ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានដាក់ចេញនូវបទបញ្ជាដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលធ្វើការពាក់ព័ន្ធនឹងការជួសជុលផ្លូវ គឺត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានម៉ត់ចត់ ដោយមិនត្រូវធ្វើមិនដឹងមិនឭ ករណីនេះទេ។
ការថ្លែងនេះធ្វើទ្បើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ។
បញ្ហាផ្លូវថ្នល់ជាក្តីកង្វល់របស់ប្រជាពលរដ្ឋដែលតែងតែរិះគន់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ពីបញ្ហាផ្លូវខូច និងការកកស្ទះចរាចណ៍នៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ ករណីនេះរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទទួលស្គាល់ថា បញ្ហាផ្លូវថ្នល់ពិតជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងរឿងនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថាលោកលែងទទួលការលើកទ្បើងរបស់ប្រ ជាពលរដ្ឋនិង ការរិៈគន់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើផ្លូវជាប់រហូតទៀតហើយ តែក្រសួងត្រូវធ្វើផ្លូវឱ្យបានរឹងមាំតាមលក្ខណៈបច្ចេក ទេសត្រឹមត្រូវស្របតាមស្តង់ដាអន្តរជាតិ។
លោករដ្ឋមន្ត្រីបានលើកទ្បើងដែរថា ផ្លូវដែលមានគ្រលុកមួយចំនួនក្នុងរាជធានីភ្នំពេញ មិនទាន់ឃើញមានការគូស គំនូសថ្នាំសដើម្បីបង្ហាញថា នឹងជួសជុលផ្លូវនៅទ្បើយទេ។ ករណីនេះលោកបាន ផ្តល់ឱវាទមន្ត្រីរបស់លោកត្រូវពង្រឹងការយកចិត្ត ទុកដាក់ទ្បើងវិញ ក្នុងការជួសជុលផ្លូវឱ្យបានល្អ ជៀសវាងទទួលការរងការិះគន់ពីនាយករដ្ឋមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋម្តងហើយម្តងទៀត។ លោកស៊ុន ចាន់ថុល៖ «យើងជាសេនាធិការបស់រាជរដ្ឋាភិបាល របស់សម្តេចនាយកត្រូវបើកភ្នែកមើលផ្លូវហ្នឹងឯងបើឃើញសំបុកមាន់យកអាថ្នាំហ្នឹងគូសទៅដាក់ថ្ងៃទៅយ៉ាងតិចបើមិនទាន់បានជួសជុលប្រជាពលរដ្ឋក៏ថាអូគេមានភ្នែកគេមើលឃើញដែរអាហ្នឹងសំខាន់ណាស់ណាដោយសារអត់បានហ្នឹងហើយបានគេថាយើងអត់ព្រមមើលអាសំបុកមាន់ ហើយសូមមន្ទីរចាប់ផ្តើមថ្ងៃ០១ ពីខែ០១ ២០១៧ សូមគូសអាសំបុកមាន់ឱ្យបាន គូសព័ណ៌សគ្រប់សំបុកមាន់ទាំងអស់អានេះនិយាយគ្នាឱ្យហើយម្តងនេះ»។
ទាក់ទងនិងការលើកទ្បើងនេះដែរ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃ នេះថា លោកសាទរ ប៉ុន្តែលោកថា មិនមែនមានតែផ្លូវខូចខាតនោះទេ តែសូម្បីស្លាកសញ្ញាចរាចរណ៍តាមផ្លូវក៏នៅមានកម្រិតផងដែរ។ បញ្ហានេះលោកថា ក៏ត្រូវមានវិធានការអនុវត្តឱ្យបានប្រសើរផងដែរ។
លោក សន ជ័យ បន្តថា បញ្ហាដែលធ្វើឱ្យមន្ត្រីថ្នាក់ក្រោមរបស់ក្រសួងសាមីអសកម្មក្នុងការចូលរួមអនុវត្តតួនាទីរបស់ពួកគេ អាចបណ្តាលមកពីការបែងចែកធនធានថវិកាពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមនៅមានកម្រិត ហើយទីពីរ អាចបណ្តាលមកពីមន្ត្រីទាំងនោះពិតជាមានភាពអសកម្មក្នុងការអនុវត្តតួនាទីរបស់ពួកគេពិតមែន ទើបធ្វើឱ្យមានការយឺតយ៉ាវក្នុងការឆ្លើយតបពីបញ្ហាផ្លូវថ្នល់។ លោក សន ជ័យ ៖«ទី០១ការបើកចំហនៃដំណើរការលទ្ធកម្មគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្តីការដាក់បណ្តាញលូក្តីត្រូវតែបើកចំហរ ទី០២ គឺបើកទូលាយឬក៏បើកចំហរបង្កើតឱ្យមានយន្តការតាមដានពីតួអង្គពាក់ព័ន្ធដូចជាសង្គមស៊ីវិល ប្រជាពលរដ្ឋនៅតំបន់ដែលមានការកសាង ហេដ្ឋារចនាសម្ព័ន្ថហ្នឹងធ្វើម៉េចបើកចំហរឱ្យមានការចូលរួមតាមដាន ទី០៣ គឺក្រៅពីទទួលបានព័ត៌មាននៅផ្នែកហេដ្ឋារចនាសម្ព័ន្ធហ្នឹងក្រសួងត្រូវតែចាំបាច់ផ្សព្វផ្សាយនូវកិច្ចសន្យានៃគម្រោងហេដ្ឋារចនាសម្ព័ន្ធនោះនៅលើគេហទំព័ររបស់ខ្លួនដើម្បីឱ្យមហាជនបានដឹង»។
តាមរបាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារឆ្នាំ ២០១៦ និងទិដៅអនុវត្តការងារឆ្នាំ ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងការងារជាប្រចាំ និងការងារជួសជុលផ្លូវ សម្រាប់ឆ្នាំ ២០១៦ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្នុងស្រុក ក្រាលកៅស៊ូគ្រប់ប្រភេទប្រវែង ៥.៩១២,៥០ គ.ម និងផ្លូវក្រួសក្រហមប្រវែង ២.៤៦៧,៩៧ គ.ម ដោយសម្រេចបាន ៧៧,៨៦% បើធៀបទៅនឹងការងារថែទាំជាប្រចាំសំរាប់ឆ្នាំ២០១៥៕