en     km
en     km

ឃាតករចាញ់ល្បែងសម្លាប់ស្រ្តីម្នាក់ញាត់ចូលធុងទឹកកកត្រូវបានចាប់ខ្លួន

Share

ឃាតករកាប់ចិញ្ច្រាំទៅលើស្រ្តីរងគ្រោះម្នាក់ ស្លាប់យ៉ាងអាណោចអាធម៌ រួចកាត់ក ញាត់សពទាំងអាក្រាតកាយចូលទៅក្នុងធុងទឹកកក ហើយដឹកយកទៅទម្លាក់នៅគល់ស្ពានព្រះគន្លង ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលត្រូវបានចាប់ខ្លួនបានហើយ។

ឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុកនោះកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ។ ទាក់ទិនឃាតកម្មនេះ កម្លាំងនគរបាលបានចាប់ជនសង្ស័យ ២នាក់ ដែលម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម។

តាមអង្គភាព Fresh News ដែលស្រង់សម្ដីលោក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ  នៅថ្ងៃទី១៨ ខែ មិនា ឆ្នាំ២០១៨ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជុសជុលទូរស័ព្ទ។

បុរសនេះ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាជនដៃដល់ និងម្នាក់ទៀតឈ្មោះ ហ៊ាម សុខហេង ភេទប្រុស អាយុ ៤៨ឆ្នាំជាអ្នកទទួលទិញម៉ូតូរបស់ជនរងគ្រោះ ។

តាមចម្លើយរបស់ជនសង្ស័យដែលសមត្ថកិច្ចបានសាកសួរ ជនល្មើសបានសារភាពថាខ្លួន និងជនរងគ្រោះ យឿន ធានី បានស្គាល់គ្នារយៈពេល ៣ ឆ្នាំមកហើយ។ តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ខ្លួនបានរៀបចំ​គម្រោងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ និងគ្រឿងអលង្កា ដោយបានរៀបចំបង្កប់ខ្សែភ្លើងនៅក្នុងបន្ទប់ទឹក ពេលជនរងគ្រោះចូលទៅក្នុងបន្ទប់ទឹក ផ្លាស់សំលៀកបំពាក់ ខ្លួនក៏បានដោតភ្លើងបណ្តាលឲ្យជនរងគ្រោះឆក់។

បន្ទាប់មកជនល្មើសក៏បានយកអង្រែបុកគ្រឿងទៅវាយលើផ្ទៃមុខ និងយកកាំបិតបុ័ងតោ កូនកាំបិតចិតបន្លែចំនួនពីរ ចាក់កាប់ចិញ្ច្រាំទៅលើដងខ្លួនជនរងគ្រោះ រហូតដល់ស្លាប់ ។

បន្ទាប់មកទៀតជនសង្ស័យនេះ ក៏យកម៉ូតូជនរងគ្រោះ ទៅលក់ ហើយយកលុយទៅលោះម៉ូតូរបស់ខ្លួន រួចទៅទិញធុងទឹកកកពណ៌ក្រហមមួយនៅម្តុំសង្កាត់ទឹកថ្លា ហើយដាក់សាកសព រួមទាំងសម្ភាររបស់ជនរងគ្រោះក្នុងធុងទឹកកកក្រហមនោះ ដឹកតាម ម៉ូតូយកទៅទំលាក់ចោលនៅចំណុចកន្លែងកើតហេតុ ដោយដឹកឆ្លងកាត់ផ្លូវផ្សាដីហុយ ឡើងស្ពានព្រែកព្នៅ និងបន្តឆ្លងកាត់ស្ពានព្រែកតាម៉ាក។

បច្ចុប្បន្នជនសង្ស័យនេះ បានប្រគល់វត្ថុតាងប្រគល់ជូនស្នងការខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេនៅក្នុងធុងទឹកកក យកទៅទម្លាក់ចោលក្បែរស្ពានព្រះគន្លង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល គឺមានឈ្មោះ យឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមចម្លើយជនល្មើស មូលហេតុដែលនាំឲ្យខ្លួនសម្លាប់ជនរងគ្រោះបែបនេះ ដោយសារតែលង់ខ្លួននឹងល្បែង ហើយក៏រៀបចំផែនការសម្លាប់ស្រ្តីរងគ្រោះតែម្តង បើទោះបីជាធ្លាប់ស្គាល់គ្នាបានចំនួន៣ឆ្នាំហើយក៏ដោយនោះ៕

Share

ព័ត៌មានទាក់ទង

Image