ក្រុងវ៉ាស៊ីនតោន៖ នៅក្នុងពិធីស្បថចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក លោក Pompeo បានបង្ហាញពីគោលជំហររបស់ខ្លួនក្នុងការធ្វើកំណែទម្រង់ទៅលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ នេះបើយោងទៅតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។
លោករដ្ឋមន្ត្រីការបរទេសថ្មី នេះ បានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ចំពោះមុខរដ្ឋមន្ត្រីជាច្រើន។ លោកបានបេ្តជ្ញាសន្យាថា គោលនយោបាយថ្មីរបស់លោកគឺខុសគ្នាពីគោលនយោបាយរបស់លោក Rex Tillerson ដែលជាអតីតរដ្ឋមន្រ្តីការបរទេសដែលលោកដូណាល់ត្រាំ ទើបតែដកចេញពីតួនាទី។
អតីតប្រធាន CIA រូបនេះ បាននិយាយថា« ខ្ញុំចង់ឃើញក្រសួងការបរទេសអាមេរិក មានឥទ្ធិពលដូចកាលពីមុន ឬ ខ្លាំងជាងនេះ»។
សូមបញ្ជាក់ថា លោក Rex Tillerson ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ដកតួនាទីនេះ កាលពីចុងខែមីនា។ ការដកតំណែងនេះ ត្រូវបានអ្នកវិភាគបញ្ហាអន្តរជាតិបង្ហាញទស្សនៈថា លោកដូណាល់ ត្រាំ ដកអ្វីដែលខ្លួនមិនពេញចិត្ត៕