក្រសួងព័ត៌មានហាមការផលិត និងចាក់ផ្សាយចម្រៀងភាពយន្តដែលយកគ្រឿងស្រវឹងដោះស្រាយវិបត្តិ

Share

ភ្នំពេញ៖ ក្រសួងព័ត៌មានបានដាក់ចេញនូវបម្រាម ដោយមិនអនុញ្ញាតឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ម្ចាស់ក្រុមហ៊ុនផលិតកម្មភាពយន្ត និងវីដេអូទាំងអស់ ផលិត និងចាក់ផ្សាយបទចម្រៀង ខារ៉ាអូខេ និងភាពយន្ត ដែលយកគ្រឿងស្រវឹកធ្វើជាគុណសម្បត្តិដោះស្រាយវិបត្តិបំភ្លេចទុក្ខកង្វល់ ដែលប្រការធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ  និងអាកប្បកិរិយាយុវជន និងសង្គម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី០៧ ឧសភា ម្សិលមិញ។

ក្រសួងព័ត៌មានឱ្យដឹងថា កន្លងមកម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍មួយចំនួនបានចាក់ផ្សាយបទចម្រៀង ភាពយន្ត ដែលបានបង្ហាញពីតួអង្គមានវិបត្តិផ្លូវចិត្ត ពិសេសក្នុងស្រទាប់យុវវ័យដែលមានវិបត្តិស្នេហាបានជ្រើសយកការប្រើប្រាស់គ្រឿងស្រវឹងដើម្បីដោះស្រាយវិបត្តិ។ ប្រការនេះក្រសួងថា វាបានជះឥទ្ធិពលអាក្រក់ដល់សង្គម ធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋាននៃការគិតពិចារណារបស់យុវវ័យដែលអាចឈានទៅការប្រើប្រាស់គ្រឿងញៀន ការប្រើអំពើហិង្សាជាដើម។

ដើម្បីចៀសវាងផលអវិជ្ជមាននេះ ក្រសួងព័ត៌មានសូមណែនាំដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ផលិតកម្មទាំងអស់ សូមផលិតផលិតផលរបស់ខ្លួនដោយបង្ហាញពីវិធីដោះស្រាយវិបត្តិសមស្រប ការអប់រំផ្លូវចិត្ត ការតាំងសមាធិជាមធ្យោបាយដោះស្រាយបញ្ហា ជាជាងប្រើប្រាស់រូបភាពគ្រឿងស្រវឹងជាមធ្យោ បាយដោះស្រាយបញ្ហា៕

Share

ព័ត៌មានទាក់ទង

Image