en     km
en     km

តុលាការ​សម្រេច​ស៊ើបអង្កេត​ជនសង្ស័យ​ពីរ​នាក់​ទៀត​ពាក់ព័ន្ធ​ជួប​សម្លាប់​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ សាលាដំបូង​សម្រេច​បំបែកសំណុំរឿង​ជា​ពីរ​ ដោយ​ស៊ើប​អ​ង្គេ​តទៅ​លើ​ជន សង្ស័យ​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត​ ដែល​ជា​ដៃជើង​ជាមួយ​ជួប​លោក​សម្លាប់​ ក្នុង​ករណី​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​។

​ការ​សម្រេច​នេះ​ បន្ទាប់​ពី​មេធាវី​ការ​ ពារ​ក្តី​ ជួប​សម្លាប់​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​ធ្លាប់​ស្នើ​តុលាការ​ឱ្យ​បំបែក​រឿង​ក្តី​នេះ​ ព្រោះ​ករណី​នេះ​នៅ​មាន​ជនសង្ស័យ​ពីរ​រូប​ទៀត​ ជាប់​ពាក់ព័ន្ធ​ការ​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​តែ​អ្នក​សង្កេតការណ៍​នៅ​តែ​មិន​មាន​ជំនឿ​។​

អ្នកស្រី បូ រចនា ឈរក្បែរ រូបសំណាក់ស្វាមីខ្លួន។
អ្នកស្រី បូ រចនា ឈរក្បែរ រូបសំណាក់ស្វាមីខ្លួន។

​លោក​ លី​ សុ​ផា​ណា​ ព្រះរាជអាជ្ញា​រង​ និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​តប​នឹង​សំនួរ​របស់​អ្នក​សារព័ត៌មាន​តាម​បណ្តេញ​តេ​ឡេ​ក្រម​កាលពី​ថ្ងៃ​ទី​ ២៣​ មីនា​ថា​ សំណុំរឿង​ករណី​ឃាតកម្ម​លោក​បណ្ឌិត​កែម​ឡី​ តុលាការ​សម្រេច​បំបែក​ដើម្បី​ស៊ើបអង្កេត​បន្ត​។​ លោក​បន្ត​ថា​ រឿង​នេះ​អាច​មាន​ប្រយោជន៍​ក្នុង​ដំណើររឿង​ក្ដី​។​

ករណី​ឃាតកម្ម​លើ​ អ្នកវិភាគ​ល្បីល្បាញ​នេះ​  លោក​ជួប​សម្លាប់​ដែល​គេ​ស្គាល់ឈ្មោះ​ថា​ អឿ​ត​ អាង​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អស់​មួយ​ជីវិត​។​

បើ​ទោះបី​អ្នកនាំពាក្យ​សាលាដំបូង​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ជនសង្ស័យ​ដែល​ត្រួ​វ​ស៊ើបអង្កេត​នេះ​ក៏​ដោយ​ ប៉ុន្តែ​ មេធាវី​ការពារ​ក្តី​ឱ្យ​ខ្មាន់កាំភ្លើង​រូប​នេះ​ បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ នៅ​ក្នុង​ករណី​ឃាតកម្ម​នេះ​នៅ​ជនសង្ស័យ​ពីរ​រូប​ទៀត​។​

លោក​មេធាវី​ យុង​ ផានិត​ បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ ម្នាក់​ជា​អ្នកទិញ​កាំភ្លើងខ្លី​ឱ្យ​ជួប​សម្លាប់​ និង​មួយ​រូប​ទៀត​ គឺជា​អ្នក​ដឹក​ជួប​សម្លាប់​មក​ជួប​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃ​កើតហេតុ​។​ តាម​ការ​បញ្ជាក់​ពី​លោក​មេធាវី​ ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ម្នាក់​មានឈ្មោះ​ ពូ​លិ​ស​ និង​ម្នាក់​ទៀត​ឈ្មោះ​ ចក់​។​

លោក អឿត អាង ហៅ ជួប សម្លាប់
លោក អឿត អាង ហៅ ជួប សម្លាប់
តែ​បែប​នេះ​ក្ដី​នាយក​ប្រតិបត្ដិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​ សិទ្ធ​មនុស្ស​ (Central)​ លោក​ មឿ​ន​ តុលា​ មិន​មាន​ជំនឿ​ថា​ តុលាការ​អាច​រក​ភាព​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឡើយ​ បើ​ទោះ​ បី​តុលាការ​បើក​ការ​ស៊ើបអង្កេត​ជនសង្ស័យ​ពីរ​នាក់​បន្ថែម​ក៏​ដោយ​ ។​

​លោក​បន្ត​ថា​ ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ ទំនង​មិន​អាច​រក​ឃើញ​នោះ​ទេ​ ព្រោះ​ករណី​ឃាតកម្ម​ធំៗ​ពាក់ព័ន្ធ​នឹង​រឿង​រសើប​របស់​រដ្ឋាភិបាល​សមត្ថ កិច្ច​មិន​ដែល​រក​ឃើញ​នោះ​ទេ​។​ លោក​ មឿ​ន​ តុលា​៖«​បញ្ចេញ​រឿង​ពីរ​ហ្នឹង​ទៅ​ ដើម្បី​គ្រាន់តែ​ឱ្យ​មហាជន​ហ្នឹង​ គឺ​រៀង​ស្ងប់​អារម្មណ៍​តិច​ទៅ​ តែ​នីតិ វិធី​នៃ​ការ​ស៊ើបអង្កេត​រក​ពីរ​នាក់​ហ្នឹង​ទៀត​ យើង​ឃើញ​ករណី​ ជា​ វិជ្ជា​ ករណី​ រស់​ សុ​វ​ណ្ណា​រ៉េ​ត​ ករណី​ ទូច​ សូ​និក​ អីហ្នឹង​សមត្ថកិច្ច​តែង​លើ​ជា​ហេតុ ផល​ថា​ កំពុង​ស៊ើបអង្កេត​ រហូត​ដល់​ជាង​១០​ឆ្នាំ​ ក៏​កំពុង​ស៊ើបអង្កេត​ដែរ​»​។​

​ករណី​លោក​ កែម​ ឡី​ នេះ​ដែរ​   មាន​អង្គការ​អន្តរជាតិ​ធំ​ចំនួន​ ៣​ និង​ សង្គម​ស៊ី​វិល​កម្ពុជា​ជាង​ ៦០​ មិន​បាន​ទទួលស្គាល់​សាលក្រម​ប្រឆាំង​លោក​ជួប​សម្លាប់​នោះ​ទេ​។​ អង្គការ​អន្តរជាតិ​ទាំង​ ៣​ នេះ​មាន​គណ​ក​ម្មា​ការ​អ្នក​ច្បាប់​អន្តរជាតិ​ (International​ Commission​ of​ Jurists​ (ICJ)​ អង្គការ​លើក លែងទោស​អន្តរជាតិ​ (Amnesty​ International)​ និង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human​ Rights​ Watch)​ ។​

អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក បណ្ឌិត កែម ឡី។
អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក បណ្ឌិត កែម ឡី។
​ទាំង​អង្គការ​នៅ​កម្ពុជា​ និង​អង្គការ​អន្តរជាតិ​ បញ្ជាក់​ថា​ សាលក្រម​ផ្តន្ទាទោស​ជួប​សម្លាប់​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ គឺ​កាន់តែ​បង្ក​ភាព​អយុត្តិ ធម៌​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទៅ​វិញ​ទេ​។​ អយុត្តិធម៌​ ក៏​ព្រោះតែ​ដំណើរការ​ស៊ើបអង្កេត​ករណី​នេះ​ ហាក់​មាន​កង្វក់​ខ្វះ​លើ​ទិដ្ឋភាព​សំខាន់ៗ​ជា​ច្រើន​។​

សេចក្តីថ្លែងការណ៍​ដដែល​សង្កាត់​ធ្ងន់​ថា​ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទទួល​បាន​ភាព​យុត្តិធម៌​ លុះត្រា​មានការ​ស៊ើបអង្កេត​មួយ​ប្រកបដោយ​ភាព​ឯករាជ្យ​ មិន​លំអៀង​ និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ ដើម្បី​កំណត់​រក​ជន​ផ្សេង​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​នេះ​។​

​មជ្ឈដ្ឋាន​មួយ​ចំនួន​ថា​ រដ្ឋាភិបាល​អាច​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​នេះ​។​ យ៉ាងណា​មនុស្ស​ចំនួន​ ៣​ នាក់​ក្នុង​រួម​មាន​លោក​ សម​ រ​ង្ស៊ី​ លោក​ គឹ​ម​ សុខ​ និង​លោកស្រី​ ថា​ក់​ ឡា​នី​  ត្រូវ​បាន​ជាប់​បណ្តឹង​ទៅ​តុលាការ​ ករណី​បាន​ធ្វើការ​អត្ថាធិប្បាយ​ថា​ មានការ​រៀបចំ​កម្រិត​រដ្ឋ​ឱ្យ​មានការ​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​

លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ឃាតករ​ឈ្មោះ​ អឿ​ត​ អាង​ ហៅ​ជួប​សម្លាប់​ បាន​បាញ់​សម្លាប់​នៅ​ក្នុង​ស្តារ​ម៉ា​តនៃ​ស្ថា​នី​យិ៍​ចាក់​សាំង​កាល​ទិច​ ក្បែរ​ភ្លើងស្តុប​បូកគោ​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១០​ ក​ក្ត​ដា​ ឆ្នាំ​ ២០១៦​ បន្ទាប់​ពី​លោក​បាន​ធ្វើការ​វិភាគ​លើ​របាយការណ៍​របស់​អង្គការ​ គ្ល​ប​ល​ វិ​នេស​ (Global​ Witness)​  ដែល​បាន​បកអាក្រាត​លើ​ជំនួញ​គ្រួសារ​ត្រកូល​ហ៊ុន​ របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​៕
​ ​

Share

ព័ត៌មានទាក់ទង

Image