en     km
en     km

ខេត្ដ​ចំនួន​ ០៤​ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​ ជន​លិច​ដោយ​ទឹកភ្លៀង​

Share

ភ្នំពេញ​ ៖​ រយៈពេល​ ០៤​ខែ​ ដើមឆ្នាំ​ ២០១៨​នេះ​ មាន​ខេត្ដ​ចំនួន​ ០៤​ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​ បាន​ជន​លិច​ដោយ​ទឹកភ្លៀង​ ក៏​ប៉ុន្ដែ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះ​ទេ​ បើ​ទោះបីជា​បាន​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ក្ដី​។​ បើ​ទោះជា​ទឹកភ្លៀង​មិន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ និង​ផលដំណាំ​ក៏​ដោយ​ តែម​ន្ដ្រី​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ នៅ​តែ​បារម្ភ​ពី​គ្រោះថ្នាក់​ចំពោះ​ពលរដ្ឋ​ ដែល​អាច​បង្ក​ឡើង​ដោយ​បាតុភូត​ធម្មជាតិ​ ។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖​

 

​កាលពី​ចុង​ខែមេសា​ ក្រសួង​ធនធានទឹក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ នឹង​មាន​ភ្លៀង​កក់ខែ​កម្រិត​ពី​តិច​ទៅ​ច្រើន​ក្នុង​ខេត្ដ​ ដែល​មាន​ដូច​ជា​ ខេត្ដពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ ឧត្ដរមានជ័យ​ ព្រះ​វិហារ​ និង​ខេត្ដសៀមរាប​។​ ដោយឡែក​ខេត្ដ​ផ្សេងៗ​ទៀត​ ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​

​កាលពី​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៨​ ជំនន់​ទឹកភ្លៀង​បាន​ជន​លិច​បណ្ដាល​ឲ្យ​ដាច់​ទំនប់​ (​ស្ដេច​)​ ដែល​កសាង​ឡើង​ពី​សម័យ​សង្គមរាស្ដ្រនិយម​ ប្រវែង​ជាង​ ១០​ម៉ែ​ ស្ថិត​ក្នុងភូមិ​ស្ដៅ​ ឃុំ​ គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្ដ​បន្ទាយ​ជ័យ​។​ យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា​ ភ្លៀង​បាន​ធ្លាក់​រយៈពេល​ ៤​ថ្ងៃ​ជាប់ៗ​គ្នា​ ពោល​គឺ​តាំងពី​ថ្ងៃ​ទី​២៨​ ខែមេសា​ រហូត​ដល់​ថ្ងៃ​ទី​០១​ ខែឧសភា​ ទើប​បណ្ដាល​ឲ្យ​ទំនប់​នេះ​ដាច់​។​

​ជុំវិញ​ស្ថានភាព​ខេត្ដ​ដែល​ជន​លិច​ដោយ​ទឹកភ្លៀង​ លោក​ កែវ​ វី​ អ្នកនាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​០២​ ខែឧសភា​នេះ​ថា​ រយៈពេល​ ០៤​ខែ​ ដើមឆ្នាំ​២០១៨​ ភ្លៀង​កក់ខែ​បាន​ចាប់ផ្ដើម​ ធ្លាក់​ស្ទើរ​គ្រប់​ខេត្ដ​នៅ​ទូ​ទាំង​ប្រទេស​។​ ក៏​ប៉ុន្ដែ​ក្នុង​នោះ​មាន​ខេត្ដ​ចំនួន​ ០៤​ ដែល​ជន​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ច្រើន​ជាងគេ​ គឺ​ខេត្ដបាត់ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ និង​ខេត្ដព្រះវិហារ​។​ តែ​យ៉ាងណា​លោក​បញ្ជាក់​ថា​ បើ​ទោះជា​ខេត្ដ​ទាំង​ ០៤​នោះ​ ទទួល​រងទឹក​ភ្លៀង​ច្រើន​ជាងគេ​ក្ដី​ តែ​មិន​បង្ក​ឲ្យ​ខូចខាត​ដល់​ផលដំណាំ​របស់​ប្រជា​កសិករ​ឡើយ​ ។​

​លោក​ កែវ​ វី​ ៖«​ភាគច្រើន​នៅ​ក្នុង​បណ្ដា​ខេត្ដ​ជាប់​ព្រំដែន​ជាមួយ​ថៃ​ហ្នឹង​ វា​ជន​លិច​ ជន​អីហ្នឹង​ វា​លិច​ផ្ទះ​ លិច​ផលដំណាំ​ តែ​វា​អត់​មាន​ផល​ប៉ះពាល់​អី​ទេ​ ដោយសារ​ទឹក​វា​ហូរ​ធ្លាក់​ទៅ​តាម​ទំនាប​អី​ផ្សេងៗ​ ដែល​យើង​គិត​ថា​ វា​មិន​ទាន់​មាន​ផល​ប៉ះពាល់​ខ្លាំង​។​ គ្រាន់តែ​ថា​ បរិមាណ​ទឹកភ្លៀង​ធ្លាក់​ច្រើន​ វា​បង្ក​ឲ្យ​មានការ​ជន​លិច​ក្នុង​រយៈពេល​ខ្លី​»​។​

​ក្នុង​អំឡុង​ចុងខែ​ មេ​សា​ ដល់​ដើមខែ​ ឧសភា​នេះ​ ទឹកភ្លៀង​បាន​ធ្លាក់​ក្នុង​ខេត្ដ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​ ទាំង​ ០៤​នេះ​ យ៉ាងតិច​ណាស់​ ០៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ក៏​ប៉ុន្ដែ​អ្នកនាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ គិត​ថា​ វា​ជា​ចំនួន​តិច​នៅឡើយ​ទេ​ ពីព្រោះ​តែ​នេះ​គឺ​ត្រឹមតែ​ជា​ភ្លៀង​កក់ខែ​ចុងរដូវ​ប្រាំង​ប៉ុណ្ណោះ​។​

​លោក​ កែវ​ វី​ មាន​ប្រសាសន៍​បន្ដ​ថា​ ក្នុង​អំឡុង​ ០៤​ខែ​ ដើមឆ្នាំ​២០១៨​នេះ​ កម្រិត​ទឹកភ្លៀង​កក់ខែ​ គឺ​ប្រហាក់ប្រហែល​ទៅ​ឆ្នាំ​២០១៧​ ដែល​វា​មិន​មាន​បង្ក​គ្រោះថ្នាក់​ ឬ​នាំ​ឲ្យ​ខូចខាត​ដល់​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​
​វា​គឺ​ ជា​សញ្ញា​ល្អ​ ដែល​កសិករ​ មានទឹក​គ្រប់គ្រាន់​ក្នុង​ការ​បង្កបង្កើន​ផលដំណាំ​កសិកម្ម​។​

​តែ​យ៉ាងណា​បើ​ទោះបីជា​ ក្នុង​រដូវប្រាំង​ដើមឆ្នាំ​នេះ​ ស្ថានភាព​ទឹកភ្លៀង​មាន​អំណោយផល​យ៉ាងណា​ក្ដី​ អ្នកនាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ នៅ​តែ​មាន​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ពលរដ្ឋ​ ដែល​អាច​បង្ក​ឡើង​ ដោយ​បាតុភូត​ធម្មជាតិ​ផ្សេងៗ​ ដែល​មាន​ជា​អាទិ៍​ រន្ទះបាញ់​ជាដើម​។​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដោយសារ​រន្ទះបាញ់​ លោក​សំណូមពរ​ ដល់​ប្រជាពលរដ្ឋ​ កុំ​បន្ដ​ធ្វើ​ការងារ​នៅ​ហាលភ្លៀង​ ត្រូវ​រួត​រះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បិទ​ទូរស័ព្ទ​ ទូរទស្សន៍​ ឬ​ក៏​ច​ន្ដ​រ​អគ្គិសនី​។​

​សូម​ជម្រាប​ថា​ នៅ​ថ្ងៃ​ទី​០២​ ខែឧសភា​នេះ​ ក្រសួង​ធនធានទឹក​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​អាកាសធាតុ​ ចន្លោះ​ពី​ថ្ងៃ​ទី​០២​ ដល់​ថ្ងៃ​ទី​១១​ ខែឧសភា​ ថា​ ជ្រលង​សម្ពាធ​ទាប​កំពុង​បន្ដ​គ្របដណ្ដប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នឹង​នាំ​ឲ្យ​ខ្យល់​មាន​រយៈកំពស់​ ១៥០០​ម៉ែត្រ​ បក់​ពី​ទិសនិរតី​ ហើយ​រដូវ​ស្សា​នឹង​ចូល​មក​ដល់​ពេញលេញ​នៅ​ថ្ងៃ​ទី​០៥​ ខែឧសភា​។​

​សេចក្ដីជូនដំណឹង​បន្ដ​ទៀត​ថា​ ភ្លៀង​នឹង​នៅ​តែ​បន្ដ​ធ្លាក់​ក្នុង​ក្រប​ខណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​ បរិមាណ​ទឹកភ្លៀង​អាច​មាន​ចំនួន​ច្រើន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ នៅ​តាម​បណ្ដា​រាជធានី​ ខេត្ដ​មួយ​ចំនួន​ ជា​ពិសេស​តំបន់​ទំនាប​កណ្ដាល​។​ ក្រសួង​ធនធានទឹក​ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​គ្រប់ពេល​ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​ ព្រោះ​អាច​នឹង​មាន​ផ្គរ​ រន្ទះ​ បូក​រួម​និង​ខ្យល់​កន្ដ្រាក់​៕

Share

ព័ត៌មានទាក់ទង

Image