en     km
en     km

សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រម​ដាក់​ទោស​លោក សម រង្ស៊ី ករណី «Like» ហ្វេសប៊ុក 

Share

ភ្នំពេញ៖ សាលាឧទ្ធរណ៍បានសម្រេចដាក់​ទោស​ប្រធានគណបក្ស​ប្រឆាំង​ឲ្យ​ផ្តល់ប្រាក់​ពិន័យ​ដល់​​ភាគី​តំណាង​សម្តេច​ ហ៊ុន សែន ក្នុង​សំណុំរឿងពីបទបរិហាកេរ្តិ៍ សម្តេច ហ៊ុន សែន ទាក់​ទងនឹងលើកឡើង​ពីទិញចំនួនចូលចិត្ត «Like» ក្លែងក្លាយ ដើម្បីបង្កើនប្រជា​ប្រិយ​ភាព​​របស់​សម្តេចនាយករដ្ឋមន្រ្តី។ សាលដីការនៅថ្ងៃនេះ​គឺជា​ការតម្កល់​សេចក្តីសំរេច​របស់​សាលា​ដំបូងកាល​ពី​ចុង​ឆ្នាំមុន។

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​សាលា​ឧទ្ធរណ៍បង្គាប់​​ឲ្យបង់ប្រាក់​ពិន័យ​ចំនួន ​២៥​ លាន​រៀល​ ឬ​ស្មើប្រមាណ ​៦២៥០​ដុល្លារ​អាមេរិក ​សម្រាប់ការ​ពិន័យ​និង​សង​ប្រាក់​ជំងឺ​ចិត្ត​ដល់ដើមបណ្តឹង​ទាក់​ទង​នឹង​ការ​បរិហារ​របស់​លោក​សម រង្ស៊ី ថា​សម្តេចហ៊ុន សែន បាន​ទិញ​ការចុច «like» លើទំព័រហ្វេសប៊ុក​ដើម្បី​បង្កើន​​ប្រជាប្រិយភាព។

លោកចៅក្រម សំរិទ្ធ សុផល ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ ​បាន​ប្រកាស​សាលដិកា​នៅ​ព្រឹក​ថ្ងៃព្រហស្បត្តិ៍នេះថា​ ៖ «សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ប្រឆាំង​លោក ​សម រង្ស៊ី​ កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ »

កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នំា ២០១៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អឹម វណ្ណៈ បានបង្គាប់ឲ្យលោក សម រង្ស៊ី បង់ប្រាក់ពិន័យចំនួន ១០ លានរៀល ឬ ប្រមាណជា​២៥០០​ដុល្លារ និង សំណងជំងឺចិត្ត ១៥ លានរៀល ឬស្មើនឹង​៣៧៥០​ដុល្លារអាមេរិកទៅឲ្យ លោក សោម សឿន ជាដើមបណ្តឹង​។ លោក សោម សឿន ​ជាប្រធាន​ក្រុមការងារគេហទំព័រ​ហ្វេសប៊ុកសម្តេច ហ៊ុន សែន ហើយគឺជា​បុគ្គល​ដែល​ទទួល​រង​ការវាយ​ប្រហារដោយ​ចំៗ​ពី​ប្រធានគណបក្ស​ប្រឆាំង​ថា ​លោក​បាន​ចាត់​ចែង​ឲ្យ​មាន​​ការ​ទិញ​ «like» ​ក្លែងក្លាយ​ដើម្បីជំរុញ​ប្រជាប្រិយភាព​ទំព័រហ្វេសប៊ុក​របស់​សម្តេ​ច​នាយក​រដ្ឋ​មន្ត្រី។​

មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី គឺ លោក សំ សុគង់ ថ្លែង​ទៅកាន់​អ្នក​រាយការណ៍ព័ត៌មាន​ថាការ​សំរេចក្តីនេះ ៖ ​«មិនអាច​ទទួលយកបាន។»។ លោកសំ សុគង់ ឲ្យដឹងថា លោកនឹងប្តឹងសារទុក្ខទៅតុលាការកំពូល​ប្រឆាំង​នឹង​សេចក្តីសម្រេច​នេះ។ ​​

ដោយឡែកលោក សោម សឿន ប្រធានក្រុមការងារគេហទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន បានសម្តែងការសាទរ​ចំពោះ​សាលដិកា​របស់​សាលាឧទ្ធរណ៍​ដោយ​ចាត់​ទុក​ថា​សេចក្តី​សំរេច​នេះ​បាន​ផ្តល់​យុត្តិធម៌ដល់រូបលោក។ លោកសោម សឿន អះអាងថា ​លោក​មិន​បាន​រៀប​ចំ​ឲ្យមាន​ការ​ទិញ «like» លើ​គេហទំព័រ​របស់​សម្តេចហ៊ុន សែន​ នោះទេ។

នៅក្នុងពេលនេះ​គេហទំព័ររបស់​សម្តេច ហ៊ុន សែន បាន​កើន​ដល់​ចំនួន ៦,៨៤​ លាន ​«like» ។ រីឯ​ទំព័រហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី មាន​ចំនួន ៣,៦៦​លាន ​«like» ។

ប្រធានគណបក្ស​សង្គ្រោះជាតិ ​លោក​សម រង្ស៊ី កំពុង​រស់​នៅ​ក្នុង​ការនិរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពីខែវិច្ឆិកា ​ឆ្នាំ​ ២០១៥​ មក​ម្ល៉េះ​ ដើម្បីគេចវេស​ពី​ការជាប់ទោសពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំពីបទចោទប្រកាន់​ថា​បាន​បរិហារ​លោក ហោ ណាំហុង ឧបនាយក​រដ្ឋ​មន្ត្រីនិងជារដ្ឋ​មន្ត្រី​ការបរទេស​នាពេលនោះ។

កាលពីចុង​ឆ្នាំ ​២០១៦​ តុលាការក្រុង​ភ្នំពេញ​បាន​ផ្តន្ទាទោស​លោក​ដោយ​កំបាំងមុខ​ឲ្យជាប់​ពន្ធនាគារ​ចំនួន ០៥ ឆ្នាំ​ពីបទ​បាន​ញោះញុង​ឲ្យកើតចលាចលក្នុង​ការ​ផុសឯកសារ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន។

ក្នុងពេលនេះ​លោក សម រង្ស៊ី កំពុង​ទទួល​រង​បណ្តឹង​ពី​សម្តេច​នាយក​រដ្ឋ​មន្ត្រីនិង​បណ្តឹង​ពី​កញ្ញា ធី សុវណ្ណថា សកម្មជនបណ្តាញ​សង្គម​ល្បីល្បាញមួយរូប៕

 

Share

ព័ត៌មានទាក់ទង

Image