en     km
en     km

បុរស​ពីរ​នាក់​ ដែល​បាន​វាយ​បំបែកចម្លាក់​លិង្គ​មួយ​ពាន់​ លើ​ភ្នំ​គូលែន​ត្រូវ​បញ្ជូន​ទៅ​តុលាការ​

Share

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៨​ ស្នងការ​ខេត្ដ​ និង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​ ខេត្ដសៀមរាប​ បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​ ដែល​ជាប់​សង្ស័យ​វាយ​បំបែក​លិង្គ​ថ្ម​បុរាណ​ ស្ថិត​នៅ​បាត​ស្ទឹង​លិង្គ​មួយ​ពាន់​ លើ​ខ្នងភ្នំ​គូលែន​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២៩​ ខែមីនា​នេះ​។​

លោក​ លៀ​ សី​ណា​ រាយការណ៍​ ៖​

 

​តាម​ការ​បញ្ជាក់​របស់​លោក​ ឡុ​ង​ កុសល​ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ជនសង្ស័យ​បាន​វាយ​បំបែក​ចម្លាក់​លិង្គ​ថ្ម​ ចំនួន​ ៦​ដុំ​ ហើយ​ ៣​ដុំ​ រង​ការ​ខូចខាត​ និង​ ៣​ដុំ​ផ្សេង​ទៀត​បាន​បាត់​។​ លោក​ ឡុ​ង​ កុសល​ បាន​បន្ថែម​ថា​ ហេតុការណ៍​នេះ​ បាន​កើតឡើង​តាំង​តែ​ពី​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៨​ មក​ម្លេះ​។​

​លោក​ ឡុ​ង​ កុសល​ ៖«​តាម​ដែល​យើង​ពិនិត្យ​ទៅ​តាម​របាយការណ៍​មក​ សកម្មភាព​នេះ​យើង​ឃើញ​ថា​ មាន​តាំងពី​ថ្ងៃ​ទី​១៨​ ខែមីនា​។​ ក្រោយ​ពី​ឃើញ​សកម្មភាព​ហ្នឹង​មក​ ខាង​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​រាយការណ៍​ជូន​កម្លាំង​មាន​សមត្ថកិច្ច​ ខាង​ស្នងការ​នគរបាល​ខេត្ដសៀមរាប​។​ អ​ញ្ចឹ​ង​ថ្ងៃ​ទី​២៧​ ខែមីនា​ ស្នងការ​ខេត្ដសៀមរាប​បាន​បញ្ជូន​មន្ដ្រី​ជំនាញ​ទៅ​ពិនិត្យ​មើល​ ក៏​ឃើញ​ថា​ មានការ​ខូចខាត​មែន​ លុះដល់​ថ្ងៃ​ទី​២៨​ ខែមីនា​ ក៏​មានការ​ឃាត់ខ្លួន​បុរស​ពីរ​នាក់​»​។​

​បុរស​ទាំង​ពីរ​នាក់​នេះ​ម្នាក់​ឈ្មោះ​ សា​រឿ​ន​ យ៉ុ​ត​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ព្រីង​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​។​ ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ មានស្រុក​កំណើត​ស្ថិត​ក្នុងស្រុក​ស្វាយ​លើ​ ខេត្ដសៀមរាប​។​ លោក​ ឡុ​ង​ កុសល​ បាន​បញ្ជាក់​បន្ថែម​ថា​ តាម​ប្រភព​ក្រៅផ្លូវការ​ ដែល​នាំ​ឲ្យ​បុរស​ទាំង​ពីរ​នោះ​ ឈាន​ដល់​ការ​វាយ​បំបែក​ចម្លាក់​លិង្គ​ថ្ម​ ទាំងនោះ​ពីព្រោះ​តែ​ពួក​គេ​មាន​ជម្លោះ​ នឹង​គ្នា​។​

​ទាក់ទិន​រឿង​នេះ​ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ បង្ហាញ​ការ​សោកស្ដាយ​ដែល​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ បាន​វាយ​បំបែក​ចម្លាក់​ថ្ម​បុរាណ​ ដែល​បន្សល់​ទុក​ពី​សម័យ​បុព្វបុរស​មក​ដូច្នេះ​។​ លោក​ពន្យល់​ថា​ វត្ដមាន​វត្ថុ​បុរាណ​នានា​ ដែល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ គឺជា​អត្ដ​សញ្ញា​ជាតិ​មួយ​ដ៏​មាន​តម្លៃ​បំផុត​ សបញ្ជាក់​ពី​អតីតកាល​ដ៏​រុងរឿង​របស់​ប្រទេស​ជាតិ​។​ លោក​ ឡុ​ង​ កុសល​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​ចូលរួម​ថែរក្សា​ ការពារ​សម្បត្ដិ​បេតិកភណ្ឌ​របស់​ជាតិ​។​

​លោក​ ឡុ​ង​ កុសល​ ៖«​ការ​បំផ្លាញ​បេតិកភណ្ឌ​របស់​យើង​ គឺ​ប្រៀប​ដូច​ជា​ការ​បំផ្លាញ​ខ្លួនឯង​។​ កន្លង​មក​អាជ្ញាធរ​អប្សរា​តែងតែ​អប់រំ​ទៅ​ដល់​ប្រជាពលរដ្ឋ​ពី​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​ ហើយ​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​ចូលរួម​ អ​ញ្ចឹ​ង​ជា​ការ​សំណូមពរ​នៅ​តែ​ដដែល​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ដ​រក្សា​ចូលរួម​ សម្បត្ដិ​បេតិកភណ្ឌ​ជាតិ​»​។​

​យ៉ាងណា​ក្រៅ​តែ​ពី​បុរស​ទាំង​ពីរ​នាក់​ ដែល​ត្រូវ​ចាប់ខ្លួន​នេះ​ សមត្ថកិច្ច​ក៏​កំពុង​តាម​ចាប់ខ្លួន​បុរស​ម្នាក់​ទៀត​ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​នេះ​៕

Share

ព័ត៌មានទាក់ទង

Image