en     km
en     km

ករណី​មន្ត្រី​សិទ្ធិ​មនុស្ស​ ៖​ បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​មិន​ទាន់​កំណត់ពេល​ជួប​គ្នា​

Share

ភ្នំពេញ ៖ ​សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មិន​ទាន់​អាច​កំណត់​ពេលវេលា​ជាក់លាក់​ណាមួយ​ដើម្បី​ណាត់ជួប​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នៅ​ទ្បើ​យ​ទេ​ ។​

​សម្តេច​ ស​ ខេ​ង​ បាន​បញ្ជាក់​ដូចនេះ​ ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ចេញពី​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ ស្តី​ពី​ ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​ ២០១៦​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៧​ ព្រឹក​ថ្ងៃ​ទី​ ០២​ ខែមករា​ ឆ្នាំ​ ២០១៧​ នៅ​សណ្ឋាគារ​ សូ​ហ្វី​តែ​ល​ភ្នំពេញ​។​

គោលបំណង​ជំនួប​នេះ​ គឺ​ដើម្បី​ដោះ​លែង​ មន្ត្រី​សិ​ទិ្ធ​មនុស្ស​ និង​មន្ត្រី​ គ​.​ជ​.​ ប​ ពី​ពន្ធនាគារ​។​

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។រូបភាពពីWMC
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។រូបភាពពីWMC
​ខណៈ​ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ ទន្ទឹងរង់ចាំ​ពេលវេលា​ ដើម្បី​ឱ្យ​ក្រុម​សិទ្ធិ​មនុស្ស​ មានឱកាស​ជួបជុំ​គ្រួសារ​វិញ​ នៅ​ថ្ងៃនេះ​សម្តេច​ ស​ ខេ​ង​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​អាច​កំណត់​ពេលវេលា​ជាក់លាក់​ណាមួយ​ដើម្បី​ជួប​ពិភាក្សា​គ្នា​ពី​បញ្ហា​របស់​អ្នក​ជាប់​ឃុំ​នៅឡើយ​។​

​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​ចោទសួរ​ថា​តើ​ សំណុំរឿង​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​កំពុង​ឃុំខ្លួន​ នៅ​ក្នុង​ពន្ធនាគារ​ថា​តើ​នឹង​មាន​ចំណាត់ការ​យ៉ាងណា​នោះ​ សម្តេច​ ស​ ខេ​ង​ មាន​ប្រសាសន៍​ថា​ មិន​ទាន់​អាច​ដោះស្រាយ​យ៉ាងណា​នោះ​ទេ​ ព្រោះ​សំណុំរឿង​នេះ​ស្ថិត​ក្នុង​ដៃ​តុលា ការ​នៅ​ទ្បើ​យ​ ដែល​តុលាការ​កំពុង​តែ​បន្ត​នីតិវិធី​របស់​ខ្លួន​។​សម្តេច​  ស​ ខេ​ង​ ៖«​សូមទោស​ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​ជាប់រវល់​ច្រើន​ពេក​មិន​ទាន់​កំណត់ពេល​ជួប​នៅ​ទ្បើ​យ​ទេ​ ពាក់ព័ន្ធ​មន្ត្រី​អា​ដ​ហុ​ក​បញ្ហា​នេះ​គួរ​សួរ​ទៅ​តុលាការ​ព្រោះថា​កាលណា​តុលាការ​មិន​ទាន់​មាន​ចំណាត់ការ​យ៉ាងណា​ផង​»​។​

មន្ត្រី​អា​ដ​ហុ​ក​ចំនួន​ ៤​ រូប​ រួម​មាន​ លោកស្រី​ លឹ​ម​ មុន្នី​ លោក​ នី​ សុខា​ លោក​ យី​ សុខ​សាន​ លោក​ ណៃ​ វង់​ដា​  ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំ ពេញ​សម្រេច​ឃុំ​ នៅ​ពន្ធនាគារ​ព្រៃ​ស​ រង​ការ​ចោទប្រកាន់​ពី​បទ​ «​សូកប៉ាន់​សាក្សី​»​។​ ចំណែក​ លោក​ នី​ ចរិយា​ ត្រូវ​បាន​ជាប់​ឃុំ​ជា​បណ្ដោះអាសន្ន​នៅ​ស្នងរ​ដ្ឋា​ន​នគរបាល​រាជធានី​ ក្នុង​សំណុំរឿង​ខាងលើ​នេះ​ផង​ដែរ​ ដោយ​ចោទ​ពី​បទ​ «​សមគំនិត​សូកប៉ាន់​សាក្សី​»​ ក្នុង​សំណុំ​រឿងស្រី​មុំ​ដូច​គ្នា​។

​អនុប្រធាន​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ យឹ​ម​ សុវណ្ណ​ បាន​ផ្តល់​បទ​សម្ភាស​ន៏​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ជំរុញ​ឱ្យ​មានការ​ជួប​គ្នា​ឱ្យ​កាន់តែ​ឆាប់​ជាមួយ​បក្ស​កាន់​អំណាច​ ដែល​អាច​ធ្វើ​ទៅ​បាន​ទោះបីជា​ មិន​ទាន់​កំណត់​ពេលវេលា​ជួប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ​។

​ចំណែក​ករណី​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​ឃុំ​ខ្លូ​ន​នៅ​ពន្ធនាគារ​ លោក​ យឹ​ម​ សុវណ្ណ​ យល់​ឃើញ​ថា​ វា​ជា​រឿង​នយោបាយ​ដែល​ត្រូវ​តែ​មានការ​ដោះ ស្រាយ​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ជូន​ពួក​គេ​វិញ​។​​លោក​ យឹ​ម​ សុវណ្ណ​ ៖«​យើង​ចង់បាន​ជួប​ឱ្យ​បាន​ឆាប់​បំផុត​ ហើយ​យើង​អំពាវនាវ​ឱ្យ​គណបក្សកាន់ អំណាច​ហ្នឹង​អ​ញ្ចើ​ញ​មក​ជួប​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ពិសេស​បញ្ហា​ដែល​មាន​សារៈសំខាន់​ដែល​ជា​ឧបសគ្គ​ទៅ​ដល់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ​ យើង​ចង់​ជួប​ច​ចារ​ដោះស្រាយ​បញ្ហា​នយោបាយ​ បើ​គាត់​យល់​ឃើញ​ការ​ធ្វើ​ហ្នឹង​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​សង្គម​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ​មិនដឹង​ធ្វើ​ម៉េច​ទេ​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា​នេះ​ជា​រឿង​នយោបាយ​»​។​

​ករណី​នេះ​ អ្នក​សង្កេតការណ៍​យល់​ថា​ អាច​មក​ពី​បក្ស​ទាំង​ ២​ មិន​ចុះសម្រុង​គ្នា​ រឿង​សម្ងាត់​អ្វីមួយ​៕

Share

ព័ត៌មានទាក់ទង

Image