en     km
en     km

អង្គការ​ WCS​ ៖​ រក​ឃើញ​អណ្ដើក​ហ្លួង​មួយ​សំបុក​ នៅ​តំបន់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ខេត្ដកោះកុង​

Share

ភ្នំពេញ​ ៖​ ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល​ខេត្ដកោះកុង​ អង្គការ​ WCS​ និង​ប្រជា​សហគមន៍​ បាន​រក​ឃើញ​សត្វ​អណ្ដើក​ហ្លួង​ចំនួន​ ០១​សំបុក​ មាន​ពង​ ១៦​គ្រាប់​ ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ភូមិ​ព្រះ​អង្គ​កែវ​ ស្រុកស្រែ​អំបិល​ ខេត្ដកោះកុង​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ អង្គការ​ WCS​ ដែល​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ទទួល​បាន​។​

លោក លៀ ស៊ីណា រាយការណ៍ ៖

 

ក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផលខេត្ដកោះកុង អង្គការ WCS និងប្រជាសហគមន៍ ប្រភពរូបភាពពីអង្គការ WCS

 

​សំបុក​អណ្ដើក​ហ្លួង​ដែល​រក​ឃើញ​នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​នេះ​ គឺជា​សំបុក​អណ្ដើក​ហ្លួង​ទី​១​ ដែល​ក្រុម​អ្នក​ភិ​រក្ស​សត្វព្រៃ​ រក​ឃើញ​ក្នុង​ឆ្នាំ​២០១៨​។​ អណ្ដើក​ហ្លួង​ ជា​ប្រភេទ​សត្វ​ល្មួ​ន​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ដែល​ជា​ពពួកសត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​ នៅ​ក្នុង​ចំណោម​ សត្វ​អណ្ដើក​ទាំង​ ២៥​ប្រភេទ​ ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។​

​សត្វ​អណ្ដើក​ហ្លួង​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ប្រភេទ​សត្វ​ល្មួ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០០៥​។​ កាលពីមុន​ សត្វ​អណ្ដើក​ហ្លួង​ គឺ​មាន​តែ​ក្រុម​គ្រួសារ​រាជវង្ស​ប៉ុណ្ណោះ​ ដែល​អាច​សោយ​ពង​របស់​វា​បាន​។​ សត្វ​អណ្ដើក​ហ្លួង​ ធ្លាប់​ត្រូវ​បាន​គេ​គិត​ថា​ ពួក​វា​បាន​ផុត​ពូជ​អស់​ទៅ​ហើយ​ ក៏​ប៉ុន្ដែ​នៅ​ឆ្នាំ​២០០០​ រដ្ឋបាល​ជលផល​ខេត្ដកោះកុង​ និង​អង្គការ​ សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ WCS​ បាន​សិក្សា​ស្រាវជ្រាវ​ និង​រក​ឃើញ​ចំនួន​ សេសសល់​តិច​តូច​បំផុត​ រស់នៅ​តាម​ប្រព័ន្ធ​ស្រែអំបិល​ ខេត្ដកោះកុង​។​ ក្រោយ​ការ​រក​ឃើញ​ វត្ដមាន​របស់​អណ្ដើក​ហ្លួង​ នៅ​ឆ្នាំ​២០០១​ រដ្ឋបាល​ជលផល​ និង​អង្គការ​ WCS​ បាន​រៀបចំ​កម្មវិធី​ការពារ​សំបុក​ ដោយ​ជ្រើសរើស​យក​អតីត​អ្នក​ប្រមូល​ពង​កូន​ សត្វ​អណ្ដើក​ហ្លួង​ ឲ្យ​ចូល​មក​បម្រើ​ការងារ​ជា​បុគ្គលិក​គម្រោង​ ដើម្បី​ស្វែងរក​ និង​ការពារ​សំបុក​សត្វ​អណ្ដើក​ហ្លួង​ជំនួស​ឲ្យ​ការ​ប្រមូល​យក​ពង​កូន​ទៅ​លក់​។​

​ពពួកសត្វ​អណ្ដើក​ហ្លួង​ មាន​វត្ដមាន​ រស់នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ថៃ​ តែ​ប៉ុណ្ណោះ​ ហើយ​ចំនួន​របស់​ពួក​វា​ នៅ​លើ​សាកលលោក​មាន​មិន​ដល់​ ៥០០​ក្បាល​នោះ​ទេ​។​ ការ​ប្រមូល​យក​ពង​កូន​ ឬ​ចាប់​យក​មេ​ពូជ​អណ្ដើក​ហ្លួង​មក​លក់​ ឬ​ធ្វើ​ជា​ម្ហូប​ គឺជា​អំពើ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

Share

ព័ត៌មានទាក់ទង

Image