en     km
en     km

កម្ពុជា​ជាប់​តំណែង​ពុក​រលួយ​លេខ​ ១៥៦​ ក្នុង​ចំណោម​ ១៧៦​ ប្រទេស​ (មានសំឡេង)

Share

​ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់ខ្ពស់​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​បំផុត​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៧៦​។​ នេះ​បើ​យោង​តាម​របាយការណ៍​អំពើ​ពុក​រលួយ​ប្រចាំឆ្នាំ​២០១៦​ របស់​អង្គការ​តម្លាភាព​កម្ពុជា​ ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​២០១៧​។​លោក​ ជួ​ សា​រ៉េ​ត​ រាយការណ៍​៖

 

ti-12
ភ្នំពេញ​៖​ អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ថមថយ​នោះ​ទេ​ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​។​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​ទី​២៥​មក​រា​នេះ​ បង្ហាញ​ថា​កម្ពុជា​ឈរ​នៅ​លំដាប់​ទី​១៥៦​ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន​១៧៦​ដែល​ត្រូវ​បាន​យក​មក​សិក្សា​។​

​របាយការណ៍​ដដែល​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​ទទួល​បាន​ ២១​ពិន្ទុ​ សម្រាប់​ស​ន្ទ​ស្ស​ន៏​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ក្នុង​ឆ្នាំ​២០១៦​។​ ហើយ​ពិន្ទុ​នេះ​មិន​មានការ​ផ្លាស់​ប្តូរ​នោះ​ទេ​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ចុង​ក្រោយ​។​  ប៉ុន្តែ​វា​ជា​ចំណាត់ថ្នាក់​អាក្រក់​ជាង​ប្រទេស​ដទៃ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ដប់​ប្រទេស​។​

​លោក​ ព្រាប​ កុ​ល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសា​ស​ន៏​ថា​ បញ្ហា​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ស្ថានភាព​មិនល្អ​ដដែល​បើ​ទោះបីជា​មាន​ភាព​ប្រសើរ​តិចតួច​ក្តី​។​  

​លោក​ ព្រាប​ កុ​ល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា
​លោក​ ព្រាប​ កុ​ល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា

«​យើង​ឃើញ​ការ​ថយ​ចុះ​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សេវា​សាធារណៈ​មួយ​ចំនួន​ដូច​ជា​ការ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​ ការ​ធ្វើ​សៀវ​អត្រានុកូលដ្ឋាន​ ដោយ​ទ្បែ​ក​បញ្ហា​ពុក​រលួយ​ក្នុង​វិស័យ​យុត្តិធម៌​គឺ​ហាក់បី​មិន​រំកិល​ទៅ​ណា​សោះ​កាន់តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទៅ​ ដោយសារ​មាន​ករណី​កាត់ក្តី​គេ​មើលឃើញ​ថា​មាន​ចារិក​លក្ខណៈ​នយោបាយ​ »​។​

​លោក​ នុ​ត​ រំដួល​ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​សមាជិក​គណៈ​ក​ម្មា​ការ​ទី​១០​ប្រឆាំង​អំពើ​ពុក​រលួយ​ យល់​ស្រប​ជាមួយ​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​។​ លោក​ នុ​ត​ រំដួល​ ដែល​មាន​វត្តមាន​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​នៅ​ថ្ងៃនេះ​ដែរ​កត់​សំគាល់ថា​អំពើ​រពុក​រលួយ​ប្រព្រឹត្តិ​ភាគច្រើន​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​។

«​ពេល​ដើម​មក​យើង​វា​ឮ​សូរ​ហើយ​ប្រទេស​កម្ពុជា​វា​អន់​ថយ​ជាងគេ​មែន​និយាយ​ជា​ការ​ពិត​ ពុក​រលួយ​នេះ​ខាង​តុលាការ​ក៏​ច្រើន​ អាហ្នឹង​វា​ឮជា​ទូទៅ​ តាម​ការ​ស្តាប់​ពិនិត្យ​មើល​របស់ខ្ញុំ​ឃើញ​រដ្ឋាភិបាល​ខំប្រឹង​ណាស់​ ខំប្រឹង​ផ្តល់​យោបល់​ថ្នាក់​ក្រោម​តែ​ថ្នាក់​ក្រោម​មិន​យកចិត្តទុកដាក់​ស្តាប់​ឥលូវ​ប្រព្រឹត្តិ​ភាគច្រើន​ថ្នាក់​ក្រោម​បើ​ថ្នាក់​ក្រោម​ស្តាប់​ថ្នាក់លើ​វា​មិនសូវ​អី​ទេ​»​។​

​ចំណែក​ លោក​ ចេ​វ​ គឹ​ម​ហេង​ តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា​ និង​ជា​សមាជិក​គណៈ​ក​ម្មា​ការ​ទី​១០​ដែរ​ក៏​បាន​គាំទ្រ​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ដូច​គ្នា​នេះ​ដែរ​។​ លោក​ទទួលស្គាល់​ថា​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ពិតជា​នៅ​មាន​ចំនុច​ខ្វះខាត​ហើយរ​ដ្ឋា​ភិ​បាល​នឹង​ពង្រឹង​ការ​អនុវត្ត​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។​  

«​កន្លែង​ខ្លះ​យើង​យក​ទៅ​ពិនិត្យ​បន្ត​ទៀត​ព្រោះ​ខ្ញុំ​ក៏​មិនមែន​អ្នកជំនាញ​អ្នក​ខាង​ដាក់​ពិន្ទុ​ហ្នឹង​ដែរ​ហើយ​ឱ្យ​ខ្ញុំ​ជឿ​ទាំងអស់​ក៏​មិន​បាន​ ហើយ​មិន​ជឿ​ក៏​មិនកើត​ដែរ​ ព្រោះតែ​យើង​ឃើញ​ទិដ្ឋភាព​ជាក់ស្តែង​ស្រុក​ណា​ក៏​មាន​ដែរ​បញ្ហា​ហ្នឹង​គ្រាន់តែ​តិច​ឬ​ច្រើន​ដូច្នេះ​យើង​ត្រូវ​តែ​ប្រឹង​ធ្វើ​ត​ទៀត​»​។​

​វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​នៅ​ទ្បើ​យ​នោះ​ទេ​នៅ​ថ្ងៃនេះ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោ​ទិ៍​ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។​

​សូម​ជំរាប​ថា​ក្នុង​ចំណោម​ប្រទេស​ទាំង​ ១៧៦​ប្រទេស​ដែល​មានការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​ល្អ​ជាងគេ​មាន​ប្រទេស​ ដា​ណា​ម៉ាក​ ញ៉ូ​ហ្សេ​លេ​ន​ ហ្វាំ​ង​ទ្បុ​ង​ ស៊ុ​យ​អែ​ត​ ស្វី​ស​ ណ័​រវេ​ សិង្ហ​បុរី​ ណៃ​ឌ័​រលេ​ន​ កា​ណា​ដា​ អា​ទ្បឺ​ម៉​ង់​ លុ​ច​ហ្ស៊ី​ម​បួរ​ និង​ចក្រភព​អង់គ្លេស​។​ ចំណែក​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​អាក្រក់​ជាងគេ​ មាន​ប្រទេស​ អ៊ី​រ៉ា​ក់​ ប្រទេស​ វ៉េ​ណេ​ស៊ុ​យ​អេ​ទ្បា​  ហ្គី​ណេ​ប៊ី​ស្យូ​  អា​ហ្វ​ហ្គា​នី​ស្ថាន​ ប្រទេស​ លី​ប៊ី​ ស៊ូ​ដង់​ យេ​ម៉ែ​ន​ ស៊ី​រី​ ប្រទេស​កូរ៉េ​ខាងជើង​ ស៊ូ​ដង់​ខាងត្បូង​ និង​ប្រទេស​សូ​ម៉ា​លី​៕

Share

ព័ត៌មានទាក់ទង

Image