en     km
en     km

ស្ពាន​និង​ប្រាសាទបុរាណ​ សំខាន់ៗ​មួយ​ចំនួន​ នឹង​ត្រូវ​ជុស​ឡើង​វិញ​ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ​

Share

​ភ្នំពេញ​ ៖​ មន្ដ្រី​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សី​ល្បៈ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច​ ក្រសួង​គ្រោង​បញ្ចប់​ការ​ជុស​ជុល​ប្រាសាទបុរាណ​មួយ​ចំនួន​ ហើយនឹង​បន្ដ​ការ​ជុស​ជុល​ស្ពាន​បុរាណ​ រួម​ជាមួយ​ប្រាសាទបុរាណ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ប្រភពរូបភាពពី Freshnews

 

​ក្នុង​ឱកាស​ប្រគល់​ម៉ាស៊ីន​ព្រី​ន​ធ៍រ​ និង​កុំព្យូទ័រ​ ចំនួន​ ០២​គ្រឿង​ រួម​ទាំង​ថវិកា​ចំនួន​ ២​លាន​រៀល​ ជូន​ដល់​នាយកដ្ឋាន​នគរបាល​បេតិកភណ្ឌ​ នៃ​ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ នេះ​ លោក​ ប្រាក់​ សុ​ណ្ណា​រ៉ា​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សី​ល្បៈ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ថា​ ក្នុង​ឆ្នាំ​២០១៨​នេះ​ ក្រសួង​វប្បធម៌​ នឹង​បញ្ចប់​ដំណើរ​ជុស​ជុល​ប្រាសាទបុរាណ​មួយ​ចំនួន​ ហើយនឹង​បន្ដ​ជុស​ជុល​ស្ពាន​ និង​ប្រាសាទបុរាណ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ដែល​កំពុង​រង​ការ​ខូចខាត​។​

​លោក​ ប្រាក់​ សុ​ណ្ណា​រ៉ា​ បាន​ប្រាប់​បន្ដ​ទៀត​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ក្រសួង​វប្បធម៌​ នឹង​បញ្ចប់​ដំណើរការ​ជុស​ជុល​ទាំងស្រុង​ ប្រាសាទ​បា​សែត​ ដែល​ជា​ប្រាសាទបុរាណ​មាន​វ័យ​ចំណាស់​ ស្ថិត​ក្នុង​ខេត្ដបាត់ដំបង​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​០១​។​ ក្រោយ​ពី​បញ្ចប់​ការ​ជុស​ជុល​ប្រាសាទ​នេះ​ ក្រសួង​វប្បធម៌​ នឹង​ចាប់ផ្ដើម​ជុស​ជុល​ស្ពាន​ទ័ព​ ដែល​ជា​បុរាណ​មួយ​ ស្ថិត​ក្នុង​ខេត្ដ​ឧត្ដ​មាន​ជ័យ​ ក្រៅពី​នេះ​ក្រសួង​ក៏​នឹង​បន្ដសកម្មភាព​ជុស​ជុស​ប្រាសាទបន្ទាយឆ្មា​ ដែល​ជុស​កន្លង​មក​ហើយ​នោះ​បន្ថែម​ទៀត​។​ លោក​បញ្ជាក់​ថា​ ចំពោះ​ប្រាសាទបន្ទាយឆ្មា​នេះ​ គឺ​នឹង​ត្រូវ​ជុស​ជុស​ទៅ​តាម​ដំណាក់កាល​ ព្រោះ​ប្រាសាទ​នេះ​ មាន​កន្លែង​ជា​ច្រើន​ដែល​រង​ការ​ខូចខាត​។​

​លោក​ ប្រាក់​ សុ​ណ្ណា​រ៉ា​ ៖«​ប្រាសាទបន្ទាយឆ្មា​នេះ​ យើង​មិន​អាច​ធ្វើ​មួយ​ឆ្នាំ​ ឬ​២​ឆ្នាំ​ចប់​ទេ​។​ យើង​ចាបផ្ដើម​ធ្វើ​ជា​ច្រើន​ឆ្នាំ​ហើយ​ ដូច្នេះ​យើង​ធ្វើ​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ​ដោយសារ​ទំហំ​ នៃ​ប្រាសាទបន្ទាយឆ្មា​វា​ធំ​ ហើយ​ការ​ខូចខាត​របស់​យើង​ក៏​វា​ច្រើន​ដែរ​»​។​

​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សី​ល្បៈ​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ដ​ទៀត​ថា​ កាលពី​ឆ្នាំ​២០១៧​ មូលនិធិ​អង្គរ​ របស់​ក្រសួង​វប្បធម៌​ បាន​បញ្ចប់​ការ​ជុស​ជុល​ប្រាសាទបន្ទាយ​ទ័ព​ ស្ថិត​ក្នុង​ខេត្ដបន្ទាយមានជ័យ​ជា​ស្ថាពរ​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ក្រសួង​នឹង​បន្ដ​ជុស​ជុល​ប្រាសាទ​ព្រះ​សម្ដី​ ស្ថិត​ក្នុង​ខេត្ដ​ត្បូងឃ្មុំ​ ក៏​ដូច​ជា​ប្រាសាទ​ និង​ព្រះ​វិហារ​បុរាណ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

​លោក​ ប្រាក់​ សុ​ណ្ណា​រ៉ា​ ៖«​ប្រាសាទ​ព្រះ​សម្ដី​នេះ​ នឹង​ត្រូវ​ធ្វើការ​ជុស​ជុល​នៅ​ក្រោយ​ចូល​ឆ្នាំ​ ហើយ​ក្រៅពី​នេះ​ទៀត​យើង​បាន​ធ្វើការ​ជុស​ជុល​ព្រះ​វិហារ​បុរាណ​របស់​យើង​ គឺ​នៅ​វត្ដ​រង្សី​ ហៅ​ថា​ វត្ដ​ចិន​ដំ​ដែក​ខាងជើង​ ជិត​បញ្ចប់​ហើយ​ដែរ​ ហើយ​មួយទៀត​គឺ​ថវិកា​មូលនិធិ​ដែរ​ គឺ​កំពូល​សារពើសូត្រ​ នៃ​សារៈមន្ទីរ​ជាតិ​ភ្នំពេញ​ ហើយ​គឺ​ប្រាសាទ​មួយទៀត​នៅ​ខេត្ដព្រះវិហារ​ គឺ​ប្រាសាទ​បាកាន​»​។​

​សូម​ជម្រាប​ថា​ ចំពោះ​ថវិកា​ដែល​យក​មក​បម្រើ​ឲ្យ​ការ​ជុស​ជុល​ប្រាសាទបុរាណ​ឡើង​វិញ​នេះ​ គឺជា​ការ​ផ្ដល់​ដោយ​រាជរដ្ឋាភិបាល​ក្នុង​បំណង​ថែរក្សា​សម្បត្ដិ​បេតិកភណ្ឌ​ជាតិ​ឲ្យ​បាន​គង់វង្ស​។​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សី​ល្បៈ​ បញ្ជាក់​ថា​ ថវិកា​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ជូន​ក្រសួង​វប្បធម៌​ ក្នុង​កិច្ច​ជុស​ជុល​ប្រាសាទបុរាណ​ក្នុង​ឆ្នាំ​២០១៨​នេះ​ មានការ​កើនឡើង​ជាង​កាលពី​ឆ្នាំ​២០១៧៕​

Share

ព័ត៌មានទាក់ទង

Image