en     km
en     km

សម្ដេចហ៊ុនសែន៖គ្មាននរណាសង្កត់ក្បាលរដ្ឋអធិបតេយ្យបានទេគឺកុំសង្ឃឹមថាកិច្ចព្រមព្រៀងក្រុងប៉ារីសមានជាលើកទីពីរ(មានសំឡេង)

Share

ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញនេះកាលពីព្រឹកថ្ងៃចន្ទទី៥មីនានេះ សម្ដេចហ៊ុនសែន បានថ្លែងវាយប្រហារជាថ្មីទៀត ដោយពោលពាក្យចំអកទៅលើក្រុមប្រឆាំងដែលចង់ឱ្យសហគមន៍អន្តរជាតិចូលពាក់ព័ន្ធជម្លោះនយោបាយនៅកម្ពុជាតាមរយៈការកោះប្រជុំប្រទេសជាភាគីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ សម្ដេចថា គ្មានន័យឡើយ ។

ជូនសេចក្ដីរាយការណ៍ ដោយកញ្ញា ជុំជោគជាតា!

 

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុនសែន បានថ្លែងចំអកជាថ្មីទៀតទៅលើ ក្រុមប្រឆាំងដែលប្រាថ្នាអោយមានសន្និសីទអន្តរជាតិទៀតត្រូវបានរៀបចំឡើងដើម្បីពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលសម្ដេចថា កុំសង្ឃឹមថា កិច្ចព្រមព្រៀងក្រុងប៉ារីសមានជាលើកទីពីរ។

សម្ដេចនាយករដ្ឋមន្ត្រីបានពន្យល់ថា សភាធម្មនុញ្ញដែជាលស្ថាប័នតាក់តែងរដ្ឋធម្មនុញ្ញបានដាក់បញ្ជូលរួចហើយនូវមាត្រារបស់កិច្ចព្រមព្រៀងក្រុងប៉ារីសនៅក្នុងរដ្ឋធម្មនុញ្ញ បច្ចុប្បន្ននេះ គឺគ្រប់គ្រាន់ហើយ។ សម្ដេចអះអាងថា គ្មាននរណាសង្កត់ក្បាលរដ្ឋអធិបតេយ្យបានទេគឺកុំសង្ឃឹមថាកិច្ចព្រមព្រៀងក្រុងប៉ារីសមានជាលើកទីពីរ។

ការ​ថ្លែងរបស់ម្រមុខរដ្ឋាភិបាលកម្ពុជា ដែលជាការវាយបំបាក់ស្មារតីរបស់ក្រុមគណបក្សប្រឆាំង នេះគាប់ជួនក្រុមប្រឹក្សាសភាសហភាពអឺរ៉ុបកាលពីថ្ងៃទី២៦កម្ភៈបានចេញសេចក្ដីសន្និដ្ឋាន ១១ចំណុចដោយដាសតឿនកម្ពុជា បំពេញកាតព្វកិច្ច ជាភាគីមួយនៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ។

ក្នុង១១ចំណុចនេះ គឺចំណុច ទី២ បានរម្លឹកស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដែល បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាដោយប្រទេសកម្ពុជា និងប្រទេស១៨ទៀត ក្នុងនោះមានប្រទេសបារាំងនិងអង់គ្លេស។ តាមស្មារតីនេះ បានបង្កើតកាតព្វកិច្ចច្បាប់ដល់ភាគីទាំងអស់ ហើយកម្ពុជាខ្លួនឯងផ្ទាល់ត្រូវ គោរពនិងរក្សាឱ្យបានប្រព័ន្ធប្រជាធិបតេយ្យសេរី ដោយផ្អែលលើពហុបក្ស។

ស្មារតីរបស់កិច្ចព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជា អនុវត្តនិងគោរពសិទិ្ធមនុស្ស និងសេរីភាពជាមូលដ្ឋាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

សូមរម្លឹកថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា១៩៩១ គឺជាស្មារតីអន្តរជាតិ ដែលបានជួយពន្លត់ភ្នក់ភ្លើងសង្គ្រាមស៊ីវិលប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះកើតចេញជារូបរាងបាន ដោយសារ សហគមន៍អន្តរជាតិ ជាអ្នកជួយឱ្យភាគីខ្មែរច្បាំងគ្នា មកជួបគ្នានៅទីក្រុងប៉ារីស។

សហគមន៍អន្តរជាតិដែលលិចធ្លោជាងគេជួយឱ្យកិច្ចព្រមព្រៀងនេះ មានប្រទេសបារាំង អង់គ្លេស អូស្ត្រាលី សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និង ប្រទេស ចិន ។ 

ប្រទេសចិនដែលកាលនោះត្រូវបានគេ ថានៅពីក្រោមក្រុមចលនារដ្ឋាភិបាលត្រីភាគី ជាពិសេសអតីតរដ្ឋាភិបាលរបស់កម្ពុជាប្រជាធិបតេយ្យ។    

តាមេរយៈស្មារតីនៃកិច្ចព្រមព្រៀងអន្តរជាតិនេះ នាំឱ្យកម្ពុជាមានការបោះឆ្នោតសភានីតិកាលទីមួយ ឆ្នាំ១៩៩៣ ក្រោមការជួយចាត់ចែងការបោះឆ្នោតដោយអង្គការសហប្រជាតិ។

កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា ១៩៩១ នាំឱ្យកម្ពុជាក្លាយជារដ្ឋពហុបក្ស មានសំឡេងភាគតិចក្នុងរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោត។ មានស្ថាប័នប្រជាធិបតេយ្យជាតិធំៗរបស់ជាតិដោយ សំដៅពង្រឹងនិងអនុវត្តការគោរពសិទ្ធិមនុស្សឱ្យស្របតាមច្បាប់ទាំងឡាយរបស់អង្គការសហប្រជាជាតិ ៕ 

 

 

Share

ព័ត៌មានទាក់ទង

Image