en     km
en     km

ស្ថានតំណាងកម្ពុជាជួយពលរដ្ឋខ្មែរ២១នាក់ចាញ់បោកមេខ្យល់ទៅធ្វើការនៅក្រៅប្រទេស

Share

ក្រសួងការបរទេសកម្ពុជាបានជូនដំណឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានជួយអន្ដរាគមពលរដ្ឋខ្មែរដែលចាញ់បោកមេខ្យល់នាំទៅរៀបការ និងធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស។

នៅក្នុងលិខិតដែលចុះនៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៨ របស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ពលករ-ពលការិនី ខ្មែរចំនួន ១៥នាក់ ដែលមាននារី ១៤នាក់ មកពីខេត្តកណ្ដាល កំពត ក្រចេះ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងពោធិ៍សាត់ បានទៅធ្វើការដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី។

ពលករ-ពលការិនីទាំង ១៥នាក់នោះ បានមកដល់កម្ពុជាវិញ ជាបន្ដបន្ទាប់ ចន្លោះពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៨។

ដោយឡែកចំពោះស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ ប្រទេសវៀតណាម បានរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្ដីខ្មែរ ចំនួន ៦នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតបម្រុងយកទៅរៀបការជាមួយបុរសជនជាតិចិន។

ស្រ្ដីរងគ្រោះទាំងនោះ មកពីខេត្តកណ្ដាល កំពង់ចាម កោះកុង និងក្រចេះ ត្រូវបានមេខ្យល់នាំធ្វើដំណើរពីភ្នំពេញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ហើយបានទៅដល់អាកាសយានដ្ឋានអន្ដរជាតិ តាន់សឺញឹត ទីក្រុងហូជីមិញ នៅយប់ថ្ងៃទី២៦ ខែមេសា បម្រុងបន្ដដំណើរទៅប្រទេសចិនតែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខេត្តតៃនិញ ប្រទេសវៀតណាម ជួយសង្រ្គោះទាន់ពេល។

ស្ថានអគ្គកុងស៊ុល បានផ្ដល់កន្លែងស្នាក់នៅនិងអាហារបរិភោគ ហើយជូនស្រ្ដីខ្មែរទាំង ៦នាក់ ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១៨ តាមច្រកទ្វារព្រំដែនអន្ដរជាតិបាវិត និងបានប្រគល់ជូនអាជ្ញាធរកម្ពុជាចាត់ចែងបន្ដ៕

 

Share

ព័ត៌មានទាក់ទង

Image