en     km
en     km

អង្គការ WCS និងប្រជាសហគមន៍ចូលរួមកំណត់សក្តានុពលសម្រាប់ការបង្កើតគម្រោងទេសចរណ៍ធម្មជាតិ

Share

តាមគេហទំព័រហ្វេសប៊ុករបស់ អង្គការ WCS បានឱ្យដឹងថា អង្គការក្រុមសម្របសម្រួលសហគមន៍របស់អង្គការWCS បានសហការជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយដល់ប្រជាជនមូលដ្ឋានជាង១០០នាក់ ដែលជាសមាជិកមកពីសហគមន៍តំបន់ការពារតំបន់ការពារធម្មជាតិខាំកឺត និងកំពង់ស្រឡៅមួយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃឆែបខេត្តព្រះវិហារអំពីការងារអភិរក្សសត្វព្រៃ ផ្សារភ្ជាប់ទៅនឹងទេសចរណ៍ធម្មជាតិ។

ការសិក្សាស្រាវជ្រាវមួយរៀបចំឡើងដោយក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានរកឃើញថា ថនិកសត្វមានមាឌធំចំនួន ៣០ប្រភេទ កំពុងតែមាន​វត្តមានរស់នៅក្នុងដែនជម្រកសត្វព្រៃឆែបនៃតំបន់ខ្ពង់រាបភាគខាងជើង ប្រទេសកម្ពុជា។

ក្នុងចំណោមថនិកសត្វទាំងអស់នោះ រួមមានដំរីអាស៊ី ស្វាព្រាម ទោចម្កុដ រមាំង ទន្សោង សំពោចធំ និងឆ្កែព្រៃដែលជាប្រភេទ ជិតផុតពូជនៅលើសាកលលោក ព្រមទាំងខ្លារខិន ខ្លាពពក ខ្ទីង ខ្លាំឃ្មុំធំ ខ្លាឃ្មុំតូច និងស្វាត្រោសដែលជាប្រភេទងាយរងគ្រោះនៅលើសាកលលោក។ ក្រៅពីនេះ ដែនជម្រកសត្វព្រៃឆែបក៏គាំទ្រដល់ការរស់នៅរបស់សត្វស្លាបសំខាន់ៗជាច្រើនប្រភេទផ្សេងទៀតដូចជា ត្មាតភ្លើង ត្មាតត្នោត ត្មាតប្រផេះ ត្រយ៉ង ក្រៀល និងទាព្រៃស្លាបសជាដើម។

ទីប្រឹក្សាបច្ចេកទេសផ្នែកសម្រួបសម្រួលការងារ សហគមន៍ប្រចាំខេត្តព្រះវិហាររបស់អង្គការ WCS លោក ផាន់ ស៊ីថាន  ដែលអង្គការ WCS ស្រង់សម្ដី បាននិយាយថា៖ “គោលបំណងសំខាន់នៃការអប់រំផ្សព្វផ្សាយនេះ គឺដើម្បីឲ្យប្រជាសហគមន៍បានស្គាល់អំពីសត្វព្រៃសំខាន់ៗដែលកំពុងមានវត្តមាន រស់នៅក្នុងព្រៃសហគមន៍ របស់ពួកគាត់ ពិសេសជម្រុញឲ្យពួកគាត់ចូលរួម ថែរក្សា និងការពារប្រភេទសត្វព្រៃទាំងអស់នោះ។

លោក ស៊ីថាន បានបន្តថា៖ “ក្រុមការងារក៏បានធ្វើការជាមួយពួកគាត់ ដើម្បីកំណត់តំបន់ដែលមានសក្តានុពលសម្រាប់ការរៀបចំបង្កើតគម្រោងទេសចរណ៍ធម្មជាតិដើម្បីឲ្យប្រជាសហគមន៍អាចរកចំណូលបន្ថែមដើម្បីជួយកែលម្អជីវភាពសហគមន៍មូលដ្ឋាន។យើងនឹងធ្វើការអប់រំផ្សព្វផ្សាយ ដូចគ្នានេះទៅកាន់ប្រជាសហគមន៍ចំនួន០៤ផ្សេងទៀតក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខែមីនា និងមេសាខាងមុខនេះ៕

 

Share

ព័ត៌មានទាក់ទង

Image