en     km
en     km

សម្តេច ហ៊ុន សែន នឹង ចូលរួមកិច្ចប្រជុំមហាអនុតំបន់មេគង្គលើកទី៦នៅហាណូយ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្រ្ដីកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ច​ប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ ស្របជាមួយនឹងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម លើកទី១០ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ នាថ្ងៃទី ៣០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចុះនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៨។

សេចក្ដីជូនដំណឹងដដែលនេះបានបញ្ជាក់ទៀតថា ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន មាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ លោក ស៊ុន​ ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា គឹមហុង ប្រធានគណកម្មាធិការកិច្ចការព្រំដែនជាតិ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួទេសចរណ៍ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា លោក វេង ​សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀតផងដែរ។

សូមជម្រាបដែរថា ប្រធានបទដែលលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ នេះ និយាយអំពី “ សមិទ្ធិផលរយៈពេល ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ និងការកសាងមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព” ។

នៅក្នុងក្របខ័ន្ឌនៃកិច្ចប្រជុំកំពូលនេះដែល សម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្រ្ដីកម្ពុជាក៏នឹងអញ្ជើថ្លែងសុរន្ទកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចរបស់មហាអនុតំបន់មេគង្គដែលផ្ដោតទៅលើភាពជោគជ័យនិងការប្រឈមលើវិស័យ សំខាន់ៗនៃការអភិវឌ្ឍអនុតំបន់មេគង្គផងដែរ៕

Share

ព័ត៌មានទាក់ទង

Image