en     km
en     km

​កញ្ញា​ ធី​ សុវណ្ណ​ថា​ ប្រាប់​ឱ្យ​លោក​ កឹ​ម​ សុខា​ សុំ​ទោស​ជា​សាធារណៈ​ បើ​ពុំនោះ​នាង​នឹង​ប្ដឹង​ឡើង​តុលាការ​

Share

ភ្នំពេញ៖  កញ្ញា ធី សុវណ្ណថា បានស្នើឱ្យលោក កឹម សុខា ធ្វើការសុំទោសជាសាធារណៈ ក្នុងនាមកញ្ញាជាជនរងគ្រោះពីអំពើបរិហាកេរិ៍្តពីមេដឹកនាំបក្សប្រឆាំងរូបនេះ។ កញ្ញា ធី សុវណ្ណថា បានសរសេរដូចនេះលើទំព័រហ្វេសប៊ុករបស់ កញ្ញា នៅរសៀលថ្ងៃទី៥ធ្នូនេះ។

 កញ្ញា ធី សុវណ្ណថា
កញ្ញា ធី សុវណ្ណថា

កញ្ញាបានបន្តថា បើលោក កឹម សុខា មិនសុំទោសនាង នាងនឹងដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីឲ្យតុលាការបន្តនិតិវិធីសំនុំរឿងផ្សេងទៀតរបស់លោក ដូចជា បរិហាកេរ្តិ៍ ជួញដូរផ្លូវភេទ សូកប៉ាន់សាក្សី ជាដើម។ ខ្លឹមសារដែលកញ្ញា ធី សុវណ្ណថា បានបង្ហោះ មានអត្ថន័យដូចនេះ ៖ «សារផ្ញើជូនលោក កឹម សុខា បណ្តឹងនាងខ្ញុំ បានធ្វើឲ្យលោកជាប់ឃុំ ៦ខែ ក្នុងស្នាក់ការបក្ស នាងខ្ញុំរីករាយ ដែលបានឃើញលោកទទួលស្គាល់កំហុស លោកបានស្នើសុំនិងទទួលព្រះរាជទានទោសពីព្រះមហាក្សត្រ នាងខ្ញុំ ក្នុងនាមជាជនរងគ្រោះពីអំពើបរិហាកេរ្តិ៍របស់លោក ស្នើឲ្យលោកសុំទោសនាងខ្ញុំជាសាធារណ: ដើម្បីបញ្ចប់រឿង។ បើលោក មិនសុំទោសនាងខ្ញុំទេ នាងខ្ញុំនឹងបន្តដាក់ពាក្យប្តឹងដើម្បីឲ្យតុលាការបន្តនីតិវិធីសំនុំរឿងផ្សេងទៀតរបស់លោក ដូចជា បរិហាកេរ្តិ៍ ជួញដូរផ្លូវភេទ សូកសាក្សី ជាដើម…»

កញ្ញា ធី សុវណ្ណថា បានលើកឡើងបន្ដទៀតថា  នាងមិនតូចចិត្តជីវិតខ្លនឯងទេ ដែលរងការជេរប្រមាថជាច្រើនពីអ្នកគាំទ្របក្សសង្គ្រោះជាតិ ដោយសារតែនាងដឹងច្បាស់ចំពោះសកម្មភាពខ្លួនឯង។ នាងបញ្ជាក់ថា សកម្មភាពរបស់នាង  ដើម្បីភាពត្រឹមត្រូវយុត្តិធម៌ ដើម្បីជាតិ ដើម្បីជួយពលរដ្ឋ និងយុវជនក្រីក្រ មិនមែនដើម្បីបក្សណាមួយ រឺ បុគ្គលណាមួយនោះឡើយ។

នាងបានបញ្ជាក់បន្ថែមទៀតថា៖«នាងខ្ញុំសុំទោស និងសូមអរគុណ អ៊ុំពូមីង តំណាងរាស្ត្រ CNRP ទាំងអស់ ដែលតែងតែបានណែនាំ លើកទឹកចិត្តនាងខ្ញុំកន្លងមក តែដោយព្រោះនាងខ្ញុំមិនអាចទ្រាំអត់ធ្មត់ នឹងការជាន់ឈ្លី មើលងាយជាច្រើនដង ពីលោក កឹម សុខា និងកូន ទើបនាងខ្ញុំសម្រេចប្រឆាំងដាក់ពាក្យប្តឹង ដើម្បីទាមទារយុត្តិធម៌។ សុំទោសបងប្អូនអ្នកគាំទ្របក្សសង្គ្រោះជាតិ ដែលខ្ញុំបានប្តឹងលោក កឹម សុខា ព្រោះខ្ញុំចង់ព្រមានគាត់ និងកូនគាត់ កុំឲ្យមើលងាយយុវជនជំនាន់ក្រោយបន្តទៀត។ពីនាងខ្ញុំ ធី សុវណ្ណថា យុវជនម្នាក់ធ្លាប់ពលិកម្មយ៉ាងធ្ងន់ធ្ងរគាំទ្របក្សសង្គ្រោះជាតិ ហើយត្រូវបានលោក កឹម សុខា និងកូន ប្រមាថមើលងាយ ចេញលិខិតបដិសេធ បណ្តេញចេញពីលើវេទិកាបក្ស និងបណ្តេញចេញក្បួនហែរបក្ស…សូមអរគុណបងប្អូនជាច្រើន នៅតែបន្ត ចុចLikeជួយគាំទ្រ ផ្តល់កម្លាំងចិត្ត និងអាណិតស្រលាញ់នាងខ្ញុំ »

សូមរម្លឹកថាកន្លងមក កញ្ញា ធី សុវណ្ណថា បានប្ដឹងលោក កឹម សុខា ពីបទបរិហាកេរ្ដិ៍កញ្ញា ដោយកញ្ញា បានទាមទារប្រាក់ពីលោក កឹម សុខា ១លានដុល្លារអាមេរិក។ ប៉ុន្ដែយ៉ាងនេះក្ដី លោក កឹម សុខា ដែលជាប់ពាក់ព័ន្ធរឿងក្ដីករណីនាង ខុម ចាន់តារាទីហៅស្រីមុំ និងរឿងដែលលោកមិនចូលខ្លួននោះ ត្រូវបានព្រះមហាក្សត្រលើកលែងទោស តាមសំណើរបស់នាយករដ្ឋមន្ដ្រី។

ករណីនេះ ត្រូវបានអ្នកវិភាគមើលឃើញថា តុលាការពិបាកនិងបន្ដនីតិវិធីលើលោក កឹម សុខា បន្ដទៀត ដោយសារតែលោក កឹម សុខា នៅតែមានអភ័យឯកសិទ្ធិសភាជាអ្នកតំណាងរាស្ដ្រ៕

Share

ព័ត៌មានទាក់ទង

Image