en     km
en     km

ក្រុមហ៊ុនចិននឹងចាប់ផ្ដើមសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំនៅកម្ពុជាឆាប់ៗនេះ

Share

ភ្នំពេញ៖ ក្រុមហ៊ុន GreenLeader ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន មានគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីខ្នាតធំ ដោយបង្កើតរោងចក្រចំនួន ៥ ក្នុងរយៈពេល ២ឆ្នាំ នៅកម្ពុជា។

តាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម គម្រោងកែច្នៃដំឡូងមីនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋ មន្រ្ដីក្រសួងពាណិជ្ជកម្ពុជា និងនាយកប្រតិបត្តិក្រុម GreenLeader កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងជំនួបនេះដែរ លោក Michael Tse  នាយកប្រតិបត្តិនៃក្រុមហ៊ុន GreenLeader បានប្រាប់ទៅកាន់លោក ប៉ា សូរស័ក្ដ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មថា គម្រោងកែច្នៃដំឡូងមីជាជំហានដំបូងក្រុមហ៊ុននឹងចាប់ផ្ដើមសាងសង់រោងចក្រទី១ នៅខេត្តក្រចេះនៅខែមេសាខាងមុខនេះ ដោយរោងចក្រនេះមានសមត្ថភាពអាចកែច្នៃដំឡូងមីជាម្សៅប្រមាណ ១០០.០០០ តោនក្នុងមួយឆ្នាំ។

ជាមួយនោះផងដែរ លោក Tse បានបញ្ជាក់ថា ដើម្បីអាចទទួលបានផលកែច្នៃក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំបាច់ត្រូវការដំឡូងមីជាវត្ថុធាតុដើមយ៉ាងតិច ៥០០.០០០ តោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការកិច្ចព្រមព្រៀងកសិកម្ម (Contract Farming) ជាមួយនឹងកសិករ ដោយផ្ដល់ជូននូវបច្ចេកទេស ពូជ និងធនធានមួយចំនួនទៀត។

លោកបានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងបង្កើតរោងចក្រចំនួន ៥ ក្នុងរយៈពេល ២ឆ្នាំ ហើយរោងចក្រទីពីរអាចនឹងសាងសង់នៅប៉ែកខាងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ។

ជាកិច្ចឆ្លើយតប លោក ប៉ាន សូរស័ក្ដ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន GreenLeader ដែលបានមកបោះទុនកម្រិតធំនេះនៅកម្ពុជា ជាពិសេស​គឺ​វិនិយោគ​លើ​វិស័យកសិកម្ម ដែលជាវិស័យមួយដ៏សំខាន់របស់កម្ពុជា។

លោក ប៉ាន សូរស័ក្ដ សង្ឃឹមថា ការវិនិយោគនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិករកម្ពុជា ជាពិសេសបង្កើនចំណូលរបស់ពួកគាត់ និងកាត់បន្ថយចំណាកស្រុក ក៏ដូចជារួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

Share

ព័ត៌មានទាក់ទង

Image