en     km
en     km

រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តដល់ការវិនិយោគមិនបំពុលទឹកសមុទ្រ

Share

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានលើកទឹកចិត្តដល់ការវិនិយោគថ្មីៗក្នុងវិស័យ ទេសចរណ៍ទាំងនៅទីក្រុង តាមបណ្តាលខេត្ត ជាពិសេសនៅតំបន់ជាប់មាត់សមុទ្រ។ តែយ៉ាងណាលោករដ្ឋមន្រ្តីបានដាស់តឿនដល់មន្រ្តីក្រោមឱវាទ ត្រូវពិនិត្យដោះស្រាយប្រព័ន្ធបង្ហូរលូទឹកកខ្វក់របស់ម្ចាស់អាជីវកម្មក្នុងតំបន់ទេសចរណ៍ទាំងនោះ ដើម្បីធានារក្សាគុណភាពទឹក និងរក្សាតំបន់ឆ្នេរនៅខេត្តព្រះសីហនុ។

ការជំរុញលើកទឹកចិត្តនេះ ធ្វើឡើង ក្នុងកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋ អាជ្ញាធរខេត្តព្រះសីហនុ និងក្រុមហ៊ុនវិនិយោគចំនួន ២៤ មកពីខេត្តព្រះសីហនុ នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី០២ ខែឧសភា។

នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តីបានសង្កេតធ្ងន់លើអាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុទាំងអស់ត្រូវយកចិត្តទុកដាក់តាមដានប្រព័ន្ធបង្ហូរទឹករបស់ប្រតិបត្តិករទេសចរទាំងអស់ រួមមានសណ្ឋាគារ រមណីយដ្ឋានផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងតូបរបស់អាជិវករទាំងអស់ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសោភ័ណភាពទីក្រុង។

ជាមួយគ្នានេះ លោក សាយ សំអាល់ សំណូមពរដល់បណ្តាក្រុមពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមធ្វើយ៉ាងណាឱ្យមានការកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងការលើកកម្ពស់ និងកែប្រែគុណភាពទឹកអោយមានភាពប្រសើរឡើង។

សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពីកិច្ចគាំពារបរិស្ថានក្នុងខេត្តព្រះសីហនុបរិស្ថានរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីបញ្ហាការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រពីបណ្តាសណ្ឋាគារ រមណីយដ្ឋាន តំបន់ពាណិជ្ជកម្មតាមបណ្តោយឆ្នេរសមុទ្រស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ បានដាក់ចេញនូវចំនុចមួយចំនួន ដូចជាការជំរុញឱ្យមានការរៀបចំប្រព័ន្ធលូទឹកភ្លៀង និងលូទឹកស្អុយដាច់ដោយឡែកពីគ្នា រួមទាំងការស្តារអូរធម្មជាតិឡើងវិញ ដើម្បីធានាលំហូរទឹកជាប្រក្រតីទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំងការកំណត់ទីតាំងដីចំណីមាត់អូរធម្មជាតិផងដែរ។

អង្គប្រជុំបានស្នើឱ្យមន្រ្តីជំនាញពាក់ព័ន្ធអាជ្ញាធរ បង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មទាំងអស់ បំពាក់នូវអាងប្រព្រឹត្តិកម្មទឹកកខ្វក់ សម្រាប់ធ្វើការសំអាត និងមានការឆ្លើយតបកម្រិតកំណត់ស្តង់ដាបញ្ចេញចោល មុននឹងបង្ហូរចូលអូរធម្មជាតិ ចុងក្រោយគឺចូលសមុទ្រ។ ជាងនេះទៀតអង្គប្រជុំ ក៏កំពុងស្វែងរកការគាំទ្រជាថវិការរួមសម្រាប់រៀបចំអាងប្រព្រឹត្តិកម្មពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធផងដែរ៕

Share

ព័ត៌មានទាក់ទង

Image