en     km
en     km

ប្រជាពលរដ្ឋ​នៅ​ស្រែអំបិល​បន្ត​ស្នាក់​នៅ​ភ្នំពេញ​រង​ចាំ​ដំណោះស្រាយ​

Share

​ភ្នំពេញ៖ អស់​រយៈពេល​ជិត​មួយ​ខែ​ហើយ​ ដែល​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជី​ខ​លើ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​បាន​ឡើង​មក​តវ៉ា​ នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងរក​អន្តរា​គម​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ដែល​មាន​ឥទ្ធិពល​។​ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ណាមួយ​ពី​រដ្ឋាភិបាល​នៅឡើយ​។​តំណាង​ប្រជាពលរដ្ឋ​ទាំងនោះ​លើក​ឡើង​ថា​ បើ​គ្មាន​ដំណោះស្រាយ​ទេ​ពួក​គាត់​នឹង​មិន​ត្រឡប់​ទៅ​វិញ​ឡើយ​។​ ​កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​៖


people-land1-22

​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​តំណាង​ឲ្យ​អ្នក​ភូមិ​ចំនួន​ ១៧៥​គ្រួសារ​មក​ពី​ស្រុកស្រែ​អំបិល​ខេត្តកោះកុង​ ដែល​កំពុង​ស្នាក់​នៅ​វត្ត​សាមគ្គីរ​ង្ស៊ី​ ជាយ​ទីក្រុង​ភ្នំពេញ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ ព​ន្លឿ​ន​ដោះស្រាយ​ដី​ជម្លោះ​របស់​គេ​ ខណៈ​ការ​រស់នៅ​របស់​ពួក​គេ​នៅ​ទីក្រុង​ភ្ន​ពេញ​កំពុង​ជួ​បញ្ហា​ផ្នែក​ជីវភាព​ជា​ខ្លាំង​។​

​អ្នកស្រី​ ផាវ​ ញ៉ឺ​ង​ តំណាង​ម្នាក់​របស់​ក្រុម​ប្រជាពលរដ្ឋ​ បាន​ត្អូញត្អែរ​ទាំងអស់​សង្ឃឹម​។​ «​ពួក​យើង​ពិបាក​រស់នៅ​យើង​ខ្វះ​ស្បៀងអាហារ​គ្រប់​មុខជា​ពិសេស​ទឹក​ហូប​ ស្នើ​សុំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​ដី​ឱ្យ​ពួក​ខ្ញុំ​ ពួក​យើង​ចង់​ត្រលប់​ទៅ​ផ្ទះ​វិញ​មែនទែន​ បើ​សិ​យើង​លែងដៃ​យើង​ត្រលប់​ទៅ​ផ្ទះ​វិញ​ គឺ​អត់​មានការ​ឆ្លើយ​តប​ជាមួយ​យើង​រហូត​ហើយ​»​។​

​ប្រជាពលរដ្ឋ​ចំនួន​ ១៧៥​ គ្រួសារ​នៅ​ឃុំ​ជី​ខ​លើ​ ស្រុកស្រែ​អំបិល​ បាន​អះអាង​ថា​បាន​រង​គ្រោះ​ដោយ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​កោះកុង​ ស៊ូ​ហ្គើ​រ​ របស់​លោក​ឧ​ញ៉ា​ លី​ យ៉ុ​ង​ផាត់​ ដែល​ជា​ឈ្មួញ​មាន​ឥទ្ធិពល​មួយ​រួប​ និង​ក្រុមហ៊ុន​ហេង​ ហ៊ុយ​ ចាប់តាំងពី​ ខែឧសភា​ ឆ្នាំ​២០០៦​មក​ម្លេះ​។​ បើ​តាម​ក្រុម​ប្រជាពលរដ្ឋ​ ដី​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ មាន​ទំហំ​ប្រមាណ​ជាង​៨០០​ហិច​តា​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​ឡើង​មក​តវ៉ា​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​ច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​អ្វី​ទេ​។​ លើក​ចុង​ក្រោយ​នេះ​ពួក​គេ​បាន​ឡើង​មក​តវ៉ា​តាំងពី​ថ្ងៃ​ទី​ ២០​ ធ្នូ​ ឆ្នាំ​ ២០១៦​ និង​បាន​ស្នាក់​នៅ​វត្ត​សាមគ្គីរ​ង្ស៊ី​ និង​បាន​ដើរ​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួងបរិស្ថាន​ រដ្ឋសភា​ ក្រសួង​រៀបចំ​ដែនដី​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួក​គាត់​។​

​កាលពី​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អនុរដ្ឋលេខាធិការ​ និង​ជា​ប្រធាន​ក្រុមការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ទី​ ៨​ នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ទេព​ ធន​ បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ទាំង​ ១៧៥​គ្រួសារ​ នៅ​ទីស្តីការក្រសួង​  ក្នុង​នោះ​ក្រសួង​ដែនដី​បាន​ផ្តល់​ដំណោះស្រាយ​មួយ​ដល់​អ្នក​រង​គ្រោះ​ដីធ្លី​ទាំងនោះ​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ ១​ ហិ​កតា​កន្លះ​។​

​ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​បដិសេធ​សំណើរ​នេះ​។​ហើយ​ពួក​គាត់​បាន​ទាមទារ​ដី​មួយ​គ្រួសារ​ ២​ ហិ​កតា​ និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៥​ ០០០​ ដុល្លារ​ នឹង​ដាក់​ប្រព័ន្ធ​ធារាសាស្ត្រ​ត្រឹមត្រូវ​នៅ​ក្នុង​ឃុំ​ចំនួន​៣​កន្លែង​។

​អ្នកស្រី​ ផាវ​ ញ៉ឺ​ង​ បាន​ប្រាប់​វិទ្យុ​ស្រី្ត​នៅ​ថ្ងៃ​ទី​១០​ មក​រា​នេះ​ថា​ ដំណោះស្រាយ​ដែល​ក្រសួង​ឱ្យ​នេះ​ មិន​អាច​ទទួលយក​បាន​ទេពី​ព្រោះ​ដំណោះស្រាយ​នេះ​ធ្វើ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​បាត់បង់​ដី​រហូត​ ៦​ហិច​តា​ក្នុង​មួយ​គ្រួសារ​។​

​យ៉ាងណាមិញ​ លោក​ទេព​ ធន​ធ្លាប់​បាន​លើក​ឡើង​ថា​លោក​ នឹង​យក​សំណើរ​របស់​ប្រជាពលរដ្ឋ​បញ្ជូន​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង​ ដើម្បី​ពិនិត្យ​ និង​សម្រេច​ និង​ពិភាក្សា​ជាមួយ​ភាគី​ក្រុមហ៊ុន​បន្ថែម​ទៀត​។

​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៧​ លោក​សាយ​ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​គណៈ​ក​ម្មា​ការ​ទី​៣​នៃ​រដ្ឋសភា​ថា​   ក្រសួងបរិស្ថាន​កំពុង​ពិនិត្យ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជី​ខ​លើ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ នេះ​។​ លោក​ថា​ បន្ទាប់​ពី​និត្យ​មើល​បញ្ហា​នេះ​រួច​ លោក​នឹង​ចុះ​ដល់​កន្លែង​ផ្ទាល់​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​៕

Share

ព័ត៌មានទាក់ទង

Image