en     km
en     km

អាជ្ញាធរ​ខេត្ដ​ត្បូងឃ្មុំ​ តាម​ចាប់​ ជនសង្ស័យ​សម្លាប់​ប្រពន្ធ​ និង​កូនដើម​

Share

ភ្នំពេញ​ ៖​ អាជ្ញាធរ​ខេត្ដ​ត្បូងឃ្មុំ​ កំពុង​តាម​ចាប់​ជនសង្ស័យ​ម្នាក់​ ដែល​បាន​សម្លាប់​ប្រពន្ធ​ និង​កូនដើម​ ចំនួន​០២​នាក់​។​ អាជ្ញាធរ​បញ្ជាក់​ថា​ បើ​ទោះជា​ជនសង្ស័យ​រូប​នោះ​កំពុង​លាក់ខ្លួន​ នៅ​ទីណា​ក៏​ដោយ​ ក៏​អាជ្ញាធរ​ ត្រូវ​ចាប់​ជនល្មើស​រូប​នោះ​មក​ផ្ដន្ទាទោស​ឲ្យ​បាន​។​ ជុំវិញ​អំពើ​ឃាតកម្ម​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ ទទូច​ឲ្យ​មានការ​ចូលរួម​ពី​ពលរដ្ឋ​គ្រប់​រូប​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ហើយ​ត្រូវ​ចូលរួម​ការពារ​ស្ដ្រី​ និង​កុមារ​។​

​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​លោក​ លៀ​ ស៊ី​ណា​ ៖

 

ជនរងគ្រោះ

នេះ​ជា​ហេតុការណ៍​ដ៏​សែន​រន្ធត់​ ម្ដាយ​ និង​កូនប្រុស​ វ័យ​ជំទង់​ចំនួន​ពីរ​នាក់​ ត្រូវ​បាន​សម្លាប់​យ៉ាង​ស្ងៀមស្ងាត់​ និង​ឃោរឃៅ​ កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឈាន​ចូល​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ក្នុង​ខេត្ដ​ត្បូងឃ្មុំ​។​ យោង​តាម​សមត្ថកិច្ច​ក្នុងស្រុក​ត្បូងឃ្មុំ​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​០២​ ខែមេសា​ នេះ​ បាន​បញ្ជាក់​ថា​ ជង​សង្ស័យ​មានឈ្មោះ​ថា​ ប្រាំង​ ផូ​ អាយុ​ជិត​ ៥០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ដស្វាយរៀង​ ត្រូវជា​ប្ដី​ក្រោយ​របស់​អ្នកស្រី​ ឃាន​ សុខ​លាន​ អាយុ​ជាង​ ៤០​ឆ្នាំ​ រស់នៅ​ភូមិ​ដូង​ ឃុំ​ថ្ម​ពេជ្រ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ដ​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​បន្ដ​ថា​ អ្នក​ជិតខាង​បានឃើញ​ប្ដី​ ប្រពន្ធ​ ទាំង​ពីរ​នោះ​ ឈ្លោះប្រកែក​គ្នា​នៅ​ម៉ោង​ប្រហែល​ ០៨​ យប់​ ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៨​ ក្រោយ​មាន​ទំនាស់​ពាក្យ​សម្ដី​មួយសន្ទុះ​ ពួក​គេ​ទាំង​ពីរ​នាក់​ ក៏​បាន​ឡើង​ទៅ​លើ​ផ្ទះ​។​ អ្នក​ជិតខាង​គិត​ថា​ ទំនង​ពួក​គេ​ទាំង​ពីរ​នាក់​ស្រុះស្រួល​គ្នា​វិញ​ទើប​នាំ​គ្នា​ចូល​សម្រាក​។​

​អាជ្ញាធរ​ ៖«​នៅ​មុន​ពេល​កើតហេតុ​ហ្នឹង​ អ្នក​ជិតខាង​ហ្នឹង​ គាត់​បានឃើញ​ប្ដី​ ប្រពន្ធ​ហ្នឹង​ដេក​អង្រឹង​ហើយ​ឈ្លោះ​គ្នា​ ប្រកែក​គ្នា​ អាហ្នឹង​រយៈពេល​ប្រហែល​ម៉ោង​ ០៨​ ឬ​ ០៨​ កន្លះ​ហ្នឹង​ ហើយ​ដល់​យប់​ទៅ​ប្រហែលជា​ម៉ោង​ ១០​ហ្នឹង​ ឃើញ​បិទ​ភ្លើង​ក៏​ស្ងាត់​មាត់​ទៅ​»​។​

​អាជ្ញាធរ​ស្រុក​ត្បូងឃ្មុំ​ បន្ដ​ទៀត​ថា​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ ដោយ​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ ជា​ប្រពន្ធ​ និង​កូនដើម​ ចំ​កញ្ចឹងក​ ខណៈ​ពួក​គេ​កំពុង​ដេក​លក់​។​ អាជ្ញាធរ​ ៖«​ជន​រង​គ្រោះ​ សុទ្ធតែ​ដេក​លក់​ហ្មង​ហ្នឹង​ កាប់​ក​ អ្នកខ្លះ​ចង់​ដាច់​។​ កាប់​អា​កូនប្រុស​ ដែល​ជា​កូនដើម​ហ្នឹង​ អាយុ​ ១១​ឆ្នាំ​ហ្នឹង​កាប់​ ១​កាំបិត​ហ្នឹង​ងាប់​ដោយ​គ្មាន​ដឹងខ្លួន​ទេ​តាម​មើល​។​ ដល់​អា​បង​ អាយុ​ ១៧​ឆ្នាំ​ហ្នឹង​កាប់​២​កាំបិត​ ក​ ១​កាំបិត​ កណ្ដាល​ក្បាល​ពុះ​ខាងលើ​ ១​កាំបិត​ ហើយ​ដល់​ប្រពន្ធ​ហ្នឹង​ ១​កាំបិត​ ដែរ​ ចង់​កំបុតក​ដែរ​ហ្នឹង​»​។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ​ជនសង្ស័យ​ រូប​នេះ​ បាន​រត់គេច​ខ្លួន​តាំងពី​ម៉ោង​ ០៣​ជិត​ភ្លឺ​ថ្ងៃ​ទី​០១​ ខែមេសា​ មក​
​ម្លេះ​។​ តែ​យ៉ាងណា​អាជ្ញាធរ​ស្រុក​ត្បូងឃ្មុំ​ បាន​អះអាង​ថា​ បើ​ទោះជា​ជនសង្ស័យ​រូប​នោះ​រត់​គេ​ខ្លួន​ទៅ​ដល់​ណា​ក៏​ដោយ​ ក៏​សមត្ថកិច្ច​ នឹង​តាម​រក​ដើម្បី​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​។​ ទន្ទឹម​នឹង​ការ​អះអាង​ដូចនេះ​ អាជ្ញាធរ​ ក៏​សំណូមពរ​ឲ្យ​ពលរដ្ឋ​ ត្រូវ​ពិនិត្យ​មើល​សាវតារ​ មនុស្ស​ដែល​មក​ពី​ឆ្ងាយ​ឲ្យ​បាន​ច្បាស់លាស់​ មុន​ពេល​ព្រម​ស្រឡាញ់​ ឬ​ក៏​រួមរស់​ជាមួយ​គ្នា​ និង​មួយវិញទៀត​ អាជ្ញាធរ​ស្នើ​ឲ្យ​មានការ​ដោះស្រាយ​រាល់​ទំនាស់​ រវាង​ប្ដី​ប្រពន្ធ​ ដោយ​សន្ដិវិធី​ ឬ​ក៏​ប្ដឹង​ទៅ​តុលាការ​ ដើម្បី​សុំ​លែងលះ​ ជា​ជាង​ការ​កាត់ទោស​ទៅ​តាម​កំហឹង​បែប​នេះ​។​

​អាជ្ញាធរ​ ៖«​បាទ​យើង​ចង់​អ​ញ្ចឹ​ង​ (​កុំ​ប្រើ​ហិង្សា​ដោះស្រាយ​បញ្ហា​)​ ហើយ​ម៉េច​ម៉ា​ យើង​ទំនាស់​ប្ដី​ ប្រពន្ធ​មិន​ត្រូវ​គ្នា​ហ្នឹង​ សុំ​ឲ្យ​ទៅ​ប្ដឹង​តុលាការ​ ផ្ដាច់ចំណង​អាពាហ៍ពិពាហ៍​គ្នា​ទៅ​ កុំ​ផ្ដន្ទា​គ្នា​ កាត់ទោស​ដោយ​ខ្លួនឯង​អ​ញ្ចឹ​ង​»​។​

​ករណី​ឃាតកម្ម​ បាន​កើត​ឡើងជា​អន្លើ​ ហើយ​ជន​រង​គ្រោះ​គឺជា​ស្ដ្រី​ និង​កុមារ​ ដែល​បញ្ហា​ទាំង​អស់នេះ​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើ​ការងារ​ ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មាន​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សុវត្ថិភាព​នៅ​ក្នុង​សង្គម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ពិសេស​គឺ​ស្ដ្រី​។​

​លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​ រូបភាព​ហិង្សា​នៅ​តែ​កើត​មាន​ ហើយ​វា​បាន​បង្ហាញ​រូបភាព​កាន់តែ​ធ្ងន់ធ្ងរ​ និង​អមនុស្សធម៌​កាន់តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ លោក​បន្ដ​ថា​ ប្រសិនបើ​ករណី​បែប​នេះ​កើត​កាន់តែ​ច្រើន​ វា​នឹង​ធ្វើ​គេ​មើលឃើញ​ថា​ សីលធម៌​ក្នុង​សង្គម​ខ្មែរ​បាន​ធ្លាក់​ចុះ​ និង​ជាទី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​សង្គម​។​

​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ អង្គការ​ លី​កាដូ​ ទទូច​សុំ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ បញ្ឈប់​ផ្នត់គំនិត​ដែល​គិត​ថា​ អំពើ​ហិង្សា​ជា​រឿង​ផ្ទៃក្នុង​គ្រួសារ​របស់​គេ​បន្ដ​ទៀត​។​ លោក​ អំ​ សំអាត​ បន្ថែម​ថា​ ពលរដ្ឋ​គ្រប់​រូប​មាន​តួនាទី​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ និង​លុប​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​ លោក​សង្កត់ធ្ងន់​ថា​ ប្រសិនបើ​ពលរដ្ឋ​ក្នុង​សហគមន៍​មិន​ចូលរួម​ទាំងអស់​គ្នា​ ក្នុង​ការ​ទប់ស្កាត់​ទេ​ នោះ​អំពើ​ហិង្សា​ ដែល​ឈាន​ទៅ​ដល់​ការ​កាប់សម្លាប់​បែប​នេះ​ នឹង​នៅ​តែ​កើត​មាន​បន្ដ​ទៀត​។​

​លោក​ អំ​ សំអាត​ ៖«​បើ​យើង​ទាំងអស់​គ្នា​មិន​ចូលរួម​ទេ​ នោះ​អំពើ​ហិង្សា​ ឬ​គេ​ហៅ​ថា​ អំពើ​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ឈាន​ទៅ​ដល់​ការ​សម្លាប់​នេះ​វា​កាន់តែ​បន្ដ​ធ្ងន់ធ្ងរ​ទៅ​»​។​

​លើស​ពី​នេះ​លោក​ អំ​ សំអាត​ ក៏​សំណូមពរ​ដល់​អាជ្ញាធរ​ទាំងអស់​ ឲ្យ​បង្កើន​ការ​យកចិត្ដ​ទុក​ក្នុង​ការ​ ការពារ​ជន​រង​គ្រោះ​ នៅ​ពេល​មាន​បណ្ដឹង​ណាមួយ​ទាក់ទង​និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ហើយ​ជា​ពិសេស​ គឺ​ត្រូវ​ចាប់​ជនល្មើស​ឲ្យ​បាន​ដើម្បី​យក​មក​ផ្ដន្ទាទោស​ ទុកជា​ការ​ព្រមាន​ដល់​ជន​ដទៃ​ទៀត​។​

​សូម​ជម្រាប​ថា​ យោង​តាម​ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាតិកា​ទី​២​ ការ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ ជំពូក​ទី​១​ ការ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ ផ្នែក​ទី​១​ ការ​ប៉ះពាល់​ដោយ​ចេតនា​ដល់​ជីវិត​មនុស្ស​ មាត្រា​ ២០០​ គឺជា​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​៕

Share

ព័ត៌មានទាក់ទង

Image