en     km
en     km

ជ្រក់ស្ពៃ​ និង​បង្គា​មួយ​ចំនួន​នៅ​ផ្សារ​អូរ​ឬ​ស្សី​ មាន​សារធាតុ​គីមី​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​ចុះ​ទៅ​ពិនិត្យ​គុណភាព​ទំនិញ​នៅ​ក្នុង​ផ្សារ​អូរ​ឬ​ស្សី​នា​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ ក្រសួងពាណិជ្ជកម្ម​បានឃើញ​ មុខម្ហូប​ពីរ​មុខ​ដែល​មាន​សារធាតុ​គីមី​ ដែល​បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​។​ ម្ហូប​ទាំង​ពីរ​មុខ​នោះ​គឺ​បង្គា​ និង​ស្ពៃជ្រក់​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

food12
ភ្នាក់ងារកាំកុងត្រូលចុះត្រួតពិនិត្យគុណភាពទំនិញ

​បង្គា​និង​ស្ពៃជ្រក់​នៅ​ក្នុង​ផ្សារ​អូរ​ឬ​ស្សី​ ដែល​ជា​ផ្សារ​ធំ​មួយ​នៅ​កណ្តាល​ក្រុងភ្នំពេញ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​សារធាតុ​ហ្វ​ក​ម៉ា​លី​ន​ និង​មាន​កម្រិត​ជាតិ​អាស៊ី​ដ​ ហាមឃាត់​ខ្ពស់​ដែល​សារធាតុ​ទាំង​ពីរ​អាច​បង្ក​ឲ្យ​កើត​ជំងឺមហារីក​បាន​។​ នេះ​បើ​តាម​ភ្នាក់ងារ​ កាំកុងត្រូល​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​គុណភាព​ និង​មុខទំនិញ​ដោយ​ផ្ទាល់​នៅ​ផ្សារ​អូរ​ឬ​ស្សី​ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​១២​ខែមករា​នេះ​។​

​ភ្នាក់ងារ​កាំកុងត្រូល​ត្រូវ​ពិនិត្យ​គុណភាព​ទំនិញ​សរុប​ចំនួន​៧១​មុខ​នៅ​ក្នុង​ផ្សារ​អូរ​ឬ​ស្សី​ ប៉ុន្តែ​ទើបតែ​ពិនិត្យ​បាន​២៨​មុខតែ​ប៉ុណ្ណោះ​រួម​មាន​បន្លែ​ ផ្លែ​ឈើ​ ត្រី​និង​សាច់​។​ ហើយ​បាន​ក្នុង​ចំណោម​មុខទំនិញ​ដែល​បាន​ពិនិត្យ​រូ​ចនេះ​ មាន​តែ​បង្គា​និង​ស្ពៃជ្រក់​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព​។​

​សារធាតុ​ហ្វ​ក​ម៉ា​លី​ន​ជា​សារធាតុ​គីមី​ ដែល​ត្រូវ​ហាមឃាត់​មិន​អោយ​ប្រើប្រាស់​ក្នុង​ចំណីអាហារ​ ដោយសារ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​យូរអង្វែង​។​

​លោក​ ម៉ក​ ពេ​ជ្ជ​រិ​ទ្ធ​ អគ្គនាយក​កាំកុងត្រូល​ បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ក្រោយ​ពី​បញ្ចប់​កិច្ច​ត្រួតពិនិត្យ​ថា​អាស៊ី​ដ​នៅ​ក្នុង​ស្ពៃជ្រក់​នៅ​ផ្សារ​អូ​ឬ​ស្សី​ មាន​កម្រិត​ខ្ពស់​មិន​អាច​ទទួលយក​បាន​ ចំណែក​សារធាតុ​ហ្វ​ក​ម៉ា​លី​ន​ នៅ​ក្នុង​បង្គា​នោះ​ជា​សារធាតុ​ដែល​គេ​យក​ទៅ​ចាក់​លើ​សាកសព​ ការពារ​កុំឱ្យ​ឆាប់​ស្អុយរលួយ​ប៉ុណ្ណោះ​។​

​លោក​ ម៉ក​ ពេ​ជ្ជ​រិ​ទ្ធ​៖«​ឥលូវ​នេះ​យើង​ជួប​ប្រទះ​ឃើញ​មួយ​តូប​នោះ​មាន​ហ្វ​ក​ម៉ា​លី​ន​ហើយ​នៅ​ក្នុង​បង្គារ​ ហើយ​ស្ពៃជ្រក់​យើង​ប្រទះ​ឃើញ​អាស៊ីត​ដែល​យើង​ហាមឃាត់​ អ​ញ្ជឹ​ង​នឹង​ធ្វើ​កែសម្រួល​ចំពោះ​ពីរ​ តូប​នេះ​»​។​

​យោង​តាម​លោក​ ម៉ក់​ ពេ​ជ្ជ​រិ​ទ្ធ​ បង្គា​ដែល​ត្រូវ​បាន​រក​ឃើញ​ទាំងនោះ​ត្រូវ​នាំ​មក​ពី​ខេត្តកោះកុង​ ក្រុងព្រះសីហនុ​ និង​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។​

​លោក​វេជ្ជបណ្ឌិត​ លី​ ចេ​ង​ហ៊ុយ​ មាន​ប្រសាសន៍​ថា​ សារធាតុ​ហ្វ​ក​ម៉ា​លី​ន​ គឺជា​សារធាតុ​ម្យ៉ាង​ដែល​គេ​ប្រើ​សម្រាប់​ សម្លាប់​មេរោគ​ដើម្បី​រក្សា​ទុក​ម្ហូបអាហារ​បាន​យូរ​។​ ប៉ុន្តែ​ ក្នុង​ករណី​ធ្ងន់ធ្ងរ​សារធាតុ​នេះ​អាច​បង្ក​ឱ្យ​កើត​មហារីក​ ឬ​យ៉ាង​ហោច​ណាស់​វា​អាច​បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​ទៅ​លើ​ស្បែក​ មាន​កន្ទួល​រមាស់​ ប្រតិកម្ម​ផ្លូវដង្ហើម​ និង​ប៉ះពាល់​ទៅ​ដល់​ការ​រំលាយ​អាហារ​ជាដើម​។​ចំណែកឯ​ជាតិ​អាស៊ីត​ដែល​ដាក់​នៅ​ក្នុង​ជ្រក់ស្ពៃ​វិញ​ គឺ​បង្ក​ឱ្យ​រលាក​ក្រពះ​ ពោះវៀន​ និង​ថ្លើម​។​ ជាមួយ​គ្នា​នេះ​វា​ក៏​បង្ក​ឱ្យ​រលាក​ដល់​ប្រព័ន្ធ​ប្រាសាទ​ ហើយ​វា​ក៏​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក​ផង​ដែរ​។​

​លោក​បន្ថែម​ថា​៖«​ករណី​សារធាតុ​ហ្នឹង​ទៅ​តាម​កម្រិត​វា​ បើសិន​កម្រិត​វា​ខ្ពស់​ពេក​ប្រតិកម្ម​ហ្នឹង​វា​អាច​ខ្លាំង​ អ​ញ្ចឹ​ង​វា​នាំ​ចង្វាក់​ដង្ហើម​គាត់​មាន​បញ្ហា​ វា​នាំ​ឱ្យ​ចង្វាក់បេះដូង​មាន​បញ្ហា​ខ្លាំង​ដោយសារ​ការ​រលាក​ ឬ​ផល​ប៉ះពាល់​នៃ​សារធាតុ​ហ្នឹង​អ​ញ្ចឹ​ង​ទីបំផុត​អាច​ឱ្យ​គាំងបេះដូង​ ឬ​គាំង​ដង្ហើម​បាន​ អាហ្នឹង​ករណី​ស្លាប់​បាន​ ស្លាប់​ភ្លាម​ដូច​គ្នា​»​។​

​សូម​បញ្ជាក់​ថា​ភ្នាក់ងារ​កាំកុងត្រូល​បាន​បន្ត​ពិនិត្យ​គុណភាព​ទំនិញ​ ដែល​នៅ​សេសសល់​ក្នុង​ចំណោម​ទំនិញ​ទាំង​៧១​មុខ​ ដែល​ត្រូវ​យក​មក​ពិនិត្យ​នៅ​ថ្ងៃនេះ​។​ ប៉ុន្តែ​វិទ្យុ​ស្ត្រី​មិន​អាច​ស្វែងរក​ប្រភព​ពី​នាយកដ្ឋាន​កាំកុងត្រូល​ ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម​ពី​លទ្ធផល​ពិនិត្យ​ចុង​ក្រោយ​នោះ​ទេ​៕

Share

ព័ត៌មានទាក់ទង

Image