en     km
en     km

ក្រុមហ៊ុនមួយរបស់ចិនបោះទុនជាង ២០លាន$បង្កើតរោងចក្រច្នៃដំឡូងមីនៅខេត្តក្រចេះ

Share

ភ្នំពេញ៖ យ៉ាងហោចណាស់ទឹកប្រាក់ចំនួន ២០លានដុល្លារត្រូវបានក្រុមហ៊ុនមួយរបស់ចិន ឈ្មោះថា Green Leader Holding Group Limited បោះទុនវិនិយោគបង្កើតរោងចក្រច្នៃដំឡូងមីលើផ្ទៃដីទំហំ ៤៣ ហិចតាស្ថិតក្នុងស្រុកស្នួល ខេត្តក្រចះ ដែលបានបើកការដ្ឋានសាង់សង់កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម។

                                   រដ្ឋមន្រ្តីកម្ពុជា និងប្រធានក្រុមហ៊ុនចិនក្នុងពិធីបញ្ចុះសីមាសាងសង់រោងកចក្រច្នៃដំឡូងមី។

 

តាមក្រសួងកសិកម្ម ក្រុមហ៊ុន Green Leader Holding Group Limited (Green Leader) បានចុះឈ្មោះជាសាធារណៈក្នុងក្រុមប្រឹក្សាផ្សារហ៊ុន ហុងកុង និងបានដាក់ទុនវិនិយោគប្រមាណ ២០លានដុល្លារ បង្កើតរោងចក្រកែច្នៃម្សៅដំឡូងមី និងជីវឥន្ធនៈអេតាណុលទំនើប និងធំជាងគេបង្អស់លើពិភពលោក។ រោងចក្រច្នៃដំឡូងមីនេះ មានសក្តានុពលប្រើប្រាស់វត្ថុធាតុដើមដំឡូងមីដល់ទៅ ៥០០ពាន់តោនដើម្បីផលិតម្សៅឲ្យបាន ១៣០ពាន់តោនក្នុង ១ឆ្នាំ និង ២លានតោនក្នុងរយៈពេល ៥ឆ្នាំ។

លោក Zhan Sanhuo ប្រធានក្រុមប្រឹក្សាភិបាលរោងចក្រឲ្យដឹងថា រយៈពេល ៥ ឆ្នាំខាងមុខទៀត ក្រុមហ៊ុននឹងសាងសងរោងចក្រឲ្យបាន ២០ ក្នុងខេត្តដែលមានសក្តានុពលផលិតដំឡូងមី ដើម្បីព្យាយាមកាត់បន្ថយការនាំចេញវត្ថុធាតុដើមនេះទៅប្រទេសជិតខាង។ លោកបន្តថា ក្រុមហ៊ុននឹងធ្វើការដាំដុះដំឡូងមីលើផ្ទៃដី ០១ ម៉ឺនហិចតាបន្ថែមទៀត សម្រាប់បំពេញបង្គប់តម្រូវការរោងចក្រ ។ក្រៅពីនេះក្រុមហ៊ុននឹងអនុវត្តកសិកម្មតាមកិច្ចសន្យា(Contract farming) ជាមួយដៃគូផលិត ដោយផ្តល់ជាទុន ពូជ ជី និងបច្ចេកទេសដាំដុះ។

បើតាម Zhan Sanhuo ​រោងចក្រនេះនឹងប្រើបច្ចេកវិទ្យាទាន់សម័យបំផុតដើម្បីកែច្នៃម្សៅដំឡូងឲ្យមានគុណភាពកម្រិត ស្តង់ដារអន្តរជាតិ។ តាមរយៈការបង្កើតរោងចក្រច្នៃដំឡូងមីនេះលោក Zhan Sanhuo ​មានសុទិដ្ឋនិយមថា បញ្ហាផលិតផលដំឡូងមីគ្មានទីផ្សារនៅទូទាំងខេត្តត្បូងឃ្មុំ កំពង់ចាមនិងក្រចេះ នឹងត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាព ពិសេសតម្លៃនឹងត្រូវបានធានាផងដែរ។

​តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (International Center for Tropical Agriculture, CIAT) បានឲ្យដឹងថា បច្ចប្បន្នកម្ពុជា ជាប្រទេសផលិតដំឡូងមីលំដាប់ទី ៨លើពិភពលោក និងលំដាប់ទី៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

កម្ពុជាមានសក្តានុពលផលិតកម្មដំឡូងមី ដែលមានផ្ទៃដីដាំដុះរហូតដល់ទៅ ៦៧៥ ពាន់ហិកតា ប្រមូលបានទិន្នផលជាង ១៤,៨ លានតោនក្នុងឆ្នាំ២០១៧៕

Share

ព័ត៌មានទាក់ទង

Image