en     km
en     km

រដ្ឋាភិបាល​ សម្រេច​បញ្ចូល​បុគ្គលិក​អង្គភាព​ស៊ី​ម៉ាក​ទាំងអស់​ ក្នុង​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ​

Share

ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​ដាក់​បញ្ចូល​បុគ្គលិក​អង្គភាព​ស៊ី​ម៉ាក់​ (CMAC)​ ទាំងអស់​ ក្នុង​ក្របខ័ណ្ឌ​ កង​យោធពលខេមរភូមិន្ទ​ នៃ​ក្រសួងការពារជាតិ​ ដើម្បី​ផ្ដល់​ការ​គាំពារ​ក្រោយ​ពេល​ពួក​គេ​ដល់​អាយុ​ចូល​និវត្ដន៍​ ឬ​ក៏​ពិការ​ ព្រោះ​ការ​បំពេញបេសកកម្ម​ការងារ​។​ អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់​ បង្ហាញ​ក្ដី​រីករាយ​ ដែល​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ យកចិត្ដ​ទុក​ដល់​ផ្ដល់​ការ​គាំទ្រ​ដល់​បុគ្គលិក​ស៊ី​ម៉ាក់​ដូច្នេះ​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖​

 

ប្រភពរូបភាព គេហទំព័រ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ បាន​សម្រេច​ផ្ដល់​ក្របខ័ណ្ឌ​ ជូន​ដល់​មន្ដ្រី​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ ទាំងអស់​ឲ្យ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ នៃ​ក្រសួងការពារជាតិ​ ក្នុង​គោលបំណង​ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​របប​សោធន​និ​វត្ស​ ពី​រាជរដ្ឋាភិបាល​ ក្រោយ​ពេល​ដែល​ពួក​គាត់​ដល់​អាយុ​ចូល​និវត្ដន៍​ ឬ​ក៏​ពិការ​ខណៈ​ដែល​បំពេញការងារ​ជាដើម​។​

​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ លោក​ ហេង​ រតនា​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ទី​២០​ មីនា​នេះ​ ថា​ រូប​លោក​ ក៏​ដូច​ជា​បុគ្គល​របស់​អង្គភាព​ស៊ី​ម៉ាក់​ទាំងអស់​ មាន​សេចក្ដី​រីករាយ​ជា​ខ្លាំង​ដែល​សម្ដេច​ ហ៊ុន​ សែន​ សម្រេច​ដូចនេះ​។​ លោក​បន្ដ​ទៀត​ថា​ នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​យកចិត្ដ​ទុក​ របស់​រាជរដ្ឋាភិបាល​ លើ​ការ​ខិតខំ​ប្រឹងប្រែង​ ពលី​ របស់​បុគ្គលិក​ស៊ី​ម៉ាក់​ ដើម្បី​បោសសម្អាត​មីន​ ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​។​

​លោក​ ហេង​ រតនា​ ៖«​ប្រសិនបើ​អត់​មាន​ក្របខ័ណ្ឌ​ទេ​ មិន​អាច​ទទួលយក​របប​សោធន​របស់​រដ្ឋ​បាន​ទេ​។​ អ​ញ្ចឹ​ង​ទេ​ការ​ទទួល​បានការ​សម្រេច​របស់​សម្ដេច​ តេ​ជោ​នេះ​ បាន​ធ្វើ​ឲ្យ​មន្ដ្រី​បុគ្គលិក​ស៊ី​ម៉ាក់​ទាំងអស់​ មានការ​សប្បាយ​រីករាយ​ និង​ថ្លៃ​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្ដេច​តេ​ជោ​ ដែល​គិតគូរ​ ផ្ដល់​ការ​គាំទ្រ​ ដល់​មន្ដ្រី​បុគ្គលិក​ស៊ី​ម៉ាក់​ទាំងអស់​ ឲ្យ​មាន​របប​សោធន​សម្រាប់​ការ​ចូល​និវត្ដន៍​ ពលី​ នៅ​ពេល​បំពេញភារកិច្ច​ ពិការ​ ជាដើម​»​។​

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា រូបភាពឈរខាងមុខ

បច្ចុប្បន្ន​បុគ្គលិក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ មាន​ចំនួន​ជាង​ ១៨០០​នាក់​ ស្ដ្រី​មាន​ជាង​ ១០០​នាក់​ ហើយ​បុគ្គលិក​កំពុង​បម្រើ​ការប្រមាណ​ ១៥០០​នាក់​ និង​បុគ្គលិក​ចូល​និវត្ដន៍​មាន​ចំនួន​ជាង​ ២០០​នាក់​ ។​ បន្ថែម​ពី​នេះ​អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក​ បាន​បញ្ជាក់​ថា​ បុគ្គលិក​អង្គភាព​ស៊ី​ម៉ាក់​ទាំងអស់​ ភាគច្រើន​សុទ្ធសឹងតែ​ជា​ អតីត​កងកម្លាំងប្រដាប់អាវុធ​។​

​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ បាន​ចាប់ផ្ដើម​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩២​ នៅ​ក្នុង​គោលបំណង​ ដើម្បី​ជួយ​ឲ្យ​មាន​សុវត្ថិភាព​ដល់​ការ​តាំងទី​លំនៅ​ថ្មី​ នៃ​គ្រួសារ​ជន​មាតុភូមិនិវត្ដន៍​ទាំងអស់​ ដែល​បាន​វិល​ត្រឡប់​ពី​បណ្ដា​ជំរុំ​ជនភៀសខ្លួន​ នៅ​តាម​ព្រំដែន​កម្ពុជា​ ថៃ​។​ បើ​គិត​មក​ដល់​ពេល​នេះ​ អង្គភាព​ស៊ី​ម៉ាក់​ បាន​ធ្វើ​ការងារ​កម្ចាត់​មីន​នៅ​លើ​ផ្ទៃដី​កម្ពុជា​ អស់​រយៈពេល​ ២៥​ឆ្នាំ​មក​ហើយ​។​

ប្រភពរូបភាព គេហទំព័រ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា

 

​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ គឺជា​ស្ថាប័ន​បោសសម្អាត​មីន​ ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​។​ ដើម្បី​អនុវត្ដ​ឲ្យ​បាន​ជោគជ័យ​នូវ​បេសកកម្ម​ “​សង្គ្រោះ​ជីវិត​ និង​គាំទ្រ​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​កម្ពុជា​”​ អង្គភាព​ស៊ី​ម៉ាក់​ បាន​ដាក់​ចេញ​នូវ​កម្មវិធី​ ការងារ​គន្លឹះ​ជា​ចម្បង​ចំនួន​បួន​ គឺ​ កម្មវិធី​ស្រាវជ្រាវ​ និង​កាត់​បន្ថយ​បង្រួញ​ផ្ទៃដី​ ដែល​មាន​មីន​ កម្មវិធី​បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​កាត់​បន្ថយ​ពី​គ្រោះថ្នាក់​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុំ​ និង​កម្មវិធី​ហ្វឹកហ្វឺន​ និង​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​លើ​វិស័យ​បោសសម្អាត​មីន​។​

​ដោយសារ​តែ​បេសកកម្ម​ការងារ​ ប្រកបដោយ​មនុស្សធម៌​ និង​ចាំបាច់​ ទើប​ព្រះ​បរម​តន​កោដ្ឋ​ ព្រះ​មហា​វិ​រៈក្ស​ត្រ​ខ្មែរ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ឡាយព្រះហស្ដលេខា​ លើ​ព្រះរាជក្រឹត្យ​ ចុះ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០០១​ ប្រែក្លាយ​មជ្ឈមណ្ឌល​កម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ ឲ្យ​ទៅ​ជា​ស្ថាប័ន​ជាតិ​មួយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​

សកម្មភាព បុគ្គលិកស៊ីម៉ាក់​ចុះផ្សព្វផ្សាយពីគ្រាប់មីន ប្រាប់ដល់ប្រជាពលរដ្ឋ

 

សូម​ជម្រាប​ថា​ ផ្ទៃដី​ប្រទេស​កម្ពុជា​ ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ មាន​ប្រមាណ​ជិត​ ២០០០​គីឡូម៉ែត្រ​ក្រឡា​។​ ក្នុង​ឆ្នាំ​២០១៧​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ បាន​បោសសម្អាត​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​លើ​ផ្ទៃដី​បាន​ ៨​ពាន់​ ៦៣៦​ហិច​តា​ ។​ ក្នុង​នោះ​ គឺ​បាន​កម្ទេច​ចោល​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ គ្រប់​ប្រភេទ​បាន​ចំនួន​ ៣​ម៉ឺន​ ៧​ពាន់​ ៤៤៨​គ្រាប់​។​

ស្រ្ដី បុគ្គលិកអង្គភាពស៊ីម៉ាក់ កំពុងដោះមីន

 

​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ មជ្ឈមណ្ឌល​កម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ បាន​រៀបចំ​ផែនការ​ក្នុង​ការ​រំដោះ​ផ្ទៃដី​ចម្ការ​មីន​ និង​ចម្ការ​ ដែល​មាន​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ ១១៧​គីឡូម៉ែត្រ​ក្រឡា​ និង​ធ្វើ​សកម្មភាព​សំខាន់ៗ​ មួយ​ចំនួន​ទៀត​ ដូច​ជា​ ការ​ស្រាវជ្រាវ​ព័ត៌មាន​ពី​ចម្ការ​មីន​ ការ​អប់រំ​ និង​ពង្រឹង​បណ្ដាញ​ស្ម័គ្រចិត្ដ​តាម​ភូមិ​ចំនួន​ ៧០០​ភូមិ​ ដែល​ជា​គោលដៅ​ ក្នុង​ការ​ហ្វឹកហ្វឺន​ ព្រមទាំង​ការ​ជួយ​សង្គ្រោះ​ជន​ពិកា​ដោយសារ​គ្រាប់​មីន​ជាដើម​៕

Share

ព័ត៌មានទាក់ទង

Image