en     km
en     km

ការ​បំពុល​ នៅ​តែ​ជា​បញ្ហា​គំរាម​ដល់​អាយុជីវិត​សត្វព្រៃ​នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ ក្រសួងបរិស្ថាន​ អង្គការ​អភិរក្ស​សត្វព្រៃ​ បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ ពី​ការ​បាត់បង់​វត្ដមាន​សត្វព្រៃ​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះតែ​ការ​បំពុល​ ដោយ​ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ ដាក់​នៅ​តាម​ត្រពាំង​នានា​ នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ ប្រទេស​កម្ពុជា​ និង​តំបន់​មួយ​ចំនួន​ទៀត​។​

លោក​ លៀ​ ស៊ី​ណា​ មាន​សេចក្ដីរាយការណ៍​៖

 

សត្វព្រៃដែលស្លាប់ដោយការបំពុល រូបភាពអង្គការ WCS

 

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ ដែល​ផ្ញើ​មក​កាន់​មណ្ឌល​ព័ត៌មាន​ស្ដ្រី​នៅ​ថ្ងៃ​ទី​២៧​ ខែមីនា​នេះ​ បាន​បញ្ជាក់​ថា​ សកម្មភាព​នៃ​ការ​បំពុល​ទាំងនោះ​ បាន​កំពុង​ក្លាយជា​កត្ដា​គំរាមកំហែង​ យ៉ាង​ខ្លាំង​សម្រាប់​ការ​រស់រាន​សត្វព្រៃ​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ បាន​ប្រទះ​ឃើញ​សកម្មភាព​បំពុល​នេះ​ជា​ច្រើន​ករណី​នៅ​ដើមឆ្នាំ​២០១៨​នេះ​ ហើយ​ការ​បំពុល​នេះ​ គឺ​បាន​បណ្ដាល​ឲ្យ​សត្វស្រុក​ និង​សត្វ​ស្លាប​ព្រៃ​ជា​ច្រើន​ក្បាល​ងាប់​ជា​បន្ដបន្ទាប់​។​ ករណី​នេះ​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ មាន​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ ចំពោះ​សកម្មភាព​ នៃ​ការ​បំពុល​ ដើម្បី​ចាប់​សត្វព្រៃ​ ដែល​វា​នឹង​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ អភិរក្ស​ចំនួន​នៅ​សេសសល់​ ដ៏​តិច​តូច​បំផុត​ នៃ​ពពួកសត្វ​តា្ម​ត​ទាំង​បី​ ប្រភេទ​ ដែល​មាន​ដូច​ជា​ ត្មាតភ្លើង​ ត្មាត​ត្នោត​ និង​ត្មាតផេះ​ ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក​។​

​កាលពី​ឆ្នាំ​២០១៥​ ក្នុង​អំឡុង​ខែមករា​ ដល់​ខែសីហា​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ តាម​រយៈ​កម្មវិធី​គោលនយោបាយ​សុខភាព​ និង​សុខភាព​សត្វព្រៃ​ របស់​ខ្លួន​ អង្គការ​នេះ​ បាន​ធ្វើការ​ជាមួយ​ក្រុមការងារ​អភិរក្ស​នៅ​ក្នុង​ខេត្ដក្រចេះ​ និង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្ដរជាតិ​ (Birdlife)​ នៅ​ស្រុក​សៀម​ប៉ា​ង​ ខេត្ដស្ទឹងត្រែង​ ដើម្បី​ចងក្រង​ឯកសារ​មួយ​ចំនួន​ អំពី​ករណី​សត្វព្រៃ​ស្លាប់​ ព្រោះ​ការ​បំពុល​ដោយសារ​ថ្នាំ​សម្លាប់​សត្វល្អិត​។​ តាម​រយៈ​កម្មវិធី​នេះ​ អង្គការ​ WCS​ បាន​រក​ឃើញ​ថា​ សត្វព្រៃ​ចំនួន​ ០៦​ក្បាល​ រួម​ទាំង​ប្រភេទ​សត្វ​ងាយ​រង​គ្រោះ​ ដែល​មាន​ដូច​ជា​ សំពោច​ធំ​ និង​សត្វ​កុក​ពាក់​អំបោះ​ និង​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​ ដូច​ជា​សត្វ​ត្មាត​ត្នោត​ ត្រូវ​បាន​ក្រុម​មន្ដ្រី​ល្បាត​ និង​ក្រុម​តាមដាន​ និង​ត្រូ​ត​ពិនិត្យ​សត្វព្រៃ​ ប្រទះ​ឃើញ​ស្លាប់​នៅ​ជិត​ត្រពាំង​ផ្សេងៗ​គ្នា​។​

​លោក​ កែន​ សេរីរ​ដ្ឋា​ ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ ដើម្បី​បំពុល​សត្វព្រៃ​ នៅ​ក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​ដូច​ជា​ តំបន់​ផ្សេងៗ​ គឺ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​ចំនួន​ នៃ​ពពួក​ថនិកសត្វ​ និង​សត្វ​ស្លាប​ដែល​ជា​ប្រភេទ​ រង​ការ​គំរាមកំហែង​ជា​សាកល​។​

​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ដែនជម្រកសត្វព្រៃ​គូលែន​ ព្រហ្ម​ទេព​ ដែនជម្រកសត្វព្រៃ​ ព្រះ​រកា​ និង​ដែនជម្រកសត្វព្រៃ​ឆែប​ បាន​គាំទ្រ​ដល់​ការ​រស់នៅ​របស់​សត្វ​ស្លាប​ជិត​ ៣០០​ប្រភេទ​។​ ក្នុង​ចំណោម​នោះ​ មាន​ទាំង​សត្វ​ស្លាប​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក​ ដូច​ជា​ ត្រ​យ៉ង​យក្ស​ ដែល​ជា​សត្វ​ស្លាប​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ និង​សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ ត្មាត​ត្នោត​ ត្មាតផេះ​ និង​ត្មាតភ្លើង​ជាដើម​។​

​សត្វព្រៃ​នៅ​កម្ពុជា​ នៅ​តែ​ប្រឈម​ការ​គំរាមកំហែង​ដល់​ការ​រស់នៅ​ ព្រោះតែ​ការ​ជឿ​លើ​អ​បី​យ​ជំនឿ​ នៃ​ការ​យក​សត្វព្រៃ​ទៅ​ធ្វើ​ជា​ឱសថ​បុរាណ​ និង​ការ​ចាប់​សត្វព្រៃ​ ដើម្បី​ធ្វើ​ម្ហូប​ បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​សហគមន៍​មួយ​ចំនួន​។​ ដែល​បញ្ហា​ទាំង​អស់នេះ​ អាច​នឹង​ធ្វើ​ឲ្យ​សត្វ​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​នៅ​ប្រទេស​កម្ពុជា​ ឈាន​ទៅ​រក​ការ​បាត់បង់​នា​ពេល​អនាគត​។​

​ជុំវិញ​បញ្ហា​ទាំង​អស់នេះ​ ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ប្រចាំ​នៅ​កម្ពុជា​ លោក​ កែន​ សេរីរ​ដ្ឋា​ បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ ដើម្បី​ចូលរួម​ថែរក្សា​ និង​ការពារ​សត្វព្រៃ​ទាំង​អស់នោះ​ឲ្យ​នៅ​គង់វង្ស​។​ បន្ថែម​ពី​នេះ​លោក​ សេរីរ​ដ្ឋា​ បញ្ជាក់​ថា​ ការ​បរិភោគ​សាច់សត្វ​ព្រៃ​ ដែល​មាន​ផ្ទុក​សារធាតុពុល​ នាំ​ឲ្យ​ខូចសុខភាព​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ពេល​ខាង​មុខ​៕

Share

ព័ត៌មានទាក់ទង

Image