ក្រុងភ្នំពេញ៖ របាយការណ៍ផ្លួវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សំរាប់បំពេញបែបបទនាំចេញអង្ករ បានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០១៨ នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះប្រមាណ ៥ ពាន់ ៥៦៣ តោន ស្មើរនឹង 3,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧។
របាយការណ៍ដដែលបានបញ្ជាក់ថា នៅត្រីមាសដំបូងឆ្នាំ ២០១៨នេះ ការនាំចេញអង្កររបស់កម្ពុជាមានចំនួន ១៦១,១១៥ តោន ធា្លក់ចុះ ៥,៥៦៣ តោន បើធៀបទៅនឹងឆ្នាំ២០១៧ ដែលមានចំនួន ១៦៦,៦៧៨ តោន។
សហគមន៍អឺរ៉ុប គឺជាទីផ្សារដែលមានសក្តានុពលសំរាប់កម្ពុជា។ ការនាំចេញអង្ករពីកម្ពុជាទៅសហភាពអឺរ៉ុប មាននប្រមាណជាង ៤០ ភាគរយបើធៀបទៅនឹងទិន្នផលនៃការនាំចេញសរុប។
ថ្មីៗនេះ ប្រទេសអ៊ីតាលីបានដាក់សំណើឲ្យសហគមន៍អ៊ឺរ៉ុបធ្វើការសើបអង្កេត និង ធ្វើការរិតត្បិតលើស្រូវអង្ករកម្ពុជា ករណីដែលស្រូវអង្ករកម្ពុជាមានភាពមិនស្មើរនឹងកសិករនៅអឺរ៉ុប។
តាមមាត្រា ២៤ នៃ ច្បាប់ GSP អត្រានាំចូលអាចនឹងត្រូវប្រើប្រាស់ឡើងវិញចំពោះផលិតផលណាមួយ បើវាត្រូវបានកំណត់ថា ផលិតផលនោះនាំចូលក្នុងបរិមាណ ឬ តម្លៃ ដែលបង្ក ឬ គំរាមកំហែងមានបញ្ហាធ្ងន់ធ្ងរដល់ផលិតកនៅសហភាពអឺរ៉ុប ឬ ប្រកួតប្រជែងដោយផ្ទាល់នឹងផលិតផលរបស់អឺរ៉ុប។
យ៉ាងណាក៏ដោយ ការធ្វើការសើបអង្កេតលើស្រូវអង្ករកម្ពុជានេះ ត្រូវបានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួនរួចមកហើយជាមួយនឹងក្រុមមន្រ្តីមកពី ក្រសួងកសិកម្ម និង ក្រសួងពាណិជ្ជកម្ម។
លោក ហ៊ាន វណ្ណហ៊ន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចរចាជាមួយសហភាពអឺរ៉ុប គឺជារឿងដែលមិនមានការលំបាកទេប្រសិនបើគ្មានការជ្រៀតជ្រៀកនយោបាយ។
លោកថ្លែងថា៖ «បច្ចុប្បន្នយើងកំពុងពិភាក្សាជាមួយនឹងសហភាពអឺរ៉ុប ហើយយើងពុំមានយោបល់អ្វីអំពីលទ្ធផលនៃកិច្ចពិភាក្សានេះនៅឡើយ»។ លោកបន្តថា« បើគ្មានការជ្រៀតជ្រែកផ្នែកនយោបាយ ខ្ញុំជឿជាក់ថាការចរចានឹងមិនមានការលំបាកនោះទេ ដោយសារការនាំចេញរបស់យើងគឺផ្អែកលើកិច្ចព្រមព្រៀង EBA»។
ជាមួយគ្នានេះដែរ លោក នង វាសនា អនុប្រធាននៃសហព័ន្ធស្រូវអង្ករ បានឆ្លើយបំភ្លឺទៅលើករណីនេះថាមាន ២ កត្តាយ៉ាង ដែលធ្វើឲ្យកម្ពុជាធ្លាក់ចុះការនាំចេញទៅក្រៅប្រទេស។
លោកថា កត្តាទី១ គឺបណ្តាលមកពីដៃគូប្រកួតប្រជែង ពីប្រទេសភូមា ដែលដាក់លក់ទីផ្សារអង្ករមានតម្លៃថោកជាង កម្ពុជា។ លោកបន្ថែមថា កម្ពុជាថ្មីៗនេះ តម្លៃអង្ករកម្ពុជានៅទីផ្សារអឺរ៉ុប ឡើងថ្លៃ បែបនេះគឺជាកត្តាមួយ ដែលធ្វើឲ្យអង្ករ កម្ពុជាធ្លាក់ចុះ។ ចំណែកកត្តាទី ២ គឺ ករណីប្រទេសអ៊ីតាលីបានដាក់សំណើទៅកាន់សហភាពអឺរ៉ុបពាក់ព័ន្ធនឹងអង្ករកម្ពុជា។
សំឡេង លោក នង វាសនា៖ យើងថា ការធ្លាក់ចុះ ទីមួយដោយសារតែតម្លៃអង្ករពីកម្ពុជា គឺមានសំទុះឡើងថ្លៃចាប់តាំងពីខែ ១២ មក ហើយ អ៊ីតាលីបានដាក់សំណើទៅសហគមន៍អឺរ៉ុបរករឿងកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ មក តែទឡ្ហិករណ៍របស់អ៊ីតាលីពុំទាន់ត្រឹមត្រូវ ហើយគាត់ថាអង្ករកម្ពុជាគឺប្រកួតប្រជែងខ្លាំងលើអង្កររបស់អ៊ីតាលី។
សូមបញ្ជាក់ថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ទីផ្សារប្រមាណជាង ៦០ ប្រទេស ដែលក្រុមហ៊ុននាំចេញមានជាង ៦០ ក្រុមហ៊ុន។ នៅត្រីមាសទី ១ នេះ ប្រទេសចិន នៅតែបន្តនាំមុខគេ ជាប្រទេសទិញអង្ករពីកម្ពុជាច្រើជាងគេ ចំនួនជាង ៦៤ ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង ជាង ២ ម៉ឹនតោន និងប្រទេសម៉ាឡេស៊ីជាង ១ ម៉ឺនតោន៕