en     km
en     km

យុវជនកាកបាទក្រហមកម្ពុជាចុះអប់រំអំពីសុវត្ថិភាពចរាចរណ៍ មុនពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ

Share

ភ្នំពេញ៖កាលពីថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផង បានរៀបចំការចុះផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនៅតាមផ្សារធំៗចំនួនបី រួមមានផ្សារអូរឫស្សី ផ្សារថ្មី និងផ្សារជម្ពូវ័ន្ត។ 

kakbak-kreom-hom

ក្នុងមួយថ្ងៃ មានយុជន និងមន្ដ្រីកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ និងសិស្សរួមនិងតំណាងផ្សារសរុបចំនួនប្រមាណ៤០នាក់បានប្រើឧឃោសនស័ព្ទផ្សព្វផ្សាយអំពីសារអប់រំ មានជាអាទិ៍កុំបើកបរក្រោយពេលពិសាគ្រឿងស្រវឹងជាដើម។ ក្រៅពីនោះក៏បានធ្វើសកម្មភាពដើរចែកប័ណ្ណផ្នត់អប់រំសុវត្ថិភាពចរាចរណ៍នៅតាមជុំវិញផ្សារ ចំណតរថយន្ដ និងនៅតាមតូបនានាក្នុងផ្សារ។

ការរៀបចំយុទ្ធនាការនេះគឺដោយមានការជួយឧបត្ថម្ភផ្នែកបច្ចេកទេសនិងថវិកាពីអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង (IARD)។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងច្រើនក្នុងកំឡុងពេលបុណ្យធំៗដែលប្រជាជនធ្វើដំណើរច្រើន ក្នុងនោះបុណ្យចូលឆ្នាំប្រពៃណីជាតិគឺជាឧិកាសមួយដែលមានគ្រោះថ្នាក់ចរាចរណ៍ និងមានមនុស្សស្លាប់ច្រើន។

តាមតួលេខទទួលបានពីប្រព័ន្ធព័តមានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងរយពេល៧ថ្ងៃនៃបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីឆ្នាំ២០១៦មានជនរងគ្រោះសរុបចំនួន៥៦៤នាក់ ក្នុងនោះបានបាត់បង់ជីវិតចំនួន៦៥នាក់។ ជាមធ្យមមានមនុស្សស្លាប់ជិត១០នាក់ក្នុងមួយថ្ងៃ។

ឆ្លៀតពេលកំពុងមមាញឹកក្នុងការងារ លោក ខឹម សុផល ប្រធានកម្មវិធីសុវត្ថិភាពចរាចណ៍នៃកាកបាទក្រហមកម្ពុជា បានបញ្ជាក់ប្រាប់អ្នកយកព័តមានយើងឲ្យបានដឹងថាគោលបំនងនៃការចុះធ្វើយុទ្ធនាការនាពេលនេះគឺអប់រំឲ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនថែមទៀតពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងមិនប្រព្រឹត្តនូវឥរិយាបទដែលនាំឲ្យមានគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ ក្នុងនោះរួមមានទាំងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងផងដែរ។

លោកសង្កត់ធ្ងន់ថា ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គឺជាមូលហេតុធំមួយដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតច្រើនជាងគេបន្ទាប់ពីល្បឿន។

ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាមូលហេតុមួយនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ព្រោះវាធ្វើឲ្យអ្នកបើកបរស្រវាំងភ្នែក ហ៊ឹងត្រចៀក ការគឹតនិងធ្វើសេចក្ដីសម្រេចចិត្តមិនបានលឿន រីឯសកម្មភាពបញ្ជារយានទៀតសោតក៏មិនបានរហ័សដូចអ្នកដែលមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដែរ។

ជាទូទៅ គ្រោះថ្នាក់ដែលបណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងរមែងធ្ងន់ជាងគ្រោះថ្នាក់ដែលមិនពាក់ព័ន្ធដល់គ្រឿងស្រវឹងព្រោះថា កាលបើស្ថិតក្នុងស្ថានភាពស្រវឹង អ្នកបើកបរអាចនឹងមានចិត្តបើកបរលឿនហួសល្បឿនកំណត់ បើកវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន មិនយកចិត្តទុកដាក់ក្នុងការពាក់ខ្សែក្រវាត់សុវត្ថិភាព ឫមួកសុវត្ថិភាព មិនគោរពភ្លើងឫផ្លាកសញ្ញាចរាចរណ៍ជាដើម៕

 

Share

ព័ត៌មានទាក់ទង

Image