en     km
en     km

អាជ្ញាធរជាតិអប្សរាជួសជុលកំណាត់ផ្លូវវង់ធំដើម្បីសម្រួលចរាចរណ៍ជូនភ្ញៀវទេសចរ

Share

(សៀមរាប)តាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា កំណាត់ផ្លូវក្រាលកៅស៊ូនៅវង់ធំក្នុងតំបន់ឧទ្យានអង្គរដែលមានប្រវែងជាង២០គីឡូម៉ែត្រ  ​ជាផ្នែកមួយដ៏សំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកស្រុកផងនិងបម្រើឱ្យវិស័យទេសចរណ៍ផង តែផ្លូវនេះបានរងនូវការខូចខាតដោយអន្លើរៗ។

តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា បច្ចុប្បន្នកំណាត់ផ្លូវក្រាលកៅស៊ូចាប់ពីក្លោងទ្វារដីឆ្នាំង រហូតដល់ទ្វារទឹកប្រាសាទព្រះខ័ន កំពុងជួសជុលកែលម្អឡើងវិញទាំងស្រុងតាមបច្ចេកទេសដោយអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ។

គម្រោងជួសជុលផ្លូវវង់ធំនេះបានសិក្សាបច្ចេកទេសចាប់តាំងពីឆ្នាំ២០១៦ ហើយកន្លងមកក្រុមអ្នកជំនាញការលើផ្នែកអភិរក្សបុរាណវិទ្យានៃគណៈកម្មការអាយស៊ីស៊ី-អង្គរ បានចុះពិនិត្យនិងផ្តល់យោបល់នៅនឹងកន្លែង ព្រមទាំងផ្តល់ការការអនុម័តឱ្យធ្វើការជួសជុលក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពីខែធ្នូ ឆ្នាំ២០១៧។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖ ក្រុមការងារបានអនុវត្តការងារកាលពីខែមីនា ឆ្នាំ២០១៨ ហើយការអនុវត្តគម្រោងនេះមានរយៈពេល៤ខែទើបបញ្ចប់។ រីឯការជួសជុលកែលម្អផ្លូវវង់ធំវិញ ក៏មិនបានធ្វើឡើងទាំង២០គីឡូម៉ែត្រតែម្តងនោះទេ ព្រោះធ្វើទៅតាមលទ្ធភាពថវិកាប្រចាំឆ្នាំ។ ជាក់ស្តែងគម្រោងមូលនិធិឆ្នាំ២០១៧ អាចធ្វើបានប្រវែង៤០៦០ម៉ែត្រ និងសម្រាប់ឆ្នាំ២០១៨ អាចជួសជុលបន្ថែមបានប្រវែង៥ពាន់ម៉ែត្រទៀត។

ជាការកត់សម្គាល់កំឡុងពេលនៃការជួសជុលនេះក៏បានបង្ករការហុយដី ការរំខានក្នុងការធ្វើដំណើរខ្លះៗដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលទស្សនាតំបន់វង់ធំ ពេលក្រុមការងារកំពុងឈូសឆាយ ចាក់កៅស៊ូ និងរោយកម្ទេចថ្មតាមលក្ខណៈបច្ចេកទេស។ ដូច្នេះរាល់ពេលធ្វើដំណើរឆ្លងកាត់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បង្ការកុំឱ្យមានគ្រោះថ្នាក់ដោយយថាហេតុ និងត្រូវពាក់ម៉ាស មួក ឬកន្សែងការពារធូលីដីហុយពេលធ្វើដំណើរដោយកង់ ឬម៉ូតូ។

ក្នុងនាមស្ថាប័នជំនាញអាជ្ញាធរជាតិអប្សរាសូមការអធ្យាស្រ័យនិងការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ចំពោះផលលំបាកតិចតួចដែលបង្ករឡើងពីការស្ថាបនាផ្លូវនេះ។ ក្នុងពេលឆាប់ៗបន្ទាប់ពីចាក់កៅស៊ូរួចរាល់ទាំងស្រុង ផ្លូវនេះនឹងបាត់ហុយ ហើយក្លាយជាផ្លូវមួយដ៏ល្អសម្រាប់ការធ្វើដំណើរ ងាយស្រួលក្នុងការទស្សនាប្រាង្គប្រាសាទប្រកបដោយផាសុខភាព៕

Share

ព័ត៌មានទាក់ទង

Image