ភ្នំពេញ ៖ គិតចាប់តាំងពីឆ្នាំ២០០២មក ក្រសួងបរិស្ថាន សមាជិកសហគមន៍ និងអង្គការអភរក្សសត្វព្រៃ WCS បានរួមគ្នាថែរក្សា និងការពារសត្វស្លាបប្រភេទងាយរងការគំរាមកំហែងចំនួន ១១ប្រភេទដែលមានសំបុកសរុបទាំងអស់ចំនួន ៣៨១៣ ហើយញាស់បានកូនចំនួន ៦៨០៦ក្បាល ស្ថិតនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសកម្ពុជា។
លោក លៀ ស៊ីណា រាយការណ៍ ៖
ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា WCS រំពឹងថា នឹងអាចការពារពពួកសត្វស្លាប និងថនិកសត្វ ដ៏កម្រនៅក្នុងប្រទេសរាប់រយប្រភេទតទៅថ្ងៃមុខទៀត ដោយទទូចឲ្យមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ ដើម្បីថែរក្សាឲ្យប្រទេសកម្ពុជា មានវត្ដមានសត្វព្រៃដ៏កម្រទៅថ្ងៃអនាគត។ កន្លងមក អង្គការសមាគមអភិរក្សសត្វព្រៃ បានរកឃើញថា មានប្រជាពលរដ្ឋមួយចំនួន នៅតែបន្ដលួច ប្រមូលយកពងកូន និងមេពូជ សត្វព្រៃដ៏កម្រ ជាច្រើនប្រភេទក្នុងប្រទេសកម្ពុជា ទៅធ្វើជាម្ហូប និងលក់យកកម្រៃ។ សកម្មភាពទាំងនេះ បានធ្វើឲ្យសត្វព្រៃទាំងនោះ វិនាសហិនហោចបន្ដិចម្ដងៗ ហើយអាចឈានទៅដល់ការផុតពូជថែមទៀតផង។
ដើម្បីសោះស្រាយបញ្ហាការលួចប្រមូលយកពង និងកូនសត្វព្រៃដ៏កម្រ ក្នុងប្រទេសកម្ពុជា អង្គការអភិរក្សសត្វព្រៃមួយនេះ បានបង្កើតគម្រោងការពារសំបុកសត្វស្លាប ដើម្បីការពារសំបុកពងកូនសត្វស្លាបសំខាន់ៗ ដោយផ្ដល់ជាប្រាក់កម្រៃ លើកទឹកចិត្ដជូនសមាជិកសហគមន៍ ដែលចូលរួមក្នុងសកម្មភាពនេះ។ តាមរយៈគម្រោងនេះ ប្រជាសហគមន៍រស់នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងឆែប អាចទទួលបានប្រាក់កម្រៃលើកទឹកចិត្ដ ប្រសិនជាពួកគាតទទួលបានជោគជ័យ ក្នុងការងារត្រួតពិនិត្យ ការពារ និងយាមសំបុកសត្វស្លាបសំខាន់ៗ រហូតដល់ពេលកូន សត្វទាំងនោះញាស់។
លោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព នៃក្រសួងបរិស្ថាន និងអង្គការ WCS មានប្រសាសន៍ប្រាប់វិទ្យស្ដ្រីថា ការថែរក្សាសំបុកពង កូន បានកាត់បន្ថយការគំរាមកំហែង ពីការប្រមូលយកពងកូន ការរំខាន និងការកាប់ព្រៃឈើជាដើម។ តែយ៉ាងណាលោក រស់ វ៉ាន់ នៅតែមានក្ដីព្រួយបារម្ភពីសុវត្ថិភាពរបស់សត្វស្លាបទាំងនោះ ពីការរំខាន ដោយការរានដីសម្បទាន និង ការកាប់ឈើសង់លំនៅឋានជាដើម ដែលចំណុចនេះ ធ្វើឲ្យមានភាពស្រពេចស្រពិល ពីភាពគង់វង្សសត្វព្រៃនៅកម្ពុជា។
លោក រស់ វ៉ាន់ ៖«យើងមានការបារម្ភដែរ ដោយសារ បច្ចុប្បន្ននេះ មានការរានដី នៅកន្លែងបន្ដពូជរបស់ពួកវា ឬក៏ការកាប់ឈើងសង់លំនៅឋាន ឬក៏ក្រុមហ៊ុនដែលមានដីសម្បទាននៅក្បែរៗហ្នឹង។ ពេលខ្លះគាត់កាប់រហូតដល់ប៉ះពាល់ដល់ដើមវាពងកូន អញ្ចឹងក៏ព្រួយបារម្ភដែរ តើទៅថ្ងៃអនាគតវាយ៉ាងម៉េចគង់វង្សឬក៏អត់»។
សត្វស្លាបសំខាន់ៗដែលទទួលបានការការពារសំបុកទាំងអស់នោះ រួមមានសត្វត្រយ៉ងយក្ស ដែលសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា ត្រយ៉ងចង្កំកស តា្មតផេះ ត្មាតភ្លើង ត្រដក់តូច ត្រដក់ធំ សត្វស្មោញ សត្វអង្កត់ខ្មៅ ក្រៀល ទាព្រៃស្លាបស និងសត្វពពូលទឹកជាដើម។ ពពួកសត្វព្រៃដ៏កម្រនេះ បានរស់នៅតំបន់ការពារភាគខាងជើង នៃប្រទេសកម្ពុជា ដែលរួមបញ្ចូលទាំងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃឆែប ផងដែរនោះ គឺបានគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជិត ៣០០ប្រភេទ។
វត្ដមានសត្វព្រៃ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកកម្សាន្ដក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះហេតុដូច្នេះលោក រស់ វ៉ាន់ បានសំណូមឲ្យគ្រប់ស្ថានប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាពលរដ្ឋតាមសហគមន៍ផងដែរ ធ្វើយ៉ាងណាការពារទីជម្រក ទប់ស្កាត់ការបរបាញ់ដោយខុសច្បាប់ចំពោះសត្វទាំងអស់នោះ។
លោក រស់ វ៉ាន់ ៖«ខ្ញុំក៏ចង់ផ្ញើសារទៅរាជរដ្ឋាភិបាល ឬក៏សមត្ថកិច្ចដែលមានតួនាទីខាងទប់ស្កាត់ ការពារពាក់ព័ន្ធទៅនិងបទល្មើសព្រៃឈើ ខ្ញុំចង់និយាយថា ជួយពង្រឹងទាំងអស់គ្នា ជួយការពារទាំងអស់គ្នា ដើម្បីឲ្យទីជម្រករបស់វានៅគង់វង្ស ហើយប្រភេទសត្វទាំងអស់ហ្នឹងក៏វា នៅគង់វង្សដែរ វាមានការកើនឡើងទៅវិញ។ អញ្ចឹងបានថា បើយើងអត់រួមគ្នាការពារទីជម្រក ឬក៏កន្លែងវា បន្ដពូជទាំងអស់ហ្នឹង គឺវាគង់នឹងបាត់ទៅនាពេលអនាគត»។
បន្ថែមពីនេះ លោក រស់ វ៉ាន់ សំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃទាំងអស់ ផ្ដល់ដំណឹងទៅក្រសួងបរិស្ថាន ឬអង្គការ WCS នៅពេលដែលពួកគាត់បានរកឃើញសំបុកសត្វព្រៃ ដើម្បីទទួលបានកម្រៃពីការថែរក្សាសំបុក ពង កូន សត្វព្រៃទាំងនោះ ជំនួសឲ្យការយកពងកូនរបស់ពួកវាទៅលក់៕