en     km
en     km

ជនសង្ស័យ​ សម្លាប់​ប្រពន្ធ​ និង​កូនដើម​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​

Share

​ភ្នំពេញ​ ៖​ បុរស​ជា​ជនសង្ស័យ​ ករណី​សម្លាប់​ប្រពន្ធ​ និង​កូនដើម​ចំនួន​ ០២​នាក់​ នៅ​ខេត្ដ​ត្បូងឃ្មុំ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ក្នុង​ខេត្ដឧត្ដរមានជ័យ​ ព្រំដែន​កម្ពុជា​-​ថៃ​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ សេង​ មិ​ អធិការរង​ស្រុក​ត្បូងឃ្មុំ​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​០៦​ ខែមេសា​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​សមត្ថកិច្ច​ខេត្ដ​ត្បូងឃ្មុំ​ បាន​សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ព្រមទាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ដឧត្ដរមានជ័យ​ បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ជ្រាំង​ ភូ​ នៅ​ភូមិ​ពោធិ​វង្ស​ សង្កាត់​បន្សាយ​រក្ស​ ក្រុង​សំរោង​ ខេត្ដឧត្ដរមានជ័យ​ ខណៈ​ជន​រូប​នោះ​សំងំ​លាក់ខ្លួន​ ទំនង​រង់ចាំ​ពេល​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​។​

​លោក​អធិការរង​ សេង​ មិ​ ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយ​ចាប់ខ្លួន​ ជនសង្ស័យ​ឈ្មោះ​ ជ្រាំង​ ភូ​ នេះ​ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ រូបគេ​បាន​រៀប​គម្រោង​សម្លាប់​ប្រពន្ធ​ និង​កូនប្រុស​ដើម​ទាំង​ពីរ​នាក់​នោះ​មែន​ ពីព្រោះ​តែ​ប្រពន្ធ​ និង​កូនដើម​របស់​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​ មិន​យកចិត្ដទុកដាក់​លើ​ខ្លួន​។​ ក្រៅពី​នេះ​ ជនសង្ស័យ​ឈ្មោះ​ ជ្រាំង​ ភូ​ ក៏​មាន​ទំនាស់​រឿង​កេរ្ដិ៍​មរតក​របស់​ប្រពន្ធ​ផង​ដែរ​។​ លោក​អធិការរង​ស្រុក​ត្បូងឃ្មុំ​ បញ្ជាក់​ថា​ ក្រោយ​សមត្ថកិច្ច​កសាង​សំណុំ​រួច​ហើយ​ ជនសង្ស័យ​រូប​នេះ​ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​។​ យោង​តាម​មាត្រា​ ២០០​ ក្នុង​ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជន​ប្រព្រឹត្ដ​នឹង​ត្រូវ​ផ្ដន្ទាទោស​អស់​មួយ​ជីវិត​។​

​សូម​រំរ​ឮ​កថា​ ជនសង្ស័យ​មានឈ្មោះ​ថា​ ជ្រាំង​ ភូ​ អាយុ​ ៤៥​ឆ្នាំ​ ត្រូវជា​ប្ដី​ក្រោយ​របស់​អ្នកស្រី​ ឃាន​ សុខ​លាន​ អាយុ​ ៤២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ដូង​ ឃុំ​ ថ្ម​ពេជ្រ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ដ​ត្បូងឃ្មុំ​ ។​ អ្នកស្រី​ ឃាន​ សុខ​លាន​ ជា​ស្ដ្រី​ម៉េ​ម៉ា​យ​មានកូន​ប្រុស​ចំនួន​០២​នាក់​ ម្នាក់​ឈ្មោះ​ ធឿ​ន​ វណ្ណៈ​ អាយុ​ ១៧​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ​ញ​មោះ​ ធឿ​ន​ ធា​រី​ អាយុ​ ១១​ឆ្នាំ​។​ អ្នកស្រី​ ឃាន​ សុខ​លាន​ បាន​សម្រេច​រៀប​ការ​ជាមួយ​ជនសង្ស័យ​ឈ្មោះ​ ជ្រាំង​ ភូ​ កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៧​។​

​ក្រោយ​ពី​បាន​រួមរស់​ជាមួយ​គ្នា​បាន​រយៈពេល​ ៦​ខែ​អ្នកស្រី​ ឃាន​ សុខ​លាន​ ក៏​មាន​ទម្ងន់​បាន​ ២​ខែ​ ក៏​ប៉ុន្ដែ​បុរស​ឈ្មោះ​ ជ្រាំង​ ភូ​ រូប​នេះ​ តែងតែ​ប្រចណ្ឌ​ស្ដ្រី​ជា​ប្រពន្ធ​ ហើយ​បដិសេធ​ ថា​ កូន​ក្នុង​ផ្ទៃ​របស់​ស្ដ្រី​រង​គ្រោះ​មិនមែន​ជា​កូន​របស់​ខ្លួន​។​ លើស​ពី​នេះ​ ជនសង្ស័យ​រូប​នេះ​ បាន​លួងលោម​អ្នកស្រី​ ឃាន​ សុខ​លាន​ ឲ្យ​យក​កូន​នោះ​ចេញ​ថែម​ទៀត​ផង​។​ ក្រៅ​តែ​ពី​ចង់​ឲ្យ​ប្រពន្ធ​យក​កូន​ចេញ​ ជនសង្ស័យ​ឈ្មោះ​ ជ្រាំង​ ភូ​ តែងតែ​រំអុក​ស្ដ្រី​រង​គ្រោះជា​ប្រពន្ធ​ ឲ្យ​ទិញ​ឡាន​ឲ្យ​ខ្លួន​ជិះ​ជា​រឿយៗ​ ក៏​ប៉ុន្ដែ​អ្នកស្រី​ ឃាន​ សុខ​លាន​ បាន​ដិ​សេ​ធ​ព្រោះ​ចង់​ទុក​លុយ​ដើម្បី​បម្រុង​ពេល​សម្រាលកូន​។​

​ភាព​មិន​ចុះសម្រុង​របស់​គូ​ស្វាមី​ ដែល​ទើប​រៀប​ការ​រួច​បាន​ ០៦​ខែ​នេះ​ បាន​ចេះ​តែ​បន្ដ​ជា​កើត​មាន​ រហូត​ដល់​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឈាន​ចូល​ថ្ងៃ​ទី​០១​ ខែមេសា​ ជនសង្ស័យ​ឈ្មោះ​ ជ្រាំង​ ភូ​ បាន​ឈ្លៀតឱកាស​ពេល​ដែល​ ប្រពន្ធ​ និង​កូនដើម​ទាំង​ពីរ​ កំពុង​ដេក​លក់​។​ បុរស​រូប​នេះ​ បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ប្រពន្ធ​ដែល​កំពុង​មាន​ទម្ងន់​ និង​កូនដើម​ទាំង​ពីរ​នាក់​ចំ​កញ្ចឹងក​ ស្លាប់​ដោយ​មិនដឹង​ខ្លួន​។​

​ជុំវិញ​ករណី​មនុស្សឃាតកម្ម​នេះ​ លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ បាន​ទទូច​សុំ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ បញ្ឈប់​ផ្នត់គំនិត​ដែល​គិត​ថា​ អំពើ​ហិង្សា​ជា​រឿង​ផ្ទៃក្នុង​គ្រួសារ​របស់​អ្នក​ដទៃ​បន្ដ​ទៀត​។​

​លោក​បន្ដ​ថា​ ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​តួនាទី​ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ និង​លុប​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដោយ​ការ​ឈឺឆ្អាល​ ផ្ដល់​ដំណឹង​ទៅ​កាន់​សមត្ថកិច្ច​ នៅ​ពេល​ដែល​ឃើញ​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​។​ លើស​ពី​នេះ​លោក​ អំ​ សំអាត​ ក៏​សំណូមពរ​ដល់​អាជ្ញាធរ​ទាំងអស់​ ឲ្យ​បង្កើន​ការ​យកចិត្ដ​ទុក​ក្នុង​ការ​ ការពារ​ជន​រង​គ្រោះ​ នៅ​ពេល​មាន​បណ្ដឹង​ណាមួយ​ទាក់ទង​និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ហើយ​ជា​ពិសេស​ គឺ​ត្រូវ​ចាប់​ជនល្មើស​ឲ្យ​បាន​ដើម្បី​យក​មក​ផ្ដន្ទាទោស​ ទុកជា​ការ​ព្រមាន​ដល់​ជន​ដទៃ​ទៀត​៕

Share

ព័ត៌មានទាក់ទង

Image