en     km
en     km

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖​ សៀវភៅ​កើនឡើង​ ខណៈ​អ្នកនិពន្ធ​ខ្វះ​ការ​លើកទឹកចិត្ត​ (មានសំឡេង)

Share

ភ្នំពេញ៖ លោក​ ខៀវ​ កញ្ញា​រិ​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​នេះ​ ការ​និពន្ធ​សៀវភៅ​បាន​កើនឡើង​គួរ​ឱ្យ​គត់​សម្គាល់​ ហើយ​សៀវភៅ​ទាំងនោះ​គឺ​មានគុណ​ភាពល្អ​ទាំង​អត្ថន័យ​ រូបភាព​ ហើយ​ថែម​ទាំង​មាន​តម្លៃ​ថោក​ ប៉ុន្តែ​អ្វី​ដែល​នៅ​ខ្វះ​ គឺ​ការ​លើកទឹកចិត្ត​ចំពោះ​អ្នកនិពន្ធ​។​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​បើក​ពិ​ពណ៌​សៀវភៅ​ថ្នាក់​ជាតិ​លើក​ទី​៥​ នៅ​ថ្ងៃ​ទី​០២​ ធ្នូ​ ឆ្នាំ​២០១៦​នេះ​ នា​បណ្ណាល័យ​ជាតិ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

លោក​ ខៀវ​ កញ្ញា​រិ​ទ្ធ​ មាន​ប្រសាសន៍​ថា​ ការ​លើកទឹកចិត្ត​ចំពោះ​អ្នកនិពន្ធ​នៅ​កម្ពុជា​ នៅ​មាន​កម្រិត​ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​។​

​លោក​ថា​ នៅ​បណ្តា​ប្រទេស​ដទៃ​ទៀត​ ម្ចាស់​រោង​ពុ​ម្ភ​គេ​លើកទឹកចិត្ត​តាម​រយៈ​ការ​ទទួល​ទិញ​តែ​ម្តង​ ចំណែក​នៅ​កម្ពុជា​ អ្នកនិពន្ធ​ត្រូវ​ចេញ​លុយ​បោះ​ពុ​ម្ភ​ខ្លួនឯង​ រួច​ទើប​ចាំ​ប្រមូល​លុយ​ពី​ការ​លក់​វិញ​។​

«​នៅ​ប្រទេស​គេ​វិញ​ប្រសិនបើ​យើង​មាន​ស្ថានភាព​ដូចនេះ​គឺ​ល្អ​មែនទែន​ ដែល​គ្រឹះស្ថាន​បោះ​ពុ​ម្ភ​មាន​ឱ្យ​លុយ​ទិញ​យក​មក​ ហើយ​ចាំ​ថែម​ភាគហ៊ុន​ឱ្យ​ទៀត​នេះ​គឺជា​ការ​ល្អ​ណាស់​ ប៉ុន្តែ​យើង​គិត​ថា​នេះ​គឺជា​រយៈពេល​យូ​ ប៉ុន្តែ​បើសិនជា​ សមាគម​អ្នកនិពន្ធ​ក៏​ដូច​ជា​សមាគម​បណ្ណាគារ​ សមាគម​គ្រឹះស្ថានបោះពុម្ពផ្សាយ​ពិភាក្សា​គ្នា​រក​ផ្លូវ​គ្នា​មួយ​ យើង​ពិតជា​មាន​អ្នក​សរសេរ​ច្រើន​ជាង​ហ្នឹង​ទៀត​ ពីព្រោះ​កន្លង​មក​ខ្ញុំ​ឃើញ​ជួប​អ្នកនិពន្ធ​ច្រើន​ណាស់​សរសេរ​ហើយ​ គឺ​ត្រូវ​ដើរ​រក​លុយ​ដើម្បី​បោះពុម្ព​ នេះ​ជា​ចំណុច​មួយ​គឺ​ការ​លំបាក​របស់​យើង​ដែល​គួរ​ពិចារណា​ »​។​

​លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ថែម​ថា​ បញ្ហា​ចម្បង​ដែល​អ្នកនិពន្ធ​កំពុង​ជួប​ប្រទះ​គឺ​ការ​ចំណាយ​លុយ​សម្រាប់​បោះ​ពុ​ម្ភ​ និង​ការ​លក់​។​ លោក​ចង់ឱ្យ​មាន​អ្នក​វាយតម្លៃ​មួយ​ដើម្បី​វិភាគ​ទៅ​លើ​សៀវភៅ​ដែល​បាន​និពន្ធ​រួច​ ដើម្បី​យក​ទៅ​បោះពុម្ព​លក់​។ លោក​បន្ត​ថា​  សមាគម​អ្នកនិពន្ធ​ក៏​ដូច​ជា​សមាគម​បណ្ណាគារ​ និង​សមាគម​គ្រឹះស្ថាន​បោះ​ពុ​ម្ភ​ផ្សាយ​គួរ​កំណត់​រក​ថ្ងៃ​ប្រជុំ​ណាមួយ​ ដើម្បី​រក​វិធី​ណា​លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ​វ័យក្មេង​ឱ្យ​បង្កើន​ការ​និពន្ធ​ផ្សេង​ទៀត​។​

​លោក​ខៀវ​ កញ្ញា​រិ​ទ្ធ​៖«​ឧទាហរណ៍​ដូច​នៅ​ប្រទេស​គេ​ គេ​មាន​អ្នកវិភាគ​ វិភាគ​បាន​ថា​ សៀវភៅ​ហ្នឹង​គេ​លក់​បាន​១​លាន​រៀល​ អ​ញ្ចឹ​ង​គេ​ហ៊ាន​ឱ្យ​៧០​ម៉ឺន​មុន​ ទៅ​អ្នក​សរសេរ​ ឥលូវ​យើង​មិន​ទាន់​មាន​អ្នក​វាយតម្លៃ​អ​ញ្ចឹ​ង​។​ រាល់ថ្ងៃ​ខ្ញុំ​ជួយ​ច្រើន​ណាស់​ អ្នកខ្លះ​ឃើញ​មក​គឺ​អត់​លុយ​តែ​ម្តង​ អ​ញ្ចឹ​ង​យើង​ត្រូវ​តែ​ឱ្យ​លុយ​ ឱ្យ​គាត់​ទៅ​បោះ​ ហើយ​ជួនកាល​សៀវភៅ​ខ្លះ​គាត់​ចំណាយ​លុយ​ខ្លួន​គាត់​ជួនកាល​ពីរ​ឆ្នាំ​ មិន​ទាន់​បាន​ចូល​បាន​គ្រប់​ផង​។​ អ​ញ្ចឹ​ង​បើសិនជា​មាន​ទទួល​បោះ​ ហើយ​ឱ្យ​លុយ​គាត់​ទៅ​មុន​ខ្លះ​គឺ​គាត់​មាន​កម្លាំង​នឹង​សរសេរ​បន្ត​ទៀត​ ជា​ការ​ល្អ​ពីព្រោះ​សៀវភៅ​ដែល​អាច​សរសេរ​ល្អ​ក្រៅពី​សៀវភៅ​ប្រលោមលោក​ ដែល​យើង​ប្រើ​ទុន​ដោយ​ខួរក្បាល​សុទ្ធ​ សៀវភៅ​ផ្សេង​ទៀត​គឺ​ទាមទារ​ការ​ស្រាវជ្រាវ​»​។​

​ចំណែក​លោក​ ពុ​យ​ គា​ អ្នកនិពន្ធ​សៀវភៅ​មួយ​រូប​ដែល​បាន​ដាក់​តាំង​សៀវភៅ​លក់​នៅ​ក្នុង​ពិ​ពណ៌​សៀវភៅ​ បាន​លើក​ឡើង​ តម្លៃ​នៃ​ការ​បោះ​ពុ​ម្ភ​សៀវភៅ​នៅ​កម្ពុជា​ មាន​តម្លៃ​ខ្ពស់​ ដោយ​តែ​តម្លៃ​ក្រដាស់​នាំ​ចូល​មាន​តម្លៃ​ថ្លៃ​។​ លោក​ចង់ឱ្យ​រដ្ឋាភិបាល​ គិតពិចារណា​ឡើង​វិញ​ចំពោះ​ពន្ធ​នៃ​តម្លៃ​ក្រដាស់​នាំ​ចូល​។​ លោក​ថា​ កាលណា​តម្លៃ​ក្រដាស​ថោក​ ការ​បោះពុម្ព​​មាន​តម្លៃ​ សៀវភៅ​លក់​ចេញ​ក៏​ថោក​ផង​ដែរ​ ដែល​ជំរុញ​ឱ្យ​មានការ​អាន​កាន់តែ​ខ្លាំង​។​

លោក ពុយ គា អ្នកនិពន្ធសៀវភៅ
លោក ពុយ គា អ្នកនិពន្ធសៀវភៅ

លោក​បន្ថែម​៖«​ខ្ញុំ​សួរ​រោង​ពុម្ព​ថា​ហេតុ​អី​មិន​ឱ្យ​តម្លៃ​វា​ថោក​ជាង​ហ្នឹង​ ខ្ញុំ​មើល​ប្រទេស​គេ​មួយ​ចំនួន​ដូច​ជា​ប្រទេស​ចិន​ ប្រទេស​ឥណ្ឌា​ ប្រទេស​ពីរ​ហ្នឹង​ គឺ​វា​លើកទឹកចិត្ត​ឱ្យ​មានការ​អាន​ច្រើន​ ដូច្នេះ​ការ​នាំ​ចូល​ក្រដាស​ និង​ការ​បោះ​ពុ​ម្ភ​មាន​តម្លៃ​ទាប​មែនទែន​ អ​ញ្ចឹ​ង​ក្នុង​ពិភពលោក​ហ្នឹង​យើង​ឃើញ​ប្រទេស​ពីរ​ហ្នឹង​ ចង់​ទិញ​មាន​តម្លៃ​ថោក​គឺ​យើង​ទាក់ទង​ឥណ្ឌា​។​ ដូច្នេះ​ខ្ញុំ​ចង់ឱ្យ​រដ្ឋាភិបាល​ ជា​ពិសេស​ក្រសួង​ពាក់ព័ន្ធ​ ខាង​ក្រសួង​ហិរញ្ញវត្ថុ​គាត់​គួរ​ពិចារណា​ដែរ​ ត្រូវ​គាត់​បញ្ចុះតម្លៃ​បើ​អាច​បញ្ចុះតម្លៃ​បាន​ពាក់កណ្តាល​ក៏​បាន​ដែរ​ ថ្លៃ​ក្រដាស​បោះពុម្ព​ហ្នឹង​ កាលណា​ក្រដាស​នាំ​ចូល​មាន​តម្លៃ​ថោក​ ការ​បោះពុម្ព​មាន​តម្លៃ​ថោក​ ដល់​ពេល​យើង​បោះពុម្ព​ហើយ​លក់​ទៅ​វិញ​សៀវភៅ​ហ្នឹង​ក៏​ថោក​តាម​ សព្វថ្ងៃ​យើង​ឃើញ​ខ្ពស់​មែន​ ដូច្នេះ​គួរតែ​ពិចារណា​លើ​បញ្ហា​ហ្នឹង​ដែរ​»​។​

​សូម​ជម្រាប​ថា​ ពិ​ពណ៌​សៀវភៅ​ជាតិ​ លើក​ទី​៥​ ឆ្នាំ​២០១៥​ ស្តង់​លក់​សៀវភៅ​បាន​កើនឡើង​ ជាង​ឆ្នាំ​មុន​ មាន​ប្រមាណ​៦៥​ស្តង់​។​ លោក​ខៀវ​ កញ្ញា​រិ​ទ្ធ​ មាន​ប្រសាសន៍​ថា​កា​អាន​សៀវភៅ​ មាន​ប្រយោជន៍​ច្រើន​ជាង​ការ​មើល​រឿង​តាម​ទូរទស្សន៍​ ឬ​មើល​កុន​ ព្រោះ​ការ​មើលសៀវភៅ​ធ្វើ​ឱ្យ​អ្នក​អាន​មាន​ពេល​ពិចារណា​ និង​ថ្លឹងថ្លែង​ពាក្យ​នីមួយៗ​៕

Share

ព័ត៌មានទាក់ទង

Image