en     km
en     km

មន្រ្តីកម្ពុជា៖ កម្ពុជាមិនទាន់ឆ្លើយតបនឹងមេដឹកនាំហ្វីលីពីនសុំឱ្យដកខ្លួនពីICCនៅឡើយទេ

Share

ភ្នំពេញ ៖ ប្រធានាធិបតីហ្វីលីពីនបានអំពាវនាវទៅបណ្ដាប្រទេសជាសមាជិកលក្ខន្តិកៈ ក្រុងរ៉ូម ឱ្យដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិដែលបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ ដែលលោកថា យន្តការយុត្តិធម៌អន្តរជាតិនេះ គ្មានន័យ គ្មានបានការអ្វីទេ ។ លោក Rodrigo Duterte ចោទតុលាការនេះថា បានបំពានលើច្បាប់ប្រទេសរបស់លោក ។ ការអំពាវនាវរបស់មេដឹកនាំហ្វីលីពីន អាចនាំឱ្យមានការចោទសួរ អំពីប្រទេសកម្ពុជាដែលជាសមាជិកមួយនៃលក្ខន្តិកៈ ក្រុងរ៉ូមនេះដែរ។ មន្ត្រីយុត្តិធម៌កម្ពុជា​និយាយថា កម្ពុជា មិនទាន់ឆ្លើយតបនឹងមេដឹកនាំហ្វីលីពីនសុំឱ្យដកខ្លួនពីICCនៅឡើយទេ។ តែអ្នកជំនាញច្បាប់អន្តរ ជាតិ ទទូចថាកម្ពុជាគួររក្សាសមាជិកនេះជារៀងរហូត ។

 

                                                                 តុលាការឧក្រិដ្ឋកម្មអន្តរជាតិមានមូលដ្ឋាននៅទីក្រុង ឡាអេ។

 

ជាការពិត លោកDuterte ខ្លួន គឺលោកផ្ទាល់ កំពុងត្រូវក្រុមរដ្ឋអាជ្ញារបស់តុលាការ ICC ស៊ើបអង្កេតករណី ធ្វើសង្រ្គាមគ្រឿងញៀន សម្លាប់មនុស្សជាច្រើនពាន់នាក់ដែលក្រុមសិទ្ធិមនុស្សជាតិនិងអន្តរជាតិ បានប្ដឹងលោករួចទៅហើយ ទៅកាន់តុលាការអន្តរជាតិមួយនេះ។

តុលាការអន្ដរជាតិនេះមានមូលដ្ឋាននៅក្រុងឡាអេ​ ប្រទេសហូឡង់ និងជាស្ថាប័នយុត្តាធិការ មួយមានទំនាក់ទំនងផ្លូវច្បាប់ជាមួយ អង្គការសហប្រជាជាតិ។

រយៈប៉ុន្មានឆ្នាំ ចុងក្រោយនេះ មានប្រទេសជាច្រើនហើយបានដកខ្លួនចេញពីសមាជិកភាពនៃលក្ខន្ដិកៈទីក្រុងរ៉ូមដែលជាផ្នែកមួយចូលរួមបង្កើតតុលាការព្រហ្មទណ្ឌអន្ដរជាតិ ICC ។

ប្រទេសទាំងនោះរួមសាធារណរដ្ឋអាហ្វ្រិកខាងត្បូង  ប្រទេសរ៉ូង្វានដា បុរាន់ឌី និងហ្គាំបៀជាដើម ។

ការដកខ្លួនចេញពីសមាជិកទីក្រុងរ៉ូមនោះ គឺមានហេតុផលច្រើននៅពីក្រោយដូចជាការចាត់ទុកតុលាការនេះកាត់ក្ដីមិនមានភាពយុត្ដិធម៌មកលើខ្លួន និងមួយទៀត មេដឹកនាំប្រទេសនោះប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។ ចំណែក លោកDuterte ប្រធា​នាធិបតីនៃប្រទេសហ្វីលីពីនបានចោទ តុលាការនេះថា បានរំលោភលើច្បាប់របស់ហ្វីលីពីន។

កាលពីខែកុម្ភៈរដ្ឋអាជ្ញាពិសេសម្នាក់របស់ ICC គឺលោកស្រី Fatou Bensouda បានប្រាប់អ្នកសារព័ត៌មានថា សំណុំរឿង និងពាក្យបណ្ដឹងដែលក្រុមសិទ្ធិមនុស្ស រួមទាំងក្រុមមេធាវីសិទ្ធិមនុស្សអន្ដរជាតិបានប្ដឹងមកកាន់ ICC ប្រឆាំង លោកDuterte ចាប់ផ្ដើមធ្វើការសិក្សាហើយ។

                                                                         លោក ដូធើតេ ប្រធានាធិបតី ហ្វីលីពីន។

 

ទំនង មកពីហេតុផលនេះហើយមើលទៅបានជាលោកDuterte បង្គាប់អោយរដ្ឋាភិបាលរបស់លោកដកខ្លួនពីសមាជិករបស់ក្រុងរ៉ូមទៅវិញ។

ត្រង់នេះ អ្នកវិភាគ និងអ្នកការពារសិទ្ធិមនុស្សដាក់ចម្ងល់ថា បើឌូទើតេ ទទួលយកកំហុសគឺមិនសមនាំហ្វីលីពីនចេញពីសមាជិកក្រុងរ៉ូមនោះទេ។ពួកគាត់ថា ឌូទើតេ ពេលខ្លះបង្ហាញភាពម៉ឺងម៉ាត់ ពេលខ្លះចុះញ៉មនឹងអំពើរបស់ខ្លួនទៅវិញ។

សម្រាប់មន្ត្រីយុត្តិធម៌ប្រទេសកម្ពុជា ដែលបាន ផ្ដល់បទសម្ភាសឱ្យវិទ្យុស្ត្រី ចាត់ទុកថា ការអំពាវនាវ របស់មេដឹកនាំហ្វីលីពីន​ជាចំណែកមួយពិតមែននៃប្រទេសជាសមាជិកអាស៊ាន តែលោកថាជាសិទ្ធិរបស់ប្រទេសជាសមាជិក។ លោក ជិនម៉ាលីនអ្នកនាំពាក្យក្រសួងយុត្តិធម៌ ពន្យល់ថា កម្ពុជាពិតជាសមាជិករបស់ ICC តែកម្ពុជាមានជម្រើសច្រើន ថាតើត្រូវអនុវត្តឬក៏គិតផ្សេងទៀត ព្រោះកម្ពុជាជារដ្ឋមួយដែលបានផ្ដល់សច្ចាប័នជាច្រើនទាក់ទិននឹងសន្ធិសញ្ញាអន្តរជាតិ។

នៅពេល សួរ ថាតើកម្ពុជា អាចដកខ្លួនចេញនៅមុនការបោះឆ្នោត ឬក្រោយការបោះឆ្នោត ចុងខែកក្កដាឆ្នាំ២០១៨នេះឬយ៉ាងណា  អ្នកនាំពាក្យ ឆ្លើយថាសម្រាប់លោកមិនទាន់គិតថាពេលណានោះទេ។

តែបែបនេះ អ្នកជំនាញច្បាប់អន្តរជាតិ បង្ហាញការព្រួយបារម្ភ បើកម្ពុជា ធ្វើតាមការអំពាវនាវរបស់មេដឹកនាំហ្វីលីពីន។

មេធាវី នៃសាលាក្ដីខ្មែរក្រហម គឺលោកគង់ សំអុន ទទូចឱ្យកម្ពុជា នៅបន្តរក្សាសមាជិកភាព ជាមួយ ICC ទៀតទៅ ព្រោះ លក្ខន្តិកៈក្រុងរ៉ូម មាន ការការពារ របបឃោរឃៅមួយមិនឱ្យកើតឡើងបាន។

លោកបន្តថា បើកម្ពុជាធ្វើតាមមេដឹកនាំហ្វីលីពិនគឺកម្ពុជាជាគំរូមមួយមិនល្អទេ ។

បច្ចុប្បន្ននេះ ប្រទេសសមាជិកលក្ខន្តិកៈក្រុងរ៉ូមមាន១២៣ប្រទេស ។តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិICC មានទង្រង់ ខុសគ្នាបន្តិច ពីតុលាការយុត្តិធម៌អន្តរជាតិICJ

ICC មានភាពទទូលំទូលាយជាង ICI បើទោះបីមិនស្ថិតនៅក្រោម អង្គការសហប្រជាជាតិក៏ដោយ តែ មានទំនាក់ទំនងផ្លួវច្បាប់ ជាមួយអង្គការសហប្រជាជាតិ។ មានន័យថា ICC ពិនិត្យសំណុំរឿង ដោយផ្អែកលើ ច្បាប់អន្តរជាតិ។ តុលាការនេះ មាន ដែនយុត្តាធិការ លើ បទឧក្រិដ្ឋកម្ម សង្រ្គាម ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ប្រឆាំងនឹងបុគ្គលនិងមន្ត្រីជាប់ពាក់ព័ន្ធ។ ដើមបណ្ដឹង អាចប្ដឹងតាមរយៈមេធាវី ឬតំណាងដោយបុគ្គលដែលច្បាប់ទទួលស្គាល់។ ពេលខ្លះ ក្រុមប្រឹក្សាសន្តិសុខ បង្វិលសមត្ថកិច្ច ពីICJ ទៅICC នេះក៏បាន។ ចំណែក ICJ មានដែនសមត្ថកិច្ច លើ វិវាទ រវាងប្រទេសនិងប្រទេស ឬ ឧក្រិដ្ឋរើសអើងជាតិ សាសន៍ និងឧក្រដ្ឋកម្ម  ប្រល័យពូជសាសន៍ ជាដើម។ នេះ បើយោងតាម ឯកសារស្រាវជ្រាវ ចុះផ្សាយ ដោយWikipedia

ករណី លោក ខៀវសំផន អតីតប្រមុខរដ្ឋ និងនួន ជា អតីតប្រធានសភាប្រជាជននៃរបបកម្ពុជា ប្រជាធិបតេយ្យ ត្រូវបានផ្តន្ទាទោសអស់មួយជីវិត ដោយ សាលាក្ដីពិសេសនៅកម្ពុជា ក្រោមកិច្ចសហការជាមួយ អង្គការសហប្រជាតិ ។ ដោយឡែក សមត្ថកិច្ចរបស់ICC នេះ ក៏ជាចំណុចវិជ្ជមានមួយ របស់ ក្រុមសង្គមស៊ីវិលនៅកម្ពុជាដែរដែលពួកគេថាអាចជាផ្នែកជួយទប់ស្កាត់បានដែរនូវការរំលោភសិទ្ធិមនុស្សណាមួយដ៏ធ្ងន់ធ្ងរ៕

Share

ព័ត៌មានទាក់ទង

Image