en     km
en     km

វេណេហ្សូអេឡា៖EU និងអាមេរិកប្រកាសមិនទទួលស្គាល់ការបោះឆ្នោតថ្ងៃ ២០ឧសភា(មានសំឡេង)

Share

ការបោះឆ្នោតប្រធានាធិបតីវេណេហ្សអេឡាដែលធ្វើឡើងនៅថ្ងៃទី ២០ឧសភានេះ មិនមានអ្នកសង្កេតការណ៍មកពីសហភាពអឺរ៉ុប អាមេរិក អង្គការសហប្រជាតិ ក្រុមប្រទេសម្ព័ន្ធភាព Lima  ចូលរួមឃ្លាំមើលនោះទេ។ ការបោះឆ្នោតដែលប្រឈមនឹងភាពមិនស្របច្បាប់នេះ ពុំមានបក្សប្រឆាំងចូលរួមដែរ។ តែបែបនេះក្ដី លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីថ្លែងប្រាប់អ្នកគាំទ្រលោកក្នុងអំឡុងឃោសនាបោះឆ្នោតនេះថា ការបោះឆ្នោតនេះប្រៀបបាននឹងសង្រ្គាមសេដ្ឋកិច្ច ប្រឆាំងពួកលោកខាងលិច។ លោកបានទទូចសុំពលរដ្ឋចេញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាទោះជាត្រូវជ្រើសបេក្ខជនណាក៏ដោយ។ តែសម្រាប់បក្សប្រឆាំងប្រកាសអោយពលរដ្ឋកុំទៅបោះឆ្នោត។

 អ្នកស្រី កឹម សុគន្ធី ជូនសេចក្ដីប្រែសម្រួល៖

សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងសមាជិកនៃសម្ព័ន្ធភាពអាមេរិកឡាទីន មាន ១៦ប្រទេស បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតី ថ្ងៃទី ២០ឧសភា ដោយចាត់ទុកថា ធ្វើឡើងមិនស្របនឹងប្រជាធិបតេយ្យខណៈអវត្តមានបក្សប្រឆាំង។

សេចក្ដីថ្លែងការណ៍របស់សមាជិកសភាសហភាពអឺរ៉ុប ដែលស្រង់មកចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP បានអោយដឹងថា សមាជិកសភា ៤៩២ បានចូលរួមប្រជុំដោយអនុម័តលើសលុបអោយមានការពន្យារការបោះឆ្នោតដោយព្រមានថា ការបោះឆ្នោតនេះនឹងមិនទទួលស្គាល់ថា មិនបានធ្វើឡើងស្របតាមឆន្ទៈរ​បស់ពលរដ្ឋនោះទេ។ 

សភាសហភាពអឺរ៉ុបបានហៅការបោះឆ្នោតនេះ ធ្វើឡើងចំពេលប្រទេសធ្លាក់ក្នុងវិបត្តិនយោបាយ និងសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ។

ចណែកឯអាមេរិក ដែលតំណាងដោយអនុប្រធានាធិបតី Mike Pence បានព្រមានថា បើការបោះឆ្នោត អាចធ្វើទៅបាន គឺសហរដ្ឋអាមេរិកនឹងពិចារណា ការដាក់ទណ្ឌកម្ម ថ្មីៗទៀត តាមដែលអាចធ្វើបាន ដើម្បីបង្ខំអោយមានការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោកអនុប្រធានាធិបតីសន្យា ចងក្រងសម្ព័ន្ធភាពដើម្បី ប្រឆាំងការបោះឆ្នោតនេះ។

ជាមួយគ្នានេះ សម្ព័ន្ធភាព Lima នៃប្រទេសអាមេរិកឡាទីន មាន ១៦ ក្នុងនោះមានប្រទេស

ប្រេស៊ីល មីស៊ិក អាហ្សង់ទិន ឈីលី កូឡំប៊ី ប៉េរ៉ូ ប៉ាណាម៉ា កាណាដា បានសន្យារួមគ្នាមិនទទួលស្គាល់ការបោះឆ្នោតនោះទេ។  ប្រទេសទាំងនេះ បានទាមទារអោយដោះលែងអ្នកទោស នយោបាយ ហើយថា ការបោះឆ្នោតត្រូវតែមានគណបក្សប្រឆាំង។

ក្រុមគណប​ក្សប្រឆាំងធំជាងគេ ដែលធ្លាប់គ្រប់គ្រងសភា គឺគណបក្ស ឪកម្លាំងប្រជាធិបតេយ្យ រួបរួម (MUD) បានអំពាវនាវ អោយពលរដ្ឋ វេណេហ្សូអេឡាកុំទៅបោះឆ្នោត ដោយក្រុមនេះចាត់ទុកថា ជាល្បែងពង្រីកអំណាចរបស់បក្សសង្គមនិយមរបស់លោកប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ។

ក្រុមបក្សប្រឆាំងនេះ ត្រូវបានលោកម៉ាដូរ៉ូកំចាត់ពីប្រទេស បន្ទាប់ពូសភារបស់ពួកគេត្រូវបានរំលាយតាមរយៈការបោះឆ្នោតសភាធម្មនុញ្ញកាលពីថ្ងៃទី ៣០ កក្កដា ឆ្នាំ ២០១៧។  

វេណេហ្សូអេឡា ជាប្រទេសផលិតប្រេងឆៅដ៏ធំមួយនៅលើពិពភពលោក។ ផលិតផលប្រេង របស់ប្រទេសនេះនាំចេញទៅទីផ្សារអឺរ៉ុបនិងអាមេរិក។ ប្រទេសនេះ កំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ដោយបណ្ដាលអោយពលរដ្ឋជាច្រើនម៉ឺននាក់ចំណាកស្រុក ទៅប្រទេសជិតខាង។

លោកប្រធានាធិបតីម៉ាដូរ៉ូបានថ្លែងទៅកាន់អ្នកគាំទ្រ លោកថា ការបោះឆ្នោត ប្រធានាធិបតីថ្ងៃទី២០ឧសភា ប្រៀបបាននឹងសង្រ្គាម សេដ្ឋកិច្ច​មួយប្រឆាំងអាមេរិកនិងសម្ព័ន្ធភាព។ លោកសង្ឃឹមថា ការបោះឆ្នោតនេះនឹងនាំអោយសេដ្ឋកិច្ច វេណេហ្សូអេឡាមានស្ថិរភាពឡើងវិញ។

អ្នកសង្កេតការណ៍ បានព្យាករណ៍ថា ការបោះឆ្នោតដែលពោរពេញដោយការបង្ខិតបង្ខំ និងទិញទឹកចិត្តពលរដ្ឋនឹងនាំអោយលោកម៉ាដូរ៉ូបន្តកាន់អំណាចរយៈពេល៦ឆ្នាំទៀត ៕  

Share

ព័ត៌មានទាក់ទង

Image