នៅក្នុងការស្វែងរកសន្លឹកឆ្នោតដែលមើលទៅដូចជាពិបាកជាងអាណត្តិមុនៗ ដោយសារបក្សប្រឆាំងហាក់មានការគាំទ្រ ខ្លាំងឡើងៗ ធ្វើអោយលោកនាយករដ្ឋមន្ត្រីណាជិព ខិតខំ បញ្ចេញសមត្ថភាពខ្លាំងជាងមុន ប្រយោជន៍អោយខ្លួនអាចកាន់អំណាចមួយអាណត្តិទៀត ដោយបានសន្យាថា នឹងដំឡើងប្រាក់ឈ្នួលជូនកម្មករ៥០ភាគរយ បើខ្លួនឈ្នះឆ្នោត។
ថ្លែងនៅក្នុងជំនួបមួយជាមួយកម្មករនៅក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា នាយករដ្ឋមន្ត្រីណាជិព បានសន្យាខ្លាំងៗដោយមានទំនុកចិត្តថាក្រុមគណបក្សកាន់អំណាច BN នឹងដំឡើង ប្រាក់ឈ្នួល ៥០ភាគរយស្មើនឹង១៥០០ ហ្រេហ្គិន ឬ ៣៨២ដុល្លារ បើBN ឈ្នះឆ្នោត ។
ប្រទេស ម៉ាឡេស៊ី នឹងបោះឆ្នោតសភា នៅថ្ងៃទី៩ឧសភា ដែលការបោះឆ្នោតនៅអាណត្តិមុន បក្សBN របស់លោកនាយករដ្ឋមន្ត្រីណាជិព បានធ្លាក់ការគាំទ្រជាខ្លាំង។ លោកណាជិព បាននិយាយថា ជាគោលការណ៍គឺប្រាំឆ្នាំម្ដងត្រូវពិនិត្យ លទ្ធភាពប្រាក់ឈ្នួលកម្មករឡើងវិញដែលលោកថាសម្រាប់អាណត្តិនេះ គឺចាំបាច់ត្រូវជួយបង្កើនប្រាក់ឈ្មួលដល់កម្មករនៅទូទាំងប្រទេស។
ស្របពេលនេះដែរ លោកណាជិព ក៏បានដាក់ចេញគោលការណ៍មួយទៀតអោយកម្មការិនី សម្រាកមាតុភាពបានរហូតដល់៩០ថ្ងៃដោយបូកបន្ថែមបីថ្ងៃទៀត។ ក្រៅពីនេះ បក្សកាន់អំណាច BN ក៏បានសន្យា ធ្វើអោយប្រសើរខ្លាំងទៀត លើវិស័យមួយចំនួននៃរបបសង្គមកិច្ច ដែលពាក់ព័ន្ធនឹងកម្មករ៕ ប្រភពៈCNA