ភ្នំពេញ៖ ក្រុមមន្ត្រីធ្លាប់រួមការងារ ជាសម្តេចវិបុលបញ្ញា សុខ អាន បង្ហាញការសោកស្ដាយ និងបានរំលឹកពីសម្មភាពដែលលោកធ្លាប់រួមការងារកាលនៅមានជីវិតនៅឡើយ។
មន្ត្រីដែលធ្លាប់ រួមការងារនៅក្រោមឱវាទរបស់សម្តេច សុខអាន បានបង្ហាញអារម្មណ៍ សោកស្ដាយចំពោះការបាត់បង់សម្តេចសុខ អាន។
លោក សៀន វិសុទ្ធ អគ្គនាយកទូរទស្សន៍អប្សរា ដែលធ្លាប់រួមការងារជាមួយសម្តេចសុខ អាន ចាប់តាំងពីឆ្នាំ ១៩៩១ ពោលគឺរយៈពេល២៦ឆ្នាំ បានរំលឹកថា លោកបានរួមការងារជាមួយ សម្តេច សុខ អាន នៅក្រសួងការបរទេស។ លោកចាត់ទុកថាមរណភាពរបស់សម្តេច សុខ អាន គឺជាការបាត់បង់មួយ។ «យើងឃើញថា គាត់បញ្ញាវន្តដ៏ឆ្នើមមួយរូប ដោយធ្វើការងារមិនគិតនឿយហត់ មិនគិតពេលវេលា គឺធ្វើយ៉ាងណាឲ្យការងារសម្រេចបាន ទទួលលទ្ធផល បានសម្រេចយោជន៍ជ័យ។»
មិនខុសពីគ្នានេះដែរ លោក ផៃ ស៊ីផាន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យទីស្ដីការគណៈ រដ្ឋ មន្ត្រី ក៏បង្ហាញអារម្មណ៍ក្តុកក្តួលចំពោះផងដែរ។ «លោកតែងតែឲ្យមន្ត្រីជំនាញនីមួយៗ អង្គុយស្និតស្នាលជាមួយលោកជានិច្ច អាហ្នឹងអនុស្សាវនីយ៍ដែលចង់ចាំ ហើយលោកមិនមែនតែប៉ុណ្ណឹងទេ។ លោកចុះទៅដល់កន្លែងការងារផ្ទាល់ មិនថា ពេលសង្គ្រាម ដូចជានៅប្រាសាទព្រះវិហារ។ លោកមិនមែនជាមន្ត្រីចៅហ្វាយនាយរបស់ខ្ញុំទេ លោកជាឪពុករបស់ខ្ញុំក្នុងកិច្ចការងារ និងជាមិត្តជិតស្និតជាមួយមន្ត្រីទាំងអស់។»
លោកផៃ ស៊ីផាន បានរួមការងារជាមួយសម្តេចសុខ អាន អស់រយៈពេលជាងដប់ឆ្នាំមកហើយ។
លោកផៃ ស៊ីផាន រំលឹកពីភាពសាមញ្ញរបស់សម្តេចសុខ អាន និង ការងារខិតខំធ្វើការងារដោយ មិនបានគិតពីការហត់នឿយ ចរិក ទន់ភ្លន់ និង ផ្តល់ឱកាសដល់អ្នករួមការងារ។លោក បន្តថា គុណសម្បតិជាច្រើនរបស់ លោកក្នុងសកម្មភាពជួយជាតិ។
សម្តេច សុខអាន បានទទួលមរណៈ នៅទីក្រុង បេកាំងប្រទេសចិនកាលពីម៉ោង១៨ និង ៣២ល្ងាច ថ្ងៃ១៥ មីនាឆ្នាំ២០១៧ ក្នុងជន្មាយុ ៦៦ ឆ្នាំ ដោយរោគពាធ។ សម្តេចបាននាំយកទៅជាមួយនូវចំនេះដឹងនិងបទពិសោធន៍ដែលលោកបានកសាងកន្លងមក។
លោក ស្រីខ្លូត ធីតា ប្រធារាជបណ្ឌិតសភា ធ្លាប់រួមការងារជាមួយសម្តេច សុខ អាន ៧ឆ្នាំ។ លោកស្រី មានប្រសាសន៍ថា លោកស្រីមានការសោកស្ដាយចំពោះការបាត់បង់នេះ។
«ធ្លាប់និយាយតាមទូរស័ព្ទ បាត់និយាយ១ខែហើយ គាត់ឆ្លើយអត់បានគាត់ឆ្លើយថាអត់បានមកទេ ឆ្លើយតែលោកជំទាវ អាន្នី សុខ អាន ថាវិលវិញៗ តែគាត់ថានៅសិនៗ។ ស្តាយស្រណោះ ដូចប្អូនប្រុស ព្រោះអ្នកគ្រូត្រូវ បងប្រុស ប្អូនប្រុស ប៉ុលពតសម្លាប់អស់ហើយនិង។»
ដំណាលគ្នានេះគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានចូលរួមមរណទុក្ខដល់មរណភាពសម្តេច សុខ អាននេះដោយចាត់ទុកថានេះគឺជា«បាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់កម្ពុជា។»
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រៀបរាប់ថា សម្តេច សុខ អាន មានស្នាដៃជាច្រើនក្នុងនោះ សម្តេច សុខ អាន បានទាមទារដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ «សម្តេចវិបុលបញ្ញា សុខ អាន គាត់ស្នាដៃច្រើនក្នុងការ កសាង និងអភិវឌ្ឍប្រទេសជាតិ អធិបតេយ្យភាព បូរណភាពទឹកដី អំពីបញ្ហាប្រាសាទព្រះវិហារជាមួយថៃគឺប្តូរផ្តាច់ខ្លាំងណាស់»។
ដោយឡែកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានចែករំលែកមរណទុក្ខដល់ការស្លាប់នេះ។«ខ្ញុំមានការសោកស្តាយ និងការបាត់បង់ធនធានមុស្សដ៏សំខាន់របស់ប្រទេសជាតិយើង»៕