en     km
en     km

សាលារៀន​មួយ​ចំនួន​ក្នុង​ខេត្ដបន្ទាយមានជ័យ​ ទំ​ង​នឹង​បិទទ្វារ​បណ្ដោះអាសន្ន​ប្រសិនបើ​ភ្លៀង​នៅ​តែ​បន្ដ​ធ្លាក់​

Share

​ភ្នំពេញ​ ៖​ ទឹកភ្លៀង​នៅ​តែ​បន្ដ​ធ្លាក់​ក្នុង​ខេត្ដបន្ទាយមានជ័យ​ រហូត​ក្លាយជា​ជំនន់​ទឹកភ្លៀង​ ដែល​បង្ក​ឲ្យ​ដាច់​ទំនប់​ និង​លិច​ផ្លូវ​ រាំងស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​របស​សិស្សានុសិស្ស​ទៅ​សាលា​។​ ប្រធាន​មន្ទីរ​អប់រំ​ខេត្ដ​បន្ទាយ​ជ័យ​ ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​អំឡុង​ ២​ ឬ​៣​ថ្ងៃ​ទៀត​ ប្រសិនបើ​ភ្លៀង​នៅ​តែ​បន្ដ​ធ្លាក់​ មន្ទីរ​នឹង​ចេញ​ប្រកាស​ជា​ផ្លូវការ​ឲ្យ​សិស្ស​ឈប់​សម្រាក​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ ក្នុង​អំឡុង​ទឹក​លិច​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

 

​ភ្លៀង​បាន​ធ្លាក់​យ៉ាងច្រើន​នៅ​តាម​បណ្ដា​ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុង​នោះ​ខេត្ដបន្ទាយមានជ័យ​ហាក់​រង​គ្រោះ​ដោយ​ទឹកភ្លៀង​ខ្លាំង​ជាងគេ​។​ គិត​ពី​ថ្ងៃ​ទី​២៨​ ខែមេសា​មក​ ភ្លៀង​បាន​ធ្លាក់​យ៉ាងតិច​ណាស់​ ៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។​ ឥទ្ធិពល​ទឹកភ្លៀង​បាន​ជន​លិច​បណ្ដាល​ឲ្យ​ដាច់​ទំនប់​ (​ស្ដេច​)​ ដែល​មាន​ប្រវែង​ជាង​ ១០​ម៉ែត្រ​ កសាង​ឡើង​ពី​សម័យ​សង្គម​ ស្ថិត​ក្នុងភូមិ​ស្ដៅ​ ឃុំ​ គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្ដ​បន្ទាយ​ជ័យ​។​ ក្រៅពី​នេះ​ផ្លូវ​មួយ​ចំនួន​ ក្នុងស្រុក​ម៉ា​ឡៃ​ និង​ស្រុក​ថ្មពួក​ក៏​ត្រូវ​ជន​លិច​ដោយ​ទឹកភ្លៀង​ផង​ដែរ​។​

​ជំនន់​ទឹកភ្លៀង​បាន​ក្លាយជា​ឧបសគ្គ​សម្រាប់​សិស្សានុសិស្ស​ ធ្វើ​ដំណើរ​ទៅ​កាន់​គ្រឹះស្ថានសិក្សា​។​ លោក​ ឈូ​ ប៊ុ​ន​រឿង​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្ដបន្ទាយមានជ័យ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​០៣​ ខែឧសភា​នេះ​ថា​ រហូត​មក​ដល់​ថ្ងៃនេះ​ ស្ថានភាព​អាកាសធាតុ​ហាក់​មិន​ទាន់​ល្អ​ប្រសើរ​នៅឡើយ​ទេ​។​ លោក​ថា​ ទឹកបាន​លិច​លើ​ផ្លូវ​មួយ​ចំនួន​ក្ដី​ ក៏​ប៉ុន្ដែ​ទឹក​ មិន​ទាន់​ជន់​ដល់​ថ្នាក់​លិច​សាលា​នោះ​ទេ​ វា​គ្រាន់តែ​បង្ក​ផល​លំបាក​សម្រាប់​ធ្វើ​ដំណើរ​ទៅ​សាលា​តែ​ប៉ុណ្ណោះ​ ៖«​វា​មិន​ទាន់​ដល់​មានការ​លិច​ដែរ​ថា​ លិច​សាលារៀន​អី​ទេ​ គ្រាន់តែ​ថា​វា​បញ្ហា​គឺ​ ការ​ដែល​ធ្វើ​ដំណើរ​ទៅ​រៀន​ តែបើ​ថា​ ដល់​ថ្នាក់​លិច​ គឺ​មិន​ទាន់​មាន​របាយការណ៍​ណា​ថា​ លិច​នោះ​ទេ​»​។​

​បើ​ទោះជា​សិស្ស​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ក្ដី​ តែ​ប្រធាន​មន្ទីរ​អប់រំ​ ខេត្ដបន្ទាយមានជ័យ​ បញ្ជាក់​ថា​ នៅ​តែ​មាន​សិស្ស​ប្រមាណ​ជា​ ៦០​ភាគរយ​ទៅ​សិ​ស្សា​។​ លោក​បន្ដ​ថា​ មន្ទីរ​អប់រំ​ខេត្ដ​ នៅ​ពេល​នេះ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​ ឲ្យ​សាលារៀន​ ដែល​មានទឹក​លិច​ផ្លូវ​ លំបាក​សម្រាប់​សិស្ស​ធ្វើ​ដំណើរ​ទៅ​រៀន​ណាមួយ​ ឈប់​សម្រាក​បណ្ដោះអាសន្ន​នោះ​ទេ​ ដោយ​ត្រូវ​រង់ចាំ​មើល​ក្នុង​រង្វង់​ ២​ ឬ​ ៣​ថ្ងៃនេះ​សិន​ ៖«​រាល់​ថ្ងៃនេះ​ យើង​មិន​ទាន់​ចេញ​ជា​គោលការណ៍​ឲ្យ​សាលារៀន​ណា​សម្រាក​ទេ​។​ ដោយសារ​វា​គ្រាន់តែ​មាន​បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​វា​ពិបាក​ ប៉ុន្ដែ​បើ​ថា​ មាន​ភ្លៀង​ក្នុង​រយៈពេល​ឧតុនិយម​គេ​ និយាយ​ថា​ ភ្លៀង​នេះ​ប្រហែលជា​ យើង​អនុញ្ញាត​ឲ្យ​សម្រាក​ ដោយ​កាលណា​គាត់​មក​ គាត់​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ ព្រោះ​ទាក់ទង​និង​ការ​លង់ទឹក​អី​ជាដើម​»​។​

​លោក​ ឈូ​ ប៊ុ​ន​រឿង​ បញ្ជាក់​ថា​ ប្រសិនបើ​ភ្លៀង​បន្ដ​ធ្លាក់​ដូច​អ្វី​ដែល​ក្រសួង​ធនធាន​ទឹកបាន​ជូនដំណឹង​នោះ​ មន្ទីរ​អប់រំ​ខេត្ដ​ នឹង​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​សិស្ស​ដែល​រៀន​នៅ​សាលា​ស្ថិត​នៅ​តំបន់​មានទឹក​លិច​សម្រាក​ជា​បណ្ដោះអាសន្ន​បង្ការ​គ្រោះថ្នាក់​ផ្សេង​ ក្នុង​អំឡុង​ទឹក​លិច​។​ លោក​បន្ដ​ថា​ ប្រសិនបើ​ទឹក​លិច​អូស​បន្លាយពេល​យូរ​ មន្ទីរ​អប់រំ​ នឹង​រៀបចំ​វិ​ធនា​ការ​បន្ថែម​ពេលវេលា​សិក្សា​ឲ្យ​សិស្ស​ឲ្យ​ដើម្បី​រៀន​សង​ ពេល​ដែល​ទឹក​លិច​នេះ​។​

​ខេត្ដបន្ទាយមានជ័យ​ មាន​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន​ ៨១២​ ខ្នង​ រាប់​ពី​ថ្នាក់​ម​តេ​យ្យ​សិក្សា​ បឋម​សិក្សា​ អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​០២​ ខែឧសភា​ ក្រសួង​ធនធានទឹក​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​អាកាសធាតុ​ ចន្លោះ​ពី​ថ្ងៃ​ទី​០២​ ដល់​ថ្ងៃ​ទី​១១​ ខែឧសភា​ ថា​ ជ្រលង​សម្ពាធ​ទាប​កំពុង​បន្ដ​គ្របដណ្ដប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នឹង​នាំ​ឲ្យ​ខ្យល់​មាន​រយៈកំពស់​ ១៥០០​ម៉ែត្រ​ បក់​ពី​ទិសនិរតី​។​ ក្នុង​ចន្លោះ​ប៉ុន្មាន​ថ្ងៃនេះ​ ទឹកភ្លៀង​នឹង​នៅ​តែ​បន្ដ​ធ្លាក់​ក្នុង​ក្រប​ខណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​ ហើយ​បរិមាណ​ទឹកភ្លៀង​អាច​មាន​ចំនួន​ច្រើន​ បង្ក​ជា​ជំនន់​ទឹកភ្លៀង​ នៅ​តាម​បណ្ដា​រាជធានី​ ខេត្ដ​មួយ​ចំនួន​ ជា​ពិសេស​តំបន់​ទំនាប​កណ្ដាល​។​

​ដោយសារ​តែ​ឆ្នាំ​២០១៨​នេះ​ ភ្លៀង​ហាក់​ធ្លាក់​ញឹកញាប់​ លោក​ កែវ​ វី​ អ្នកនាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ មាន​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ពលរដ្ឋ​ ដែល​អាច​បង្ក​ឡើង​ ដោយ​បាតុភូត​ធម្មជាតិ​ផ្សេងៗ​ ដែល​មាន​ជា​អាទិ៍​ រន្ទះបាញ់​ជាដើម​។​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដោយសារ​រន្ទះបាញ់​ លោក​សំណូមពរ​ ដល់​ប្រជាពលរដ្ឋ​ កុំ​បន្ដ​ធ្វើ​ការងារ​នៅ​ហាលភ្លៀង​ ត្រូវ​រួត​រះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បិទ​ទូរស័ព្ទ​ ទូរទស្សន៍​ ឬ​ក៏​ច​ន្ដ​រ​អគ្គិសនី​៕

Share

ព័ត៌មានទាក់ទង

Image