en     km
en     km

ភរិយា​មន្ត្រី​ អា​ដ​ហុ​ក​ សង្ឃឹមថា ​ព្រះមហាក្សត្រ​ជួយ​ដោះ​លែង​ប្ដី​និង​ម្ដាយ​ជាទី​ស្រលាញ់?​

Share

ភ្នំពេញ​៖​ក្ដី​រំពឹង​ថា​ប្ដី​និង​ម្ដាយ​នៃ​មន្ត្រី​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​  ជាទី​ស្រឡាញ់​នឹង​ត្រូវ​បាន​ដោះ​លែង​ តាម​រយៈ​ការ​ចរចា​រវាង​ គណបក្ស​ធំ​ទាំង​២​ ហាក់​រលាយ​បាត់​ទៅ​វិញ​ ក្រោយ​ពី​បក្ស​ទាំង​២​ដើរ​ដល់​ចំណុច​ ខ្វែងគំនិត​គ្នា​ដែល​ដំបូង​ រំពឹង​ថា​ ពួក​គាត់​នឹង​ដោះ​លែង​នៅ​ចុងឆ្នាំ​២០១៦​។

family
គ្រួសារមន្រ្ដីអាហុក

ប្រហែលជា​អស់សង្ឃឹម​ ដូចនេះ​ បានជា​នៅ​ថ្ងៃ​អង្គា​ទី​២៤​ មក​រា​ ភរិយា​និង​កូនៗ​របស់​មន្ត្រី​អា​ដ​ហុ​កបាន​សម្រេច​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​សុំ​អន្តរាគមន៍​ ដោះ​លែង​ប្ដី​និង​ម្ដាយ​ ឱ្យ​មាន​សេរីភាព​វិញ​។​ អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ថា​ នេះ​ជា​រឿង​ត្រឹមត្រូវ​ដែល​ពួក​គាត់​ត្រូវ​ពឹង​លើ​ព្រះមហាក្សត្រ​ដូចនេះ​។​ 

​ក្នុង​ដំណើរ​រួម​គ្នា​ តាម​ម៉ូតូ​កង់​បី​ ឬ​តុ​កតុក​ ស្ត្រី​ជា​ភរិយា​ មន្ត្រី​សមាគម​អា​ដ​ហុ​ក​ និង​ កូនៗ​បាន​ទៅ​ដល់​ ព្រះ​បរមរាជវាំង​នៅ​ ម៉ោង​ជិត​ ១០​ព្រឹក​នៅ​ថ្ងៃ​អង្គារិ៍​ នេះ​។​ ញត្តិ​បាន​ដាក់​នៅ​ខាង​មុខទ្វារ​ចូល​ព្រះ​បរមរាជវាំង​ ក្បែរ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដោយ​ប៉ូ​លី​សម្នាក់​ ឈរ​យាម​ បាន​ទទួលយក​ញត្តិ​ពី​ពួក​គាត់​។​ ញត្តិ​នេះ​បាន​ថ្វាយ​សុំ​ ព្រះរាជា​ ជួយ​ដោះ​លែង​ ប្ដី​និង​ម្ដាយ​ជាទី​ស្រឡាញ់​ ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ស្នើ​ឱ្យ​ទម្លាក់​បទ​ចោទ​ ទាំងស្រុង​។​

​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​ ៥​នាក់​នេះ​ គឺ​ អ្នកស្រី​ ធន់​ បូ​នី​តា​ ដែល​ជា​ភរិយា​ លោក​យី​សុខ​ សាន្ត​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ សមាគម​ អា​ដ​ហុ​ក​។​ អ្នកស្រី​រៀបរាប់​ថា​ ស្វាមី​របស់​អ្នកស្រី​គ្មាន​កំហុស​ទេ​ព្រោះ​គាត់​ធ្វើ​កិច្ច​សិទ្ធ​មនុស្ស​តែ​ប៉ុណ្ណោះ​ហើយ​ រឿង​នេះ​ហើយ​ទើប​ ក្រុម​អ្នកស្រី​មក​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​។​

​ធន់​ បូ​នី​តា​ ៖​ «​គាត់​ជា​នាយក​រដ្ឋមន្ត្រី​ គាត់​ជា​ម៉ែឪ​យើង​ បើ​គាត់​ឃើញ​កូន​ មានការ​រង​អ​យុ​ត្តិ​ធ​ម៍​បែប​នឹង​ គាត់​ មិន​ជួយ​ មិនដឹង​ថា​ម៉ិច​ទេ​ខ្ញុំ​ សោកស្តាយ​ដែរ​។​ ខ្ញុំ​ទុកចិត្ត​លើ​គាត់​ ជា​ឪពុក​ម្តាយ​ក្រោម​ការ​គ្រប់គ្រង​របស់​គាត់​គាត់​ដឹង​ហើយ​ ថា​កូនចៅ​ណា​ធ្វើ​ល្អ​កូនចៅ​ណា​ធ្វើ​អាក្រក់​ព្រោះ​គាត់​បម្រើ​តែ​ប្រជាជន​។​»

​ជាមួយ​គ្នា​នេះ​ដែរ​អ្នកស្រី​ ភាវ​ ម៉ី​ ភរិយា​លោក​ ណៃ​ វង់​ដា​ ជា​អនុប្រធាន​ ផ្នែក​ស៊ើបអង្កេត​ សមាគម​ អា​ដ​ហុ​ក​ដែរ​ មាន​ប្រសាសន៍​ថា​ កន្លង​មក​អ្នកស្រី​មាន​ជំនឿ​លើ​តុលាការ​  និង​រក​យុ​ត្ត​ធ​ម៍​ជូន​ស្វាមី​ អ្នកស្រី​ និង​ មន្ត្រី​សិទ្ធ​មនុស្ស​ផ្សេង​ទៀត​។​ តែ​ការ​មក​ដាក់​ញត្តិ​នេះ​ គឺ​អ្នកស្រី​ជំនឿ​ថា​ ព្រះមហាក្សត្រ​ នឹង​មាន​ព្រះរាជ​អន្តរាគមន៍​។

family-2
ក្រុមគ្រួសារមន្រ្ដីសិទ្ធិមនុស្សអាដហុក

​អ្នកស្រី​ភាវ​ ម៉ី​ ៖«​ព្រោះ​កន្លង​មក​ពួក​យើង​ជឿ​លើ​តុលាការ​រង់ចាំ​មើល​ថា​ តើ​តុលាការ​គាត់​មាន​វិធានការ​របៀប​ណា​ ហើយ​តែ​កន្លង​មក​យើង​ឃើញ​បានជា​ស្អី​ទាំងអស់​យើ​គិត​ថា​វា​អ​យុ​ត្តិ​ធ​ម៍​។​»

​គិត​មក​ដល់​ពេល​នេះ​ មាន​រយៈ​ជិត​៩​ខែ​ដែល​មន្ត្រី​អា​ដ​ហុ​ក​ និង​គ​.​ជ​.​ប​ ត្រូវ​បាន​ តុលាការ​ចាប់​ឃុំខ្លួន​ ក្នុង​សំណុំរឿង​ នាង​ ខុ​មចាន់​ តារា​ទី​ហៅ​ស្រី​មុំ​ ដែល​អ្នក​សង្កេតការណ៍​ថា​ ជា​រឿង​អយុត្តិធម៌​។​

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ មាន​ប្រសាសន៍​ថា​ការ​ដាក់​ញត្តិ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​គឺជា​ជម្រើស​ល្អ​មួយ​ហើយ​ ជា​ជម្រើស​ចុង​ក្រោយ​ នៃ​ការ​ស្វែងរករ​យុត្តិធម៌​សម្រាប់​ ប្ដី​ប្រពន្ធ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ ។​

​លោក​បន្ត​ថា​អ្នក​ណា​ក៏​ដឹង​ថា​គឺ​ រឿង​នយោបាយ​ ហើយ​នៅ​ពេល​មាន​អ​យុ​ត្តិ​ធ​ម៍​សង្គម​ ព្រះមហាក្សត្រ​ទ្រ​ង​ មាន​បព្វ​សិទ្ធ​ក្នុង​ការ​លើកលែងទោស​ដល់​ពលរដ្ឋ​គ្រប់​រូប​ព្រោះ​រដ្ឋ​ធម្ម​នុ​ញ្ញាត​បាន​ចែង​ដូចនេះ​។

​មាស​ នី​៖​ «​ការ​ដាក់​ញត្តិ​ជូន​នាយក​រដ្ឋមន្ត្រី​ និង​ ព្រះមហាក្សត្រ​ ដើម្បី​សុំ​ព្រះរាជ​អន្ដរាគមន៍​ទោះបីជា​នៅ​ក្នុង​នេះ​យើង​ឃើញ​ថា​ កន្លង​មក​ព្រះមហាក្សត្រ​ព្រះ​អង្គ​ មិន​លូកដៃ​ទៅ​ក្នុង​រឿង​អស់​នឹង​។​ តែ​ការ​ដាក់​ទៅ​នេះ​វា​និង​អាច​មាន​ជំរុញ​ចលនា​បាន​ខ្លះ​។​»

limony
មន្រ្ដីសិទ្ធិមនុស្សនិងមន្រ្ដី គ.ជ.ប កំពុងជាប់ពន្ធនាគារ

​លោកស្រី​ លឹ​ម​ មុន្នី​ លោក​យី​ សុខសាន្ត​  លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ និង​ លោក​ នី​ ចរិយា​ ត្រូវ​បាន​ ឃុំខ្លួន​ក្រោម​បទ​សូកប៉ាន់​សាក្សី​ នាង​ ខុ​មចាន់​ តារា​ទី​ ហៅ​ស្រី​មុំ​ ទាក់ទិន​ករណី​មានរឿង​ស្នេហា​ជាមួយ​ លោក​កឹ​ម​សុខា​។

​សូម​ជម្រាប​ថា​ នៅ​ពេល​ជាមួយ​គ្នា​នេះ​ ស្ត្រី​ជា​ភរិយា​និង​កូន​មន្ត្រី​អា​ដ​ហុ​ក​ ក៏​បាន​ដាក់​ញត្តិ​ទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​របស់​នាយក​រដ្ឋមន្ត្រី​ដែរ​ ដើម្បី​សុំ​ឲ្យ​ជួយ​ដោះ​លែង​ប្ដី​និង​ម្ដាយ​របស់​ពួក​គាត់​៕

Share

ព័ត៌មានទាក់ទង

Image