en     km
en     km

ស្វាយ​រៀង​ ៖​ពលរដ្ឋ​បន្ត​ឃា​ឃាំង​គ្រឿងចក្រ​ឈូស​ឆាយដី​ ខណៈ​អាជ្ញាធរ​បន្ត​យន្តការ​ដោះស្រាយ​(មានសំឡេង)

Share

​ស្វាយ​រៀង​ ៖​ នៅ​ថ្ងៃ​ទី​ ០២​ មក​រា​នេះ​ពលរដ្ឋ​ស្រុង​រមាស​ហែក​ ខេត្តស្វាយរៀង​ ប្រមាណ​ ៥០​ នាក់​បាន​បន្ត​ឃា​ឃាំង​គ្រឿងចក្រ​ក្រុមហ៊ុន​មួយ​របស់​ឥណ្ឌា​ ដែល​បាន​ឈូស​ឆាយ​លើ​ដី​ជម្លោះ​ជាមួយ​ពលរដ្ឋ​ប្រមា​ន​ ៤០០​ គ្រួសារ​។​ ​យ៉ាងណា​អាជ្ញាធរ​ស្រុក​រមាស​ហែក​បញ្ជាក់​ថា​ ដី​ដែល​ប្រជាពល រដ្ឋ​បន្ត​តវ៉ា​ទាមទារ​នោះ​ គឺ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​ដល់​ភាគី​ក្រុមហ៊ុន​នោះ​ជា​យូរណាស់​មក​ហើយ​ តែ​យ៉ាងណា​អាជ្ញាធរ​កំពុង​បន្ត​យន្តការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បន្ថែម​។​

 

រូបតំណាង
រូបតំណាង
តំណាង​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ស្រុក​រមាស​ហែក​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ឱ្យ​វិទ្យុ​ស្ត្រី​ ថា​ ដី​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​ឥណ្ឌា​ អឹ​ន​ ខេ​ វេន​ឆឺ​ នេះ​ គឺ​ពលរដ្ឋ​បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​ ១៩៧៥​ មក​ម្ល៉េះ​ ប៉ុន្តែ​នៅ​ចន្លោះ​ឆ្នាំ​១៩៨៧​ ដល់​ ១៩៩៨​ អាជ្ញាធរ​បាន​យក​ដី​នោះ​ទៅ​ដាំ​កូន​អាកា​ស្យា​វិញ​។​ បន្ទាប់​ក្រោយ​ឆ្នាំ​ ១៩៩៨​ ក៏​ទៅ​អាស្រ័យ​ដាំ​ដំណាំ​លើ​ដី​នោះ​ជា​ថ្មី​ រហូត​ដល់​ឆ្នាំ​ ២០១០​ ទើប​មាន​ដំណឹង​ថា​ រដ្ឋាភិបាល​បាន​ផ្តល់​សម្បទាន​ដី​នោះ​ឱ្យ​ក្រុមហ៊ុន​ទៅ​វិញ​។​

​យ៉ាងណា​ពលរដ្ឋ​ស្នើ​សូម​ឱ្យ​អាជ្ញាធរ​ខេត្ត​ ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឱ្យ​បាន​សមរម្យ​ ព្រោះថា​ ប្រជាពលរដ្ឋ​សព្វថ្ងៃ​គឺ​អាស្រ័យ​លើ​ការ​បង្កបង្កើន​ផល​លើ​នោះ​ដើម្បី​ចិញ្ចឹមជីវិត​តែ​ប៉ុណ្ណោះ​។​ តំណាង​ពលរដ្ឋ​សូម​មិន​បង្ហាញ​ឈ្មោះ​៖«​ប្រជាពលរដ្ឋ​ទាំងអស់​ អះអាង​ថា​គាត់​ចង់បាន​ដី​នោះ​មក​បង្កបង្កើន​ផល​វិញ​ ព្រោះ​គាត់​ខ្វះខាត​ដី​ ឥឡូវ​ជីវ ភាព​គាត់​ធ្លាក់​ក្រីក្រ​ តាំង​ពិ​អត់​ដី​នោះ​មក​។​ កាល​គាត់​មាន​ដី​ ពួក​គាត់​មាន​លុយ​ទិញ​ម៉ូតូ​បាន​ជិត​ តែ​ឥឡូវនេះ​អត់​មាន​លុយ​ឱ្យ​កូន​ទៅ​សាលា​ផង​!»​។

​អភិបាលស្រុក​រមាស​ហែក​លោក​ ពីង​ គា​ និយាយ​ថា​ ដី​ដែល​កំពុង​មាន​ជម្លោះ​នេះ​ គឺជា​ដី​ព្រៃរបស់​រដ្ឋ​ បាន​សម្រេច​ផ្តល់​សិទ្ធិ​វិនិយោគ​ដល់​ក្រុមហ៊ុន​ឥណ្ឌា​ ដែល​លោក​ថា​ ពលរដ្ឋ​លែង​មាន​សិទ្ធិ​ទទួលផល​លើ​ដី​នេះ​ទៀត​ហើយ​។​ លោក​អភិបាលស្រុក​រមាស​ហែក​រូប​នេះ​បញ្ជាក់​ថា​ អាជ្ញាធរ​ និង​ខាង​ភាគី​ក្រុមហ៊ុន​ធ្លាប់​បាន​បើ​កិច្ចប្រជុំ​ និង​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​រួច​រួល​ហើយ​ ចំណែក​ពលរដ្ឋ​ដែល​នៅ​បន្ត​ការ​តវ៉ា​នេះ​ លោក​សង្ស័យ​ថា​ អាច​មាន​អ្នក​ញុះញង់​នៅ​ពីក្រោយ​។​

តែ​យ៉ាងណា​លោក​ថា​ លោក​នឹង​បន្ត​យន្តការ​ដោះស្រាយ​ជួយ​ពលរដ្ឋ​បន្ត​ទៀត​។​ ​លោក​ ពីង​ គា​ ៖«​វា​មាន​ជន​ខាងក្រៅ​រុញ​ ដ៏​អ​ញ្ចឹ​ង​ទៅ​ប្រជាជន​ចេះ​តែ​តវ៉ា​ទៅ​។​ហើយ​គាត់​ទៅ​តវ៉ា​ហ្នឹង​មិនដឹង​អី​ទេ​ ទៅ​តវ៉ា​តាម​ការ​ញុះញង់​របស់​គេ​»​។​

លោក​ នុ​ត​ បូ​ពិ​ណ្ណា​រ័​ត្ន​ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តស្វាយរៀង​ ដែល​បាន​តាមដាន​ករណី​នេះ​ បាន​បញ្ជាក់​ថា​ រឿង​នេះ​ប្រជា​ពល​ហាក់​ថ្លោះ​សិទ្ធិ​លើ​ដី​នេះ​ទៅ​ហើយ​ ព្រោះ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​ដល់​ក្រុមហ៊ុន​ដាំ​អំពៅ​មួយ​របស់​ប្រទេស​ឥណ្ឌា​។​

មន្ត្រី​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តស្វាយរៀង​រូប​នេះ​ ផ្តល់​ឱវាទ​ថា​ ប្រជាជន​គប្បី​ផ្អាក​សកម្មភាព​ឃា​ឃាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ទៀត​ ព្រោះ​អាច​កើតជា​ហិង្សា​បង្ក​ហានិភ័យ​ដល់​ទោស​ព្រហ្មទណ្ឌ​ដល់​ពលរដ្ឋ​។​ លោក​ថា​ ពលរដ្ឋ​គួរ​ដាក់​ពាក្យ​តាម​បែបបទ​រដ្ឋបាល​ដើម្បី​សូម​ការ​បំភ្លឺ​និង​រក​ដំ ណោះស្រាយ​ក្នុង​រឿង​នេះ​។​ ​លោក​ នុ​ត​ បូ​ពិ​ណ្ណា​រ័​ត្ន​៖«​ ខ្ញុំ​បានឱ្យ​ប៉ុ​ស្ត៍​ហ្នឹង​ប្រាប់​ទៅ​តំណាង​ពលរដ្ឋ​ឡើង​មក​ខេត្ត​ ដើម្បី​ធ្វើ​លិខិត​ស្នាម​ទៅ​អភិបាល ខេត្ត​ដើម្បី​ឱ្យ​គាត់​បំភ្លឺ​រឿង​ដី​ហ្នឹង​ ចង់​ដឹង​រឿង​ពិត​ថា​តើ​ក្រុមហ៊ុន​ហ្នឹង​វា​យ៉ាងម៉េច​?​ ឬ​ដាក់​ទៅ​មន្ទីរ​កសិកម្ម​ឱ្យ​មន្ទីរ​បំភ្លឺ​ ព្រោះ​រឿង​ហ្នឹង​មាន ការ​ប្រជុំ​នៅ​មន្ទីរ​កសិកម្ម​»​។​

​សូម​រំលឹក​ថា​ ករណី​ជម្លោះដីធ្លី​ដ៏​រុំ​ា​រ៉ៃ​នេះ​ ពលរដ្ឋ​រង​គ្រោះ​ស្រុក​រមាស​ហែក​ធ្លាប់​បាន​ឡើង​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ និង​ក្រសួង​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ ជួយ​ដោះស្រាយ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​៕

Share

ព័ត៌មានទាក់ទង

Image