en     km
en     km

កម្ពុជា​ព្យួរ​កិច្ច​សហការជាមួយ​កងទ័ព​ជើងទឹកអាមេរិក

Share

ភ្នំពេញ៖ ស្ថានទូតអាមេរិកបានប្រកាសឲ្យដឹងថារដ្ឋាភិបាលកម្ពុជាបានលុបចោលកិច្ចសហប្រតិបត្តិការមនុស្សធម៌ជាមួយក្រុមកងទ័ពជើងទឹកមកពីសហរដ្ឋអាមេរិក។ ការសំរេចចិត្តនេះបានធ្វើអោយគម្រោងយ៉ាងហោចណាស់ចំនួន៨០ម៉ឺនគម្រោងសំរាប់ឆ្នាំ២០១៧ដល់ឆ្នាំ២០១៩ ត្រូវរំលាយចោល។

ក្រុមកងទ័ពជើងទឹកអាមេរិក«ឃ្មុំសមុទ្រ»។ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុកស្ថានទូតអាមេរិក
ក្រុមកងទ័ពជើងទឹកអាមេរិក«ឃ្មុំសមុទ្រ»។ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុកស្ថានទូតអាមេរិក

រាជរដ្ឋាភិបាលកម្ពុជាបានសំរេចព្យួរកិច្ចសហការផ្នែកមនុស្សធម៌ជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិក«ដោយគ្មានពេលកំណត់»និងដោយមិនបានបញ្ជាក់ពីមូលហេតុ។

លោកដេវីដ ជោសារ (David Josar) អ្នកនាំពាក្យរងនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ក្នុងសារអេឡិកត្រូនិកឬអ៊ីម៉ែលនៅថ្ងៃអង្គារនេះថា «រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ហេតុផលអំពីការសំរេចចិត្តរបស់ខ្លួនទេ។»

មន្ត្រីអ្នកនាំពាក្យដដែលបញ្ជាក់បន្ថែមថាការសំរេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាបានលុបចោលគម្រោងដែលត្រៀមរួចរាល់ជាង៨០ម៉ឺនគម្រោងក្នុងខេត្តចំនួនប្រាំបី។ក្នុងនោះមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម កំពង់ស្ពឺ កំពង់ធំ ខេត្តកំពត ប៉ៃលិន ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។

ក្រុមកងទ័ពជើងទឹកអាមេរិក«ឃ្មុំសមុទ្រ» បានគ្រោងបន្ទប់ទឹកចំនួនប្រាំមួយក្នុងសាលារៀននិងសាលសម្ភពចំនួនពីរថ្មីទៀតនៅឆ្នាំ២០១៧នេះ។ ការសាងសង់ទាំងនេះមានតម្លៃ២៦ម៉ឺន៥០០០ដុល្លារអាមេរិក។ បន្ថែមពីនោះក្រុមកងទព័មនុស្សធម៌ដដែលនេះគ្រោងនឹងចំណាយទឹកប្រាក់ចំនួន៥៥ម៉ឺនដុល្លារអាមេរិកសំរាប់គម្រោងនៅឆ្នាំ២០១៨និងឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។

ដោយឡែកលោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីសុំមិនធ្វើអត្ថាធិប្បាយក្នុងសំណុំរឿងនេះ។

ចាប់តាំងពីឆ្នាំ២០០៨មក ក្រុមកងទ័ពជើងទឹកអាមេរិក«ឃ្មុំសមុទ្រ»បានបំពេញសកម្មភាពមនុស្សធម៌ដល់សហគមនានាដែលបានចំណាយទឹកប្រាក់ច្រើនជាង៥លានដុល្លារអាមេរិក។

ក្រុមឃ្មុំសមុទ្រនេះបានកសាងមន្ទីរពេទ្យ ជីកអណ្តូងទឹក និងធ្វើឲ្យប្រសើរឡើងនៃអគារសិក្សាតាមសាលារៀន សាងសង់បន្ទប់ទឹកនៅតាមបណ្តាសាលារៀនសាធារណៈនានាក្នុងខេត្តចំនួន១១។

ក្រុមនេះបានចាកចេញពីប្រទេសកម្ពុជាបន្ទាប់ពីស្ថិតក្នុងបេសកម្មមនុស្សធម៌រយៈពេលប្រាំបួនឆ្នាំន។

ស្ថានទូតសហរដ្ឋអាមេរិកបានអះអាងកាលពីថ្ងៃចន្ទ័ថារដ្ឋាភិបាលកម្ពុជាទើបតែបានជូនដំណឹងពីការព្យួរកិច្ចសហការជាមួយក្រុមកងទ័ពជើងទឹកចល័តអាមេរិកនេះកាលពីសប្តាហ៍មុន។

ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនស្ថានទូតអាមេរិក បានលើកឡើងថា«ពលរដ្ឋកម្ពុជារាប់សែននាក់បានទទួលផលពីកិច្ចការ» មនុស្សធម៌។

ស្ថានទូតអាមេរិកបានសរសេរបន្ថែមថា«យើងមានសេចក្តីក្រៀមក្រំនៅពេលដែលឃើញក្រុមឃ្មុំសមុទ្រត្រូវចាកចេញ។ប៉ុន្តែយើងមានមោទនភាពចំពោះសមិទ្ធិផលដែលពួកគេសំរេចបានក្នុងរយៈពេលប្រាំបួនឆ្នាំចុងក្រោយនេះ។

ក្រុមឃ្មុំសមុទ្របានបំពេញកិច្ចការសាងសង់នាំមុខ។ ហើយពួកគេបានបង្កើតមិត្តថ្មីៗនៅគ្រប់ទីកន្លែងដែលពួកគេបានទៅដល់»។នេះមិនមែនជាលើកទី១ទេដែលកម្ពុជាព្យួរកិច្ចសហការយោធាជាមួយសហរដ្ឋអាមេរិក។

កម្ពុជាបានព្យួរសមយុទ្ធយោធាប្រចាំឆ្នាំជាមួយអាមេរិកដែលមានឈ្មោះថាឆ្មាំ អង្គរ កាលពីឆ្នាំមុនខណៈដែលកម្ពុជាត្រូវធ្វើសមយុទ្ធយោធាជាមួយប្រទេស ចិន។ សមយុទ្ធយោធាជាមួយប្រទេសចិនដែលមានឈ្មោះថា «នាគមាសឆ្នាំ២០១៦»និងមានកងទ័ពកម្ពុជានិងកងទ័ពចិនចូលរួមប្រមាណ១០០០នាក់៕

Share

ព័ត៌មានទាក់ទង

Image