en     km
en     km

ថៅកែ​ និង​ពលករ​បរទេស​ មាន​ពេល​ដល់​ចុង​ខែមេសា​ ដើម្បី​សុំ​ពន្យារ​សុពលភាព​បណ្ណ​ការងារ​ជនបរទេស​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ការងារ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៩​ ខែមីនា​ បាន​ចេញ​សេចក្ដីជូនដំណឹង​ ដោយ​បញ្ជាក់​ថា​ ក្រុម​ថៅកែ​ និង​ពលករ​បរទេស​ ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​ មាន​ពេល​រហូត​ដល់​ចុង​ខែមេសា​ ក្នុង​ការ​មក​បំពេញបែបបទ​ សុំ​ពន្យារ​សុពលភាព​បណ្ណ​ ឬ​ សៀវភៅ​ការងារ​ជនបរទេស​។​ ករណី​ដែល​ជនបរទេស​ ធ្វើការ​នៅ​កម្ពុជា​ ដោយ​គ្មាន​ច្បាប់​ ពួក​គេ​ប្រឈម​ ការ​ផាកពិន័យ​ជា​ប្រាក់​ ជាប់​ពន្ធនាគារ​ និង​បណ្ដេញ​ចេញពី​កម្ពុជា​។​

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

 

​ក្រសួង​ការងារ​កម្ពុជា​ ធ្លាប់​បាន​ចេញ​សេចក្ដីជូនដំណឹង​ម្ដង​រួច​មក​ហើយ​ កាលពី​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៧​ ដោយ​កំណត់​យក​ដំណាច់​ខែមីនា​ ឆ្នាំ​២០១៨​ ជា​ឱ​សា​វាទ​ក្នុង​ការ​ពន្យារ​សុពលភាព​បណ្ណ​ ឬ​ សៀវភៅ​ការងារ​ជនបរទេស​។​ ក៏​ប៉ុន្ដែ​ក្រសួង​ការងារ​បាន​សម្រេច​ពន្យារ​តទៅ​មុខ​ទៀត​ បន្ទាប់​ពី​ ក្រសួង​សង្កេត​ឃើញ​ថា​ ម្ចាស់​ ឬ​នាយក​សហគ្រាស​ គ្រឹះស្ថាន​ និង​ជនបរទេស​មួយ​ចំនួន​ នៅ​មិន​ទាន់​បាន​ស្នើ​សុំ​ពន្យារ​សុពលភាព​បណ្ណ​ ឬ​សៀវភៅ​ការងារ​ជាន​បរទេស​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​នៅឡើយ​។​ ដើម្បី​បញ្ជៀ​សការ​ផាកពិន័យ​តាម​អត្រា​ប្រាក់​ឈ្នួល​យោង​ប្រចាំ​ថ្ងៃ​ ៤​ម៉ឺន​រៀល​ ក្រសួង​ការងារ​ ក៏​សម្រេច​ពន្យារពេល​សម្រាប់​ស្នើ​សុំ​បន្ដ​សុពលភាព​បណ្ណ​ ឬ​សៀវភៅ​ការងារ​ជនបរទេស​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៨​។​

​ក្រសួង​ការងារ​បង្ហាញ​ក្ដី​សង្ឃឹមថា​ ម្ចាស់​ ឬ​នាយក​សហគ្រាស​ គ្រឹះស្ថាន​ និង​ជនបរទេស​ដែល​ប្រកប​មុខរបរ​ណាមួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ប្រញាប់​មក​ស្នើ​សុំ​ពន្យារ​សុពលភាព​បណ្ណ​ ឬ​សៀវភៅ​ការងារ​ជនបរទេស​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៨​។​ ក្រសួង​បញ្ជាក់​ថា​ ក្នុង​ករណី​ដែល​ជនបរទេស​ ទាំង​ថៅកែ​ និង​ពលករ​ ខកខាន​ការ​សុំ​ពន្យារ​សុពលភាព​នេះ​ ក្រសួង​នឹង​ចាត់វិធានការ​ផាកពិន័យ​ តាម​ទោស​ប្បញ្ញត្ដិ​ក្នុង​ជំ​ពួក​ ១៦​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​ និង​បទ​ប្បញ្ញត្ដិ​ជា​ធរមាន​។​

​ជនបរទេស​ ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​កម្ពុជា​ មាន​ប្រមាណ​ជាង​ ១៦​ម៉ឺន​នាក់​ ក៏​ប៉ុន្ដែ​គឺ​មាន​ជនបរទេស​ប្រមាណ​តែ​ ៥​ម៉ឺន​ ៧​ពាន់​នាក់​ ប៉ុណ្ណោះ​ ដែល​មាន​ប័ណ្ណ​ការងារ​ ឬ​សៀវភៅ​ការងារ​ជនបរទេស​ ស្រប​ទៅ​តាម​ច្បាប់​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ ក្នុង​ឱកាស​ពិធី​បិទ​សន្និបាត​ បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ និង​លើក​ទិស​ដៅ​ការងារ​បន្ដ​ កាលពី​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ថា​ កម្ពុជា​បាន​បាត់បង់​ប្រាក់​ចំណូល​ក្នុង​មួយ​ឆ្នាំៗ​ ជាង​ ២០​លាន​ដុល្លារ​ ព្រោះតែ​ជនបរទេស​ ទាំង​ថៅកែ​ និង​ពលករ​ មួយ​ចំនួន​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​។​ ក្រៅ​តែ​ពី​រដ្ឋ​ ត្រូវ​បាត់បង់​ចំណូល​ ជា​ថវិកាជាតិ​ ជនបរទេស​ខុសច្បាប់​ទាំងនោះ​ ក៏​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាត់​ឱកាស​ការងារ​ផង​ដែរ​ ។​ ព្រោះ​មើលឃើញ​ដូចនេះ​ សម្ដេច​ ស​ ខេ​ង​ បាន​ថ្លែង​ដោយ​សង្កត់ធ្ងន់ៗ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ជនបរទេស​ធ្វើការ​នៅ​កម្ពុជា​ ដោយ​មិន​ស្របច្បាប់​ទៀត​នោះ​ទេ​។​

​ជុំវិញ​រឿង​នេះ​ លោកនាយ​ឧត្ដមសេនីយ៍​ សុខ​ ផល​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ចុងខែ​កុម្ភៈ​ ដែរ​ថា​ ប្រសិនបើ​ជនបរទេស​ទាំង​ថៅកែ​ និង​ពលករ​ រឹងរូស​មិន​ព្រម​អនុវត្ដ​ តាម​អ្វី​ដែល​ជា​ច្បាប់​របស់​កម្ពុជា​ ពួក​គេ​នឹង​ត្រូវ​បាន​បង្ខំ​ឲ្យ​បង់ការ​ផាកពិន័យ​ ឬ​ក៏​ត្រូវ​ប្ដឹង​ឡើង​តុលាការ​ ចាប់​ដាក់​ពន្ធនាគារ​ មុន​បណ្ដេញ​ចេញពី​កម្ពុជា​។​

​ជនបរទេស​ម្នាក់ៗ​ ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​នៅ​ដំណាច់ឆ្នាំ​នីមួយៗ​ នូវ​ទឹកប្រាក់​ ១០០​ដុល្លារ​។​ ក៏​ប៉ុន្ដែ​ក្នុង​ករណី​ជនបរទេស​ ទាំង​ថៅកែ​ និង​ពលករ​ មិន​បាន​គោរព​តាម​ច្បាប់​នេះ​ ពួក​គេ​នឹង​ត្រូវ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ សហការ​គ្នា​ជាមួយ​ក្រសួង​ការងារ​ ធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​បន្ថែម​ពីលើ​ប្រាក់​ពន្ធ​នេះ​ ចំនួន​ ១២៥​ដុល្លារ​ទៀត​៕

Share

ព័ត៌មានទាក់ទង

Image