en     km
en     km

ក្រសួងការងារនឹងទូទាត់ប្រាក់ជូនកម្មករ ដែលថៅកែរត់ចោលឲ្យអស់ក្នុងខែឧសភា(មានសំឡេង)

Share

ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីដើមខែឧសភា កន្លងទៅនេះ បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា ក្រសួងនឹងប្រឹងប្រែងទូទាត់សំណងជូនកម្មករ កម្មការិនី ក្នុងរោងចក្រដែលនៅសេសសល់ ០៥ទៀត ឲ្យចប់ក្នុងអំឡុងខែឧសភានេះ។ ជុំវិញរឿងនេះ សហជីពសារទរចំពោះកិច្ចខិតខំប្រឹងប្រែរបស់រដ្ឋាភិបាល តែសំណូមពរឲ្យពង្រឹងការអនុវត្ដច្បាប់ចំពោះនិយោជក។ លោក លៀ ស៊ីណា រាយការណ៍ ៖

កម្មារិនីចេញពីរោងចក្រម្តុំទួលសង្កែសម្រាកហូបអាហារថ្ងៃត្រង់។រូបភាព៖លោក លៀ ស៊ីណា

កាលពីចុងខែកុម្ភៈ កន្លងទៅ ប្រមុខដឹកនាំរដ្ឋាភិបាល បានបញ្ចេញប្រាក់បុរេប្រទានប្រមាណជាង ៤លានដុល្លារ ដើម្បីបើកជូន កម្មករ កម្មការិនី នៅរោងចក្រចំនួន ០៩ ដែលត្រូវបានចៅកែរត់ចោល។ កាលពីមុនចូលឆ្នាំខ្មែរ ក្រសួងការងារ បានទូទាត់ប្រាក់សំណងជូន កម្មករ កម្មការិនី បានចំនួន ២៥៤២នាក់ មកពី ០៤ រោងចក្រ ហើយនៅសល់ ០៥រោងចក្រទៀត។

ជុំវិញរោងចក្រដែលនៅសេសសល់នេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨ លោក អ៊ិត សំហេង រដ្ឋមន្រ្ដី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្រសួងកំពុងប្រញាប់ប្រញាល់រៀបចំឯកសារអតីតភាពការងាររបស់ កម្មករ កម្មការិនី នៅរោងចក្រទាំង ០៥ នោះ ដើម្បីធ្វើយ៉ាងណាទូទាត់ប្រាក់ពួកគេឲ្យអស់នៅក្នុងខែឧសភានេះ។ លោករដ្ឋមន្រ្ដីបញ្ជាក់ថា ការងារនេះត្រូវអួសបន្លាយរយៈពេលយូរ ដោយសារតែឯកសារមួយចំនួនបានបាត់ក្រោយពីថៅបានរត់។ ដូច្នេះក្រសួងត្រូវចំណាយពេលស្រាវជ្រាវឯកនោះឡើងវិញ ប្រកបដោយតម្លាភាព និងច្បាស់លាស់ ។

លោក អ៊ិត សំហេង ៖«នៅសល់ ០៥ទៀត ប៉ុន្ដែរឿងនេះគឺសំខាន់ការផ្ទៀងផ្ទាត់បញ្ជី​ ចំនួនទឹកប្រាក់ និងឯកសារនានាដែលបងប្អូននឹងត្រូវទទួលបាន។ ឲ្យវាពិតប្រាកដ និងតម្លាភាព ព្រោះថា មានការណីខ្លះរឿងហ្នឹងវាអួសបន្លាយមកយូរដែរហើយ អញ្ចឹងទេវាបាត់ឯកសារ ដល់អញ្ចឹងយើងត្រូវប្រមូលវាឡើងវិញ។ ការចាយវាយថវិកាវាមិនអាចប្រថុយប្រថានបានទេ ត្រូវតែច្បាស់លាស់ដើម្បីអាច និងមានការទូទាត់តាមបែបគណនេយ្យភាពបាន ហើយយើងនឹងខិតខំធ្វើយ៉ាងណាឲ្យក្នុងអំឡុងមួយខែទៀតនេះឲ្យអស់ »។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមីនា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់បុរេប្រទានចំនួនជាង ៤លាន ៥សែនដុល្លារ សម្រាប់ទូទាត់ ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ជូនកម្មករ និយោជិត  ប្រមាណជាង ៤ពាន់ ១៤៧នាក់ នៅរោងចក្រចំនួន ០៩ ដែលមាននៅរាជាធានីភ្នំពេញចំនួន ៥ ខេត្ដកណ្ដាលចំនួន ០១ និងខេត្ដកំពង់ស្ពឺចំនួន ០៣។ ក្រោយពីក្រសួង ទូទាតប្រាក់ឈ្នួល និងប្រាក់អត្ថ​ប្រយោជន៍ផ្សេងៗជូនកម្មករ កម្មការិនី រួចរាល់ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ នឹងចុះឈ្មោះរកការងារថ្មី ជូនកម្មករ និយោជិត ដែលបាត់បង់ការងារ។

ទាក់ទិនរឿងនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានបង្ហាញការយល់ឃើញថា នេះជាទង្វើល្អ ដែលបង្ហាញពីការយកចិត្ដទុកដាក់ និងគិតគូរ ពីផលលំបាករបស់កម្មករ កម្មការិនី ដែលត្រូវក្រុមថៅកែរត់ចោល។ ករណីនេះ លោក ប៉ាវ ស៊ីណា ទទូចថា បើសិនជារដ្ឋបង្កើត យន្ដការណ៍បែបនេះ ទៅមុខគឺជារឿងល្អ ដែលអាចធ្វើឲ្យ កម្មករ កម្មការិនី មានភាពកក់ក្ដៅក្នុងការបំពេញការងារ។ លើសពីនេះលោកយល់ថា រាជរដ្ឋាភិបាលគួរតែធ្វើយ៉ាងណាឲ្យក្រុមនិយោជកដែលមករកស៊ីនៅកម្ពុជា មានកញ្ចប់ថវិកាតម្កល់ជាក់លាក់ ដើម្បីបង្ការបញ្ហាក្រោយពេលដែលថៅកែ រត់ចោលកម្មករ កម្មការិនី។

យ៉ាងណាក្រសួងការងារ បានអះអាងថា ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬតំណាងក្រុមហ៊ុន ដែលបានរត់ចោលកម្មករ ក៏ដូចជាបុគ្គល ដែលជាអ្នកផ្តល់ការណែនាំបែបទុច្ចរិតដូច្នេះ ដល់ថៅកែរោងចក្រ ឲ្យប្រើវិធីសាស្រ្តបិទទ្វារ រត់ចោលកម្មករ ពួកគេ នឹងត្រូវប្រឈមុខចំពោះផ្លូវច្បាប់៕

Share

ព័ត៌មានទាក់ទង

Image