ភ្នំពេញ៖ ដោយសារជំនឿអំពីឱសថដែលផ្សំដោយសត្វព្រៃ បានជំរុញឲ្យមានការប្រមាញ់សត្វព្រៃដែលកំពុងស្ថិតទទួលរងការគំរាមកំហែងធ្ងន់ធ្ងរ និងឈានទៅរកការវិនាសផុតពូជ។ ប៉ុន្តែក្រុមអ្នកអភិរក្សនិយាយថា ជំនឿរបស់ប្រជាពលរដ្ឋនេះមិនសមស្របនោះទេ។ដោយឡែកក្រសួងបរិស្ថានព្រមានថា អ្នកបរបាញ់ និងអ្នកជួញដូរ ប្រភេទសត្វព្រៃកម្រ នឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ។
សូមអញ្ជើញស្តាប់បទយកការណ៍វគ្គទី២ របស់លោក លៀ ស៊ីណា ដែលជាភាគបញ្ចប់ដូចតទៅ៖
ក្រុមអ្នកអភិរក្សបរិដ្ឋានបានអះអាងថា ជំនឿដែលថាសត្វព្រៃគឺជាប្រភពឱសថបុរាណដ៏សក្តិសិទ្ធនោះ គឺជាការយល់ខុស «ទាំងស្រុង» និងជាជំនឿដែលនាំឲ្យមានការបំផ្លិចបំផ្លាញធនធានសត្វព្រៃឲ្យវិនាសផុតពូជ។
លោក ឈិត សំអាត ប្រធានអង្គការមូលនិធិសកល សម្រាប់ការពារធនធានធម្មជាតិ WWF បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីកាលពីពេលកន្លងទៅនេះថា សត្វព្រៃនៅកម្ពុជាកំពុងតែរងនូវការវិនាសបាត់បង់ ព្រោះតែពលរដ្ឋយល់ខុសពីយកសត្វទាំងនោះ ថាជាថ្នាំព្យាបាលរោគច្រើនប្រភេទនោះ។ «នេះជាជំនឿតៗគ្នាមក តាមពិតទៅវាជាជំនឿទេ វាអត់មានទាន់វិជ្ជសាស្ដ្របញ្ជាក់ថា អាហ្នឹងវាធ្វើថ្នាំអីទេ ឧទាហរណ៍ដូចជាពង្រូលអី ដែលយកទៅធ្វើថ្នាំអីអញ្ចឹង ហើយមនុស្សចេះតែជឿតៗគ្នា ប៉ុន្ដែទាក់ទងនឹងពង្រូលតាមខ្ញុំដឹង វៀតណាមបានសិក្សាស្រាវជ្រាវទៅឃើញថា វាមិនមែនជាថ្នាំអីទេ នេះគ្រាន់តែជាជំនឿអរូបិយជឿ តៗ គ្នាប៉ុណ្ណោះ»។
លោកឈិត សំអាត បានបញ្ជាក់ថា ប្រទេសវៀតណាមបានពិសោធន៍លើប្រសិទ្ធភាពនៃ សត្វពង្រូលហើយបានរកឃើញថាសត្វនេះមិនមានអត្ថប្រយោជន៍ផ្នែកឱសថដូចដែលពលរដ្ឋខ្មែរនិយាយតៗគ្នានោះទេ។ ផ្ទុយទៅវិញសត្វព្រៃតែងតែមានជំងឺជាប់ខ្លួនហើយវាអាចជាហានិភ័យសម្រាប់សុខភាពមនុស្ស។ «សត្វព្រៃវាមានជំងឺ ព្រោះវាមិនបានចាក់ថ្នាំដូចសត្វក្នុងស្រុកទេ អញ្ចឹងកាលណាយើងញាំទៅវានឹងបង្កឲ្យប៉ះពាល់ដល់សុខភាពយើងកុំជឿ ហើយករណីថ្នាំក៏មិនទាន់មានវិជ្ជសាស្ដ្របញ្ជាក់ឲ្យច្បាស់លាស់ដែរ ដូច្នេះកុំទៅជឿពេក»។
ជាមួយគ្នានេះលោក ឈិត សំអាត បានអំពាវនាវដល់ពលរដ្ឋកម្ពុជាឲ្យចូលរួមអភិរក្សសត្វព្រៃនិងឈប់ប្រើប្រាស់ឈើប្រណិតដើម្បីស្ថិរភាពសត្វព្រៃទៅអនាគត និងដើម្បីចូលរួមចំណែកក្នុងការការពារប្រពន្ធ័បរិស្ថានធម្មជាតិសម្រាប់ជាជម្រកដល់សត្វព្រៃ។
ជាយូរយាណាស់មកហើយ ពលរដ្ឋកម្ពុជាក៏ដូចជាពលរដ្ឋនៅក្នុងតំបន់អាស៊ីជាច្រើនទៀត តែងតែជឿថាក្រពះសត្វព្រៃ ឆ្អឹង ស្នែង ឬផ្នែកផ្សេងទៀតនៃសត្វព្រៃ ជាឱសថដ៏ពូកែ។
នៅក្នុងទីផ្សារងងឹតក្នុងប្រទេសកម្ពុជាសត្វកម្រមួយចំនួនកំពុងចរាចរជាលក្ខណៈបណ្តាញ។ សត្វទាំងនោះមានដូចជាសត្វពង្រូល អាញី សត្វតេះ គោព្រៃ ខ្ទីង និងសត្វអណ្តើកជាដើម។ សត្វភាគច្រើនត្រូវគេសម្លាប់រួចជាស្រេចទើបយកមកលក់ ប៉ុន្តែសត្វមួយចំនួនតូចត្រូវគេដាក់លក់ទាំងរស់ដោយលួចលាក់និងដោយរក្សាការសម្ងាត់បំផុត។ ស្ត្រីជាឈ្មួញម្នាក់បានប្រកបមុខរបរនេះជាច្រើនឆ្នាំមកហើយ។ អ្នកស្រីក៏ជាអ្នកដែលអះអាងថាមានជំងឺនិងទទួលបានការព្យាបាលតាមរយៈការបរិភោគសត្វពង្រូល។ អ្នកស្រីបានអះអាងពីប្រសិទ្ធភាពនៃសត្វព្រៃជាឱសថមួយចំនួន។
លោក អេង ម៉េងអ៊ី មន្ដ្រីទំនាក់ទំនងនៃអង្គការសមាគអភិរក្សសត្វព្រៃ WCS មានប្រសាសន៍ថា ការលើកឡើងរបស់ឈ្មួញសត្វព្រៃខាងលើគ្រាន់តែជាជំនឿតគ្នារបស់ប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
លោកម៉េងអ៊ី បានបកស្រាយស្របគ្នាទៅនឹងការបកស្រាយរបស់លោក ឈិត សំអាត ប្រធានអង្គការមូលនិធិសកល សម្រាប់ការពារធនធានធម្មជាតិ WWF ដែរ។ «កន្លងមកដូចយើងបានលឺហើយ ដូចជាប្រភេទសត្វតេះ ដែលអ្នកខ្លះគេថា ហូបឈាមវាទៅព្យាបាលជំងឺនេះ យកឆ្អឹងវាមកត្រាំស្រាទៅព្យាបាលជំងឺនោះ តាមពិតទៅវាគឺជាជំនឿខុស ដោយសារគាត់យល់ថា សត្វតេះវារស់តាមតំបន់លើភ្នំ ហើយពេលណាវាមានជំងឺអី គេនិយាយតគ្នាថា កាលណាវាលិឍជើងវាទៅ វាព្យាបាលជា អីអញ្ចឹង តាមពិតវាជាជំនឿខុស ហើយជំរុញឲ្យគាត់ហូបអញ្ចឹងៗ»។
ព្រោះតែជំនឿខុសនេះ បានធ្វើឲ្យពលរដ្ឋមួយចំនួននៅតែឈ្លៀតលួចបរបាញ់សត្វព្រៃដោយខុសច្បាប់។ សត្វព្រៃជាច្រើនប្រភេទដែលកំពុងទទួលរងការគំរាមកំហែងពីការលួចបរបាញ់រួមមាន សត្វឈ្លូស ប្រើស រមាំង ទន្សោង និងសត្វខ្ទីង សម្រាប់យកសាច់និងស្នែង។
លោក អេង ម៉េងអ៊ី បានសង្កត់ធ្ងន់ថា ប្រភេទសត្វព្រៃ ទាំងអស់ខាងលើនេះ គឺពោពេញទៅដោយជំងឺ ហើយការយកសត្វទៅបរិភោគ ឬក៏ប្រើជាឱសថ វាមិនបានជួយឲ្យជំងឺបានជាសះស្បើយឡើយ ហើយមិនតែប៉ុណ្ណោះវាបែរជាបង្កើនជំងឺក្នុងខ្លួន និងបង្កឲ្យបាត់បង់សត្វព្រៃទៅវិញ។ «តាមអ្វីយើងស្រាវជ្រាវ ក៏ដូចជាអ្វីដែលយើងសិក្សាកន្លងមកវាជាជំនឿខុស ព្រោះថា សត្វមួយចំនួនវាផ្ទុកទៅដោយជំងឺ ហើយកាលណាគាត់យកទៅហូបហ្នឹងវាមិនបង្កើនសុខភាព វាបែរជាបង្កើនជំងឺទៅវិញ ហើយការយល់ខុស វាមិនថែមទាំងធ្វើឲ្យប៉ះពាល់សុខភាពគាត់ ហើយធ្វើឲ្យបាត់បង់សត្វព្រៃថែមទៀត»។
សត្វព្រៃបើទោះជាមានច្បាប់ការពារ និងក្រុមអភិរក្ស យ៉ាងណាក៏ដោយប៉ុន្ដែពួកវា នៅតែងាយនិងទទួលគ្រោះថ្នាក់ ពីព្រោះទីជម្រកសម្រាប់លាក់ខ្លួនមួយភាគធំ ត្រូវបានលួចកាប់បំផ្លាញ។ លោក អេង ម៉េងអ៊ី យល់ថា ការកាប់បំផ្លាញព្រៃឈើក៏ជាផ្នែកមួយដែលជួយពន្លឿនការសម្លាប់សត្វព្រៃពីអ្នកលួចបរបាញ់ដែរ ព្រោះបើគ្មានកន្លែងលាក់ខ្លួនសត្វព្រៃងាយនឹងត្រូវគេរកឃើញណាស់ដោយសារពួកវាត្រូវការបម្លាស់ទី។
មន្ដ្រីនៃអង្គការសមាគអភិរក្សសត្វព្រៃ WCS និយាយថា ដើម្បីរក្សាសត្វព្រៃឲ្យនៅគង់វង្សបានលុះណាតែមានការចូលរួមពីពលរដ្ឋដោយឈប់បរិភោគសាច់ និង បញ្ឈប់ការទិញឬជួញសត្វព្រៃ។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បុរសអ្នកចំការពីរនាក់ ដែលរស់នៅក្នុងស្រុកកែវសីមា ត្រូវបានចាប់បញ្ជូនទៅកាន់សាលាដំបូង ខេត្តមណ្ឌលគិរី ក្រោមបទសង្ស័យថា បានសម្លាប់សត្វស្វាកន្ទុយស ចំនួនពីរក្បាល ក្នុងតំបន់អភិរក្សសត្វព្រៃ ជម្រកដែនសីមា ដើម្បីយកក្រពះធ្វើជាឱសថបុរាណ។
លោក ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាគួរតែបោះបង់ជំនឿលើការបរិភោគសាច់សត្វព្រៃដើម្បីព្យាបាលរោគដោយហេតុថាជំនឿនេះមិនមានលក្ខណវិទ្យាសាស្ត្រ។ «កាលពីប៉ុន្មានឆ្នាំមុន គេល្បីរឿងពពែភ្នំ (សត្វតេះ) ហើយបាននាំគ្នាទៅបរបាញ់ ទៅចាប់មក ប៉ុន្ដែក្រោយពីការប្រើទៅគ្មានប្រសិទ្ធភាពអីច្បាស់លាស់ ក៏បាត់ទៅវិញទៅ ព្រោះវាគ្រាន់ជាជំនឿជឿតៗគ្នា ប៉ុន្ដែអត់មានអីជាលក្ខណជាវិជ្ជាសាស្ដ្រ។ទាក់ទងការយកសត្វព្រៃធ្វើជាឱសថបុរាណនេះ សុំឲ្យគាត់គិតគូចូលរួមការពារអភិរក្សសត្វទាំងអស់ហ្នឹងផង ព្រោះឥឡូវនេះសត្វមួយចំនួនបានធ្លាក់ចូលក្នុងប្រភេទសត្វកម្រជិតផុតពូជ ហើយបើអញ្ចឹងទេ បើសិនស្ថិតក្នុងប្រភេទសត្វហ្នឹងសុំឲ្យកាត់បន្ថយ ហើយសុំមកពិនិត្យឱសថវិជ្ជសាស្ដ្រវិញ អញ្ចឹងកិច្ចការនេះសុំឲ្យចូលរួមទាំងអស់គ្នា»។
ច្បាប់ស្ដីពីព្រៃឈើឆ្នាំ២០០២ មាត្រា៤៩ បានចែងថា ហាមឃាត់ដាច់ខាតរាល់សកម្មភាពបរបាញ់ យាយីបំផ្លាញសត្វព្រៃគ្រប់ប្រភេទ ជាពិសេសការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងការនាំចេញនាំចូល។
យោងលើច្បាប់តំបន់ការពារ នៃព្រះរាជាណាចក្រកម្ពុជា ការបរបាញ់សត្វព្រៃ ប្រភេទរងគ្រោះជិតផុតពូជ អាចប្រឈមនឹងការជាប់ពន្ធនាគារ ចាប់ពី ១ – ៥ឆ្នាំ និងអាចរងការពិន័យអន្តរការ ជាទឹកប្រាក់ពី ១៥ទៅ ១០០លានរៀល ឬស្មើនឹង ៣,៧៥០ដុល្លារ ដល់ ២,៥០០០ ដុល្លារអាមេរិក។
ប្រទេសកម្ពុជាមានតំបន់ព្រៃអភិរក្សចំនួន៤៦ និងតំបន់អភិរក្សជីវចម្រុះមួយ ដែលគ្របដណ្តប់លើតំបន់មាននៅខាងកើតទន្លេមេគង្គ ខាងជើងទន្លេសាប និងតំបន់ខាងត្បូងទន្លេសាប។ តំបន់ការពារទាំងនេះមានផ្ទៃដីសរុបចំនួន៧,៥លានហិចតា។
លោក ជា សំអាង បានអះអាងថា ពេលនេះក្រសួងបាននឹងកំពុងចុះអប់រំពលរដ្ឋឲ្យយល់ពីសារសំខាន់ នៃវត្ដមានសត្វព្រៃក្នុងប្រទេសកម្ពុជា និងបញ្ឈប់ការយល់ខុសពីការយកសត្វទាំងនោះមកធ្វើជាឱសថបុរាណបន្ដទៀត៕