en     km
en     km

អ្នកជំនាញព្រមានពីការបាត់បង់ភាពស្របច្បាប់ចំពោះការបោះឆ្នោតសភានៅចុងខែកក្កដា(មានសំឡេង)

Share

នៅសល់តែជាងបីខែទៀត ការបោះឆ្នោតសភា អាណត្តិថ្មីនឹងចូលមកដល់។ ស្របពេលនេះ ការចុះឈ្មោះគណបក្សនយោបាយ សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតក៏ជិតចាប់ផ្ដើមដែរ គឺនៅចុងខែមេសានេះ។ ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតបានប្រកាសស្វាគមន៍ការចុះបញ្ជីឈ្មោះ អ្នកសង្កេតការណ៍បោះឆ្នោត។ តែសម្រាប់អ្នកជំនាញកិច្ចការបោះ ឆ្នោតបានព្រមានពីហានិភ័យនៃប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលអ្នកបោះឆ្នោតអាចធ្វើពហិការមានចំនួនច្រើន ធ្វើអោយរដ្ឋាភិបាលប្រឈមមុខនឹងភាពស្របច្បាប់នៅលើឆាកអន្តរជាតិ។

បែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចចោទអ្នកជំនាញនេះថា មានជំហរលម្អៀងនយោបាយ។

អ្នកនាង អ៊ឹម សុខន រាយការណ៍លម្អិត ៖

អង្គការឃ្លាំមើលការបោះឆ្នោតមួយដ៏ធំនៅកម្ពុជា​ហៅកាត់ថា ខុមហ្វ្រែល បានព្រមានថា ការបោះឆ្នោតសភានៅចុងខែ កក្កដាឆ្នាំ២០១៨នេះ អាចនាំមកនូវការបាត់បង់ភាពស្របច្បាប់នៃរាជរដ្ឋាភិបាល ប្រសិនបើពលរដ្ឋធ្វើពហិការមិនទៅបោះឆ្នោតមានចំនួនច្រើន ស្របពេលបក្សប្រឆាំង ត្រូវបានហាមចូលរួមការបោះឆ្នោតទៀតនោះ។

នៅក្នុងវីដេអូឃ្លីបខ្លីមួយ ដែលបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃ សៅរ៍ ទី ៧មេសានេះ  លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលបានធ្វើការពន្យល់ជាច្រើនអំពីដំណើរការបោះឆ្នោតរបស់ប្រទេសមួយចំនួននៅលើពិភពលោក។ លោកពន្យល់ថា ប្រទេសខ្លះ​ ជាពិសេសប្រទេស ប្រកាន់ការដឹកនាំបែបបុគ្គលនិយម គេត្រូវធ្វើច្បាប់ចាប់បង្ខំអោយពលរដ្ឋខ្លួនចេញទៅបោះឆ្នោតដែលជាការតម្រូវទៅតាមអំណាចរបស់មេដឹកនាំនោះ។ តែប្រទេសខ្លះ មិនធ្វើការបង្ខិតបង្ខំពលរដ្ឋខ្លួននោះទេ គឺ អាស្រ័យលើឆន្ទៈរបស់ពលរដ្ឋប្រទេសនោះ ។តែយ៉ាងណាលោកព្រមានថា ទោះរូបភាពណាក៏ដោយក៏ប៉ះពាល់គោលការណ៍ប្រជាធិបតេយ្យដែរ បើប្រទេសនោះបំបាត់បក្សប្រឆាំងដ៏ធំមួយ ដែលពលរដ្ឋគាំទ្រជាខ្លាំងមិនអោយចូលរួមប្រជែងយកអាសនៈសភា។

ត្រង់ចំណុចនេះ នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានភ្ជាប់រឿងប្រទេសកម្ពុជា ដែលត្រូវបោះឆ្នោតសភានីតិកាលទី៦នៅចុងខែកក្កដា ឆ្នាំ ២០១៨នេះ។ លោកបានព្រមានថាបើការបោះឆ្នោតមិនមានបក្សសង្រ្គោះជាតិចូលរួមទេនោះ ហើយស្របពេលពលរដ្ឋភាគច្រើនធ្វើពហិការមិនចេញទៅបោះឆ្នោត គឺជាលទ្ធផលមួយគ្មានតម្លៃតាមផ្លូវប្រជាធិបតេយ្យនោះទេ។

លោកបន្តថា បើសហគមន៍អន្តរជាតិរួមនឹងអង្គការសហប្រជាជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅពេលនោះ គឺរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតរបៀបនេះមិនមានភាពស្របច្បាប់ឡើយ។ លោកព្រមានថា កម្ពុជាអាចធ្លាក់ក្នុងវិបត្តិមួយនៅចំពោះមុខសហគមន៍អន្តរជាតិ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃ​ទី ​៤  ខែ​មេសា​នេះ ​បានប្រកាស​រក​អ្នក​សង្កេត​ការណ៍​អន្តរជាតិ សម្រាប់ឃ្លាំមើលការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​ ៦ ឆ្នាំ​២០១៨នេះ ។ តែសេចក្ដីប្រកាសរបស់ គ.ជ.ប​ ហាក់ពុំទទួលបានការសាទរពីអង្គការឃ្លាំងការបោះឆ្នោតនៅកម្ពុជានោះទេ។  

​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ធំៗចំនួន​ពីរ ដែល​សកម្ម​ក្នុង​ការ​ឃ្លាំមើល​ការ​បោះឆ្នោត គឺ ​អង្គការ COMFREL និង​អង្គការ NICFEC ​មិនបានសាទរចំពោះការអំពាវនាវរបស់ គ.ជ.ប​ នោះទេ។ អង្គការទាំងពីរនេះ មិនបាន​សម្រេច​ថាតើ​នឹង​ត្រូវ​ចូលរួម​ ឬ មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខយ៉ាងណានោះទេ។ អង្គការ​ទាំងពីរចង់ឃើញការបោះឆ្នោតខាងមុខនេះ ធ្វើឡើងដោយមានវត្តមានគណបក្សប្រឆាំង។

យ៉ាងនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចបានហៅការព្រមានរបស់នាយកប្រតិបត្តិអង្គការខុមហ្វ្រែលថា ជាការបញ្ចេញជំហរខាងនយោបាយដោយមិនយល់អ្វីទៅជានីតិរដ្ឋរបស់កម្ពុជា។ លោក សុខ ឥសាន្ត ប្រាប់ទៅលោក គល់ បញ្ញា ថា អោយស្វែងយល់ថែមទៀតក្បួនខ្នាតរបស់ប្រទេសនីមួយៗ​ ។ លោកថា កុំធ្វើការសន្និដា្ឋនមុនសភាពការណ៍មកដល់។

ស្របពេលដែលការបោះឆ្នោតសភាជិតចូលមកដល់គេសង្កេតឃើញសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនបានជំរុញឱ្យបក្សកាន់អំណាចនៅកម្ពុជា បន្ទន់ជំហរហើយងាកទៅរកតុចរចាជាមួយបក្សប្រឆាំងឡើងវិញ ដើម្បីជាប្រយោជន៍នៃការទទួលស្គាល់ ភាពស្របច្បាប់នៃរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបនិងអាមេរិក អូស្ត្រាលី កាណាដា និងស៊ុយអ៊ែត រួមនឹងប្រទេស ៤០ទៀតក៏បានទាមទារឱ្យមានដំណោះស្រាយនយោបាយនេះដែរ។ ប៉ុន្តែបក្សកាន់អំណាចនៅកម្ពុជាអះអាងថា បក្សសង្រ្គោះជាតិ មិនអាចមានភាពស្របច្បាប់ទេ ព្រោះ​តុលាការកំពូលបានរំលាយហើយ។  តែយ៉ាងនេះ អ្នកសង្កេតការណ៍ឯករាជ្យបានធ្វើការព្រមានថា នឹងមានស្ថានភាពធ្ងន់ធ្ងរបើ អាមេរិកនិងសហភាពអឺរ៉ុបមានវិធានការដាក់ទណ្ឌកម្មមួយដំណាក់កាលទៀតនោះ ៕

 

Share

ព័ត៌មានទាក់ទង

Image