en     km
en     km

រដ្ឋាភិបាល​ហាម​លក់​ទឹកដោះ​ស្ត្រី​ខ្មែរ​ទៅ​អា​មេ​រិ​ក​(មានសំឡេង)

Share

ភ្នំពេេញ៖ទីបំផុតទៅ ប្រទេសកម្ពុជាមិនអនុញ្ញាតិឲ្យធ្វើអាជីវកម្មលើទឹកដោះស្ត្រីខ្មែរទៀតទេ។ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីសំរេចមួយនៅថ្ងៃនេះបញ្ជាឲ្យក្រសួងសុខាភិបាលចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការជួញដូរទឹកដោះមាតាទៅកាន់សហរដ្ឋអាមេរិក។

លោក កែវ សុខា ជូនសេចក្ដីរាយការណ៍ព័ត៌មាននេះ ៖

mother

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យទប់ស្កាត់«ជាបន្ទាន់»នូវការជួញដូរទឹកដោះស្ត្រីពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។

នៅក្នុងលិខិតមួយផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃអង្គការទី២៨ខែមិនានេះ លោកង៉ោ ហុងលី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានលើកហេតុផលថា «បើទោះជាកម្ពុជាលំបាកយ៉ាងណាក៏មិនដល់ថ្នាក់ត្រូវលក់ទឹកដោះម្តាយនោះដែរ។»

លោកង៉ោ ហុងលី គូសបញ្ជាក់ដោយយោងទៅលើចំណាររបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថារាជរដ្ឋាភិបាលបានសំរេចថា«ត្រូវចាត់ការទប់ស្កាត់ជាបន្ទាន់នូវការប្រមូលទិញនិងការនាំចេញទឹកដោះម្តាយពីប្រទេសកម្ពុជា។»។

សេចក្តីសំរេចធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីក្រុមហ៊ុនអាមេរិកឈ្មោះថា Ambrosia Labs ផ្អាកការទិញទឹកដោះម្តាយពីក្រុមហ៊ុន គុណមាតា របស់ប្រទេសកម្ពុជាដោយសារក្រុមហ៊ុននេះមិនទាន់មានការទទួលស្គាល់ពីក្រសួងសុខាភិបាលឡើយ។

ទោះជាបែបនេះក្តី យោងតាមលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនោះ ក្រុមហ៊ុនគុណមាតា នេះបានចុះបញ្ជីពាណិជ្ជកម្មដោយប្រើឈ្មោះថាជាក្រុមហ៊ុន Ambrosia Labs។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ប៉ុន្តែលោកធ្លាប់ប្រាប់វិទ្យុស្ត្រីថា ការធ្វើអាជីវកម្មនេះ«មិនសមក្នុងប្រទេសកម្ពុជាទេ»។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថាក្រសួងសុខាភិបាលនឹងមិនមានវិធានការណ៍បែបណាចំពោះក្រុមហ៊ុននាំទឹកដោះស្ត្រីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកគឺក្រុមហ៊ុន គុណមាតានោះទេ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកកែន រដ្ឋា មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។

បុគ្គលិកក្រុមហ៊ុនហ៊ុនគុណមាតា អ្នកស្រី សុ ភក្តី មានប្រសាសន៍ថាក្រុមហ៊ុនមិនទាន់បានទទួលលិខិតផ្លូវការណាមួយពីរដ្ឋាភិបាលនៅឡើយ។ លោកស្រីបញ្ជាក់ថាក្រុមហ៊ុននឹងមិនជំទាស់ក្នុងការបិទនោះទេ។ប៉ុន្តែលោកស្រីចាត់ទុកថាការសម្រេចចិត្តរបស់រដ្ឋាភិបាលនេះគឺជាការសំរេចចិត្តគួរឲ្យភ្ញាក់ផ្អើល។

ដំណើរការចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៦មក ក្រុមហ៊ុន«គុណមាតា»ទិញទឹកដោះធម្មជាតិពីស្ត្រីខ្មែរ ដែលភាគច្រើនជាស្ត្រីដែលមានជីវភាពក្រីក្រ។

លោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានប្រតិកម្មកាលពីព្រឹកមិញនេះដែរក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំថា កម្ពុជាគួរមានច្បាប់ទប់ស្កាត់ការលក់ដូរបែបណាមួយចេញពីរាងរាយរបស់ស្ត្រី។

បុគ្គលិករបស់ក្រុមហ៊ុននេះធ្លាប់បានអះអាងប្រាប់វិទ្យុស្ត្រីថាមានស្រី្តខ្មែរប្រមាណ ២០ នាក់ ក្នុងមួយថ្ងៃបានមកបូមទឹកលក់ឲ្យក្រុមហ៊ុននេះ ដោយការស្ម័ក្រចិត្ត។

ទឹកដោះដែលបូមចេញពីដើមទ្រូងស្ត្រីកំពុងមានបុត្រនោះត្រូវក្រុមហ៊ុនច្រកនៅក្នុងថង់ប្លាស្ទិកដោយមានលេខកូដសម្គាល់ច្បាស់លាស់តាមម្ចាស់ទឹកដោះនិមួយៗ។ ហើយទឹកដោះត្រូវបង្កកទុកក្នុងទូរទឹកកក់ ដើម្បីនាំចេញនៅសហរដ្ឋអាមេរិក។

ម្តាយដែលអាចផ្តល់ទឹកដោះត្រូវមានកូនអាយុចាប់ ៦ ខែឡើងទៅ។ ម្តាយដែលមកលក់ទឹកដោះនៅក្នុងក្រុមហ៊ុន«គុណមាតា» តម្រូវឲ្យបូមយកទឹកដោះតែពីរដងគត់ក្នុងមួយថ្ងៃ។ ក្នុងសមាមាត្រអាមេរិកមួយឱនឬប្រហែលជា៣០មីលីលីត្រតម្លៃ ២០០០ រៀលឬស្មើនឹង៥០សេនលុយដុល្លារអាមេរិក។ នេះបើតាមបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន។

នៅលើគេហទំព័ររបស់ក្រុមហ៊ុន គុណមាតា ស្ត្រីដែលធ្លាប់បូមទឹកដោះលក់មួយចំនួនបានសំដែងការព្រួយបារម្ភចំពោះការបាត់បង់ចំណូលផ្គត់ផ្គង់គ្រួសារខណៈដែលក្រុមហ៊ុនគុណមាតាត្រូវបិទទ្វារនោះ។

អង្គការមូលនិធិសហប្រជាជាតិ ដើម្បីកុមារ ហៅថា UNICEFE បានថ្កោលទោសក្រុមហ៊ុនអាមេរិកឈ្មោះថា Ambrosia Labs ចំពោះការបញ្ជាទិញទឹកដោះម្តាយធម្មជាតិពីស្ត្រីក្រីក្រខ្មែរនេះ។ អង្គការនេះចាត់ទុកថា ការទិញ លក់ទឹកដោះម្តាយប្រៀបដូចជាការលក់ដូរកោសិកាមនុស្សដែរ៕

 

Share

ព័ត៌មានទាក់ទង

Image