ភ្នំពេញ ៖ យោងតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២០ ខែមីនា នេះ បានឲ្យបានដឹងថា កាលពីថ្ងៃចន្ទ ទី១៩ មីនាម្សិលមិញ ខ្យល់កន្ក្រាក់បានវាយប្រហារផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នង ធ្ងន់ធ្ងរ ស្ថិតក្នុងស្រុកភ្នំព្រឹក និងស្រុកគាស់ក្រឡ ខេត្ដបាត់ដំបងបណ្ដាលឲ្យរងការខូចខាតយ៉ាងខ្លាំង។ តាមការឲ្យដឹងពីសមត្ថកិច្ច ផ្ទះ ០៣ខ្នង ស្ថិតក្នុងស្រុកភ្នំព្រឹក និង ០២ខ្នងស្ថិតក្នុងស្រុកគាស់ក្រឡ។ តែយ៉ាងណា ហេតុការណ៍នេះ មិនបានបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះនោះឡើយ។
ក្នុងអំឡុងខែមីនានេះ ករណីខ្យល់កន្ក្រាក់វាយប្រហារផ្ទះប្រជាពលរដ្ឋក្រៅតែពីខេត្ដបាត់ដំបង ក៏កើតមានឡើង នៅក្នុងខេត្ដប៉ៃលិន និងខេត្ដឧត្ដរមានជ័យផងដែរ។ តែយ៉ាងណាបាតុភូតខ្យល់កន្ក្រាក់នេះ មិនបានបង្កឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ។
សូមជម្រាបថា កាលពីឆ្នាំ២០១៧ គ្រោះធម្មជាតិខ្យល់ព្យុះ ឬខ្យល់កន្ក្រាក់នេះ បានកើតឡើងនៅរាជាធានី ខេត្ដ ចំនួន ២៣ បណ្ដាលឲ្យរលំផ្ទះចំនួន ៥៧៨ខ្នង និងរបើកដំបូលចំនួន ៤ពាន់ ០២៧ខ្នង។ ខ្យល់កន្ក្រាក់នេះ បណ្ដាលឲ្យខូចខាត សាលារៀន ចំនួន ៤០អគារ និងអគារផ្សេងៗចំនួន ២៨ ដោយបណ្ដាលឲ្យមនុស្សស្លាប់ ០៦នាក់ និងរងរបួសចំនួន ៥៥នាក់៕