en     km
en     km

ស្ថាប័នតុលាការ ចាប់ផ្តើមហាម អ្នកសារព័ត៌មានថតរូប និងសម្ភាសន៍ជនជាប់ចោទ

Share

ភ្នំពេញ ៖ រយៈពេលចុងក្រោយនេះ ស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់បានដាក់ការរឹតបន្តឹងអ្នកសារព័ត៌មានមិនឱ្យ ស្រង់ព័ត៌មាននិងការថតរូបជនសង្ស័យឬជនជាប់ចោទបាន ងាយស្រួលដូចមុនៗទៀតឡើយ។ អ្នកសារព័ត៌មានតែងតែត្រូវសន្តិសុខ ឬអនុរក្សពន្ធនាគារហាមឃាត់ មិនឱ្យថតរូប ឬសម្ភាសន៍ជាមួយ ជនសង្ស័យ ឬជនជាប់ចោទ ក្នុងអំឡុងពេលនាំឡើងសវការ។

កម្លំាងប្រដាប់អាវុធឈរយាមនៅមុខតុលាការកំពូល ក្នុងសំណុំរឿងលោក នី ចរិយា នៅថ្ងៃទី ២៤ ខែមីនា ឆ្នំា ២០១៧។
កម្លំាងប្រដាប់អាវុធឈរយាមនៅមុខតុលាការកំពូល ក្នុងសំណុំរឿងលោក នី ចរិយា នៅថ្ងៃទី ២៤ ខែមីនា ឆ្នំា ២០១៧។

អ្នកជំនាញសារព័ត៌មានលើកឡើងថា ការរឹតត្បិតនេះ គឺផ្ទុយនឹងច្បាប់សារព័តមាន និងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ តែមន្ត្រីក្រសួងយុត្តិធម៌ថាធ្វើនេះដើម្បីរក្សារឿងសម្ងាត់របស់ជនជាប់ចោទ។

អ្នកសារព័ត៌មានជាច្រើនបានលលើកឡើងថា មួយរយៈចុងក្រោយនេះ ការផ្តិតយកព័ត៌មាននៅស្ថានប័នតុលាការ មានការរឹតត្បិតជាងមុន។

ការរឹតត្បិតនេះ បន្ទាប់ពី លោក គឹម សុខអ្នកវិភាគបញ្ហាសង្គមនិងនយោបាយ និងលោក ហេង ពៅ អតីតស្នងការប៉ូលិសរាជធានីភ្នំពេញ បានព្យាយាមផ្តល់សម្ភាសន៍ទៅដល់អ្នកសារព័ត៌មាន អំពីរឿងរ៉ាវសំងាត់ខ្លះ។

ពួកគាត់ទាំង២ បានព្យាយាមនិយាយ មកកាន់អ្នកសារព័ត៌មាន ដើម្បីចង់ប្រាប់រឿងរ៉ាវដែលពួកគេ គិតថា នឹងអាចធ្វើឱ្យលាន់លឺដល់ ពលរដ្ឋដែលថាគេគ្មានកំហុសឡើយ។

លោក គឹម សុខ បានស្រែកប្រាប់អ្នកសារព័ត៌មានថា នាយករដ្ឋមន្ត្រីបហ៊ុន សែន បញ្ចូនមនុស្សទៅនិយាយជាមួយលោកជាថ្នូរនឹងការដោះលែងឱ្យនៅក្រៅឃុំ។លោកថាគេ ទៅបញ្ចុះបញ្ចូលលោក ឱ្យលែង រិះគន់រដ្ឋាភិបាល ហើយ បើពុំនោះទេ គេនឹងយកលោកទៅ ឃុំក្នុងគុកងងឹត។

កាលពីថ្ងៃទី ១៥ មីនា លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ បានព្យាយាមផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីរឿងរ៉ាវមួយចំនួន។ មិនតែប៉ុណ្ណោះ លោកថែមទាំងបង្ហើបពីអ្នកដែលសម្លាប់លោកជា វិជ្ជាថែមទៀតផង។

តែស្របពេលនេះ មន្ត្រីសិទិ្ធមនុសុ្សសមាគមអាដហុក ដែលសមត្ថកិច្ចនាំខ្លួនមកកាន់តុលាការម្ដងៗបានស្រែកថា តុលាការតេឡេ ក្រោមបញ្ជាអ្នកមានអំណាច ទើបមិនដោះលែង ពួកគេឱ្យមានសេរីភាព។

ទំនងទាំងនេះហើយមើលទៅ ដែល ស្ថាប័នតុលាការ ចាប់ផ្ដើមរឹតបន្តឹងសេរីភាពអ្នកសារព័ត៌មានមិនឱ្យទៅជិតនិងថតរូបជនជាបើចោទដែលសូម្បី មិនស៊ិនថតសំឡេង និង កាមេរ៉ា សឹងមិនឱ្យ ចូលបរិវេណតុលាការផង។

ទាក់ទិនវិធានការនេះ លោក មឿន ឈានណារិទ្ធិ សាស្ត្រាចារ្យសារព័ត៌មាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា ការរឹតត្បិតសេរីភាពសាររព័ត៌មាន និង សេរីភាពនៃការបញ្ចេញមតិ គឺប្រាសចាកនឹងស្មារតីនៃច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា តាមច្បាប់សារព័ត៌មាន បានចែងយ៉ាងច្បាស់ថា អ្នកសារព័ត៌មាន មានសិទ្ធិទៅយកព័ត៌មាននៅគ្រប់ទីកន្លែងទាំងអស់ដែលគ្រប់គ្រងដោយរដ្ឋ ហើយស្ថាប័នតុលាការតុលាការ ក៏ត្រូវបានចាត់ទុកថា ជាស្ថាប័នរបស់រដ្ឋដែរ ដូច្នេះការឹតត្បិតនេះ គឺផ្ទុយនឹងទាំងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់សារព័ត៌មាន។សំលេង

ជុំវិញការហាមមិនឱ្យថត ឬសម្ភាសន៍លោក គឹម សុខ នៅមុន ឬក្រោយពេលសវនការ នេះលោកមឿន ឈានណារិទ្ធមានប្រសាសន៍ថា មិនសមហេតុផលទេ ព្រោះលោក គឹម សុខ ត្រូវបានចាត់ទុកថាជាបុគ្គលសារធារណៈ ហេតុនេះអ្នកសារព័តមានសិទ្ធិថតរូប ឬក៏ធ្វើបទសម្ភាសន៍ជាមួយគាត់។សំលេង

តែយ៉ាងនេះក្ដី សម្រាប់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់វិទ្យុស្ត្រីថា ការហាត់ឃាត់ មិនឱ្យធ្វើបទសម្ភាសន៍ជាមួយជនជាប់ចោទ គឺដើម្បីសន្តិសុខ សុខវត្តិភាព និងការរក្សាការសម្ងាត់រឿងក្តីនោះទេ។

លោកបន្តថា បទបញ្ជាដែលបានដាក់ចេញនេះ នៅប្រទេសអភិវឌ្ឍ និងប្រកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួនដូចជាអូស្រា្តលី បារាំងជាដើម ក៏អនុវត្តដូចគ្នាយ៉ាងដូចច្នេះដែរ ហើយក៏មិនបានប៉ះពាល់ដល់ច្បាប់សារព័ត៌មាននោះដែរ។

លោកបន្ថែមថា ដល់ពេលហើយដែលកម្ពុជា ត្រូវអនុវត្តដូចនេះ ខណៈដែលកន្លងស្ថាប័នតុលាការបានផ្តល់ឱកាសដល់អ្នកសារព័ត៌មានធ្វើការសម្ភាសន៍និងថតរូបជនជាប់ចោទ។

ទាក់ទិនបញ្ហានេះដែរ លោក មឿន តុលា អ្នកឃ្លាំមើលស្ថានការណ៍សង្គម យល់ថា បច្ចុប្បន្ននេះ ទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មានកំពុងតែរងគ្រោះដោយសារការរឹតត្បិតធ្ងន់ធ្ងរពីរដ្ឋាភិបាល ដែលនេះសបញ្ជាក់ឱ្យឃើញថា អ្នកដឹកនាំរដ្ឋហាក់ដើបញ្ច្រាស់ពីការវិវត្តិរបស់សង្គម។ តែយ៉ាងណាមិញ បើទោះបីជារដ្ឋាភិបាលព្យាយាមលាក់បាំងយ៉ាងណាក៏ដោយ គឺបិទមិនជិតនោះទេ។

លោកបន្តថា ជាទូទៅប្រទេសដែលប្រកាន់លិទ្ធិប្រជាធិបតេយ្យ គឺគេយកសារព័ត៌មានឯករាជ្យ ជាដៃគូក្នុងការផ្សព្វផ្សាយទៅកាន់ម្ចាស់ឆ្នោតលើកលែងតែប្រទេសប្រកាន់អំណាចផ្តាច់នោះទេ ដែលគេមិនយកអ្នករព័ត៌មាន ធ្វើជាដៃគូ ហើយផ្ទុយទៅវិញគេនឹងប្រើប្រាស់អ្នកសារព័ត៌មានណាដែលសរសេរតាមដែលគេប្រាប់ មកធ្វើជាដៃគូ។ នេះជាលើកដំបូងហើយដែរ ស្ថាប័នតុលាការរឹតត្បិតសិទិ្ធសេរីភាពអ្នកសារព័ត៌មាន ដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ចាត់ទុកជាអំណាចទី៤ ៕

 

Share

ព័ត៌មានទាក់ទង

Image