en     km
en     km

នាយកដ្ឋានអន្ដោប្រវេសន៍នឹងចាប់ផ្ដើមត្រួតពិនិត្យជនបរទេសពលករនិងអ្នកវិនិយោគ

Share

ភ្នំពេញ៖អគ្គនាយកដ្ឋានអន្ដោប្រវេសន៍​នឹង​ធ្វើ​អធិការកិច្ច​ដោយ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ខេត្ត​ ស្រុក​ និង​មន្ទីរ​ពាក់​ព​ន្ធ័​ ចុះ​ត្រួតពិនិត្យ​ជនបរទេស​ជា​ពលករ​ និង​អ្នក​ធ្វើ​វិនិយោគ​ដែល​កំពុង​ស្នាក់នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៨ ​។​

នេះបើតាមការលើកឡើងរបស់អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក ឃុន សំបូន នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​ពី​កាតព្វកិច្ច​ធ្វើ​ប័ណ្ណ​ និង​សៀវភៅ​ការ​ការងារ​របស់​ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ ​​និងធ្វើ​ការនៅ​ក្នុង​ប្រទេស​កម្ពុជា​។កម្មវិធីនេះធ្វើឡើង ជាមួយ​ស្ថាប័ន​ពាក់​ព​ន្ធ័នានា​ កាលពីថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០១៨​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ។

តាម លោក ឃុន សំបូរ នៅខែ មីនា ​និង ខែមេសា ឆ្នាំ២០១៨នេះ ក្រសួងមហាផ្ទៃរៀបចំផ្សព្វផ្សាយច្បាប់អន្ដោប្រវេសន៍ឲ្យបានទូលំទូលាយដល់បណ្ដាខេត្តក្រុងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ចាប់ពី​ថ្ងៃ​០១ ​ខែ​ឧសភា ​ឆ្នាំ​២០១៨ ក្រសួង​នឹង​ធ្វើ​អធិការកិច្ច​ដោយ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ខេត្ត​ ស្រុក​ និង​មន្ទីរ​ពាក់​ព​ន្ធ័​ ដើម្បី​ចុះ​ត្រួតពិនិត្យ​ជនបរទេស​ជា​ពលករ​ និង​អ្នក​ធ្វើ​វិនិយោគ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ខេត្តផងដែរ​។​  

​នៅក្នុងពិធីនេះ លោក ​ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​បាន​សំណូមពរ​ដល់មន្ត្រីរាជការ​ពាក់​ព​ន្ធ័​ និង​អាជ្ញាធរ​ទាំងអស់​ ត្រូវ​ចូលរួមសហការ​ជាមួយ​ក្រុមការងារ​អធិការកិច្ច​ដែល​បាន​ចាត់តាំង​ក្នុង​លិខិត​បង្គាប់ការ​ ដើម្បី​ចូលរួម​អនុវត្តន៍​ច្បាប់​នេះ​អោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ និង​សូមកុំ​បន្ត​ឱ្យ​មាន​កំហុស​តទៅ​ទៀត​ ដូច​ជា​ ការ​យក​សេវា​លើស​ច្បាប់​កំណត់​ ការ​ចេញ​សំបុត្រ​កំណើត​ ឬ​អត្ត​សញ្ញា​ប​ណ្ណ័​អោយ​ជនបរទេស​ជាដើម​។

​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា​ ជនបរទេស​ម្នាក់ៗ​ដែល​មក​ស្នាក់​នៅ​ធ្វើការ​ត្រូវ​មាន​លិខិតឆ្លងដែន​ និង​ទិដ្ឋាការ​តាម​ការ​សុំ​ស្នាក់​នៅ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ​ ដោយ​មានកា​ត្វ​កិច្ច​បង់ប្រាក់​ចូល​ថវិកាជាតិ​ក្នុងម្នាក់ៗ​ចំនួន​ ១០០​ដុល្លារ​ក្នុង ​១​ឆ្នាំ​។​

នៅ​ក្នុង​ទិដ្ឋភាព​ច្បាប់​វិញ.គឺទីមួយ ​ជនបរទេស​ដែល​មិន​គោរព​កា​ត្វ​កិច្ច​នៃ​ច្បាប់​អន្តោប្រវេសន៍​ នឹង​ត្រូវ​ធ្វើការ​ផាកពិន័យ​ប្រាក់​ចំនួន​ ១២៥​ដុល្លារ ​ហើយ​ត្រូវ​ចាប់​បញ្ជូន​ទៅ​ឲ្យ​ក្រសួង​ការងារ​នៃ​ប្រទេស​កម្ពុជា​ ។

ចំពោះ​អ្នក​មិន​អនុវត្ត​ច្បាប់ ​និង​ត្រូវ​ធ្វើការ​បណ្ដេញ​ចេញពី​កម្ពុជា ​ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​។​

ចំពោះ​អ្នក​គេចវេះ​នឹង​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ពី​ ១​ខែ​ ទៅ​ដល់ ​៦​ខែ​ ហើយនឹង​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​។​

ករណីនេះ តាមអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍​ គឺ ពលករ​ដែល​កំពុងធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស​ទាំងអស់​ត្រូវ​ត្រៀម​ឯកសារ​ផ្ទាល់ខ្លួន ​មាន​លិខិតឆ្លងដែន​ មាន​ទិដ្ឋាការ ​និង​មាន​សៀវភៅ​ការងារ​ ដើម្បី​ការពារ​ខ្លួន​ និង​ត្រូវ​បង្ហាញ​ដល់​ក្រុមការងារ​ក្នុង​ពេល​ចុះ​ធ្វើ​អធិការកិច្ច​។​

ដោយឡែក ក្នុង​ពេល​ចុះ​អធិការកិច្ច​ បើ​សង្ស័យ​ក្រុមហ៊ុន​ណាមួយ​មាន​ពលករ​បរទេស​មិន​ស្របច្បាប់​ ឬ​មិន​គោរព​កា​ត្វ​កិច្ច​នោះ ​លោក​ព្រះរាជអាជ្ញា​ ​និង​ចេញ​ដីកា​ចុះ​ឆែកឆេរ​ភ្លាម​ ដើម្បី​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព​និង​ប្រសិទ្ធភាព​។

គួរបញ្ជាក់ដែរថា គោលបំណងនៃចុះអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ គឺ ដើម្បី​ការពារ​សន្តិសុខ​ជាតិ​បង្កើន​ចំណូល​ថវិកា​ជាតិ​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នក​វិនិយោគ​ និង​ពលករ​បរទេស​ដែល​កំពុងធ្វើការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

Share

ព័ត៌មានទាក់ទង

Image