en     km
en     km

កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥ នៅប្រទេសចិន

Share

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកម្ពុជាបានចេញសេចក្ដីជូនដំណឹងដល់ពាណិជ្ជករ និងអាជីវករទាំងអស់ឲ្យបានជ្រាបថា កម្ពុជានឹងត្រូវធ្វើជាប្រទេសកិត្តិយសក្នុងការចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្ដរជាតិ ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយកាលពីថ្ងៃទី ០១ ខែឧសភា ២០១៨ បញ្ជាក់ថា ក្នុងនាមជាប្រទេសកិត្តយសនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ កម្ពុជា នឹងរៀបចំនូវកម្មវិធីសំខាន់ៗមួយចំនួន។

កម្មវិធីទាំងនោះរួមមាន៖

១.រៀបចំពន្លាជាតិកម្ពុជា និងតាំងបង្ហាញផលិតផលខ្មែរ

២.រៀបចំដំណើរទស្សនកិច្ចពាណិជ្ជកម្មនៅតាមបណ្ដាក្រុមហ៊ុន សហគ្រាស និងចូលរួមវេទិកាធុរកិច្ច និងវិនិយោគផ្សេងៗ នៅក្នុងប្រទេសចិន

៣.រៀបចំវេទិកាស្ដីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ចិន-លើកទី៣ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៨

៤.រៀបចំវេទិកាធុរកិច្ច និងវិនិយោគ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា MOU និងកម្មវិធីជំនួបពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញពាណិជ្ជករ និងអាជីវករទាំងអស់ដែលមានបំណងចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ ឬមានគម្រោងស្វែងរកដៃគូវិនិយោគ ​ឬត្រូវចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូររបស់ខ្លួ​ន មេត្តាប្រញាប់រួសរាន់មកបំពេញបែបបទ និងផ្ញើគម្រោងរបស់ខ្លួនមក ​នាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ជាកំហិត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង នាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ៖ ដីឡូត៍លេខ លេខ ១៩ ទៅ៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទូរស័ព្ទទាក់ទង៖ 017 759 567 ឬ 086 333 933 ឬ 012 600 778 ឬ 095 929 192 ឬ 017  559 277 ៕

Share

ព័ត៌មានទាក់ទង

Image