en     km
en     km

​សម​ រ​ង្ស៊ី​៖​ លទ្ធផល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នឹង​បើកផ្លូវ​ CNRP​ ទទួល​ជ័យជម្នះ​តែ​បក្ស​កាន់​អំណាច​ថា​ មិន​អាច​ទៅ​រួច​ (មានសំឡេង)

Share

មេ​បក្ស​ប្រឆាំង​បាន​សាទរ​លទ្ធផល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​ ២០១៦​ថា​ នឹង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​/​ឃុំ​សង្កាត់​ និង​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៧​និង​២០១៨​។​ តែ​គណបក្សកាន់អំណាច​ និង​អ្នកវិភាគ​មាន​ទស្សនៈ​ផ្ទុយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ រាយការណ៍​ព័ត៌មាន​នេះ​៖

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​ពី​ក្រៅប្រទេស​ដូចនេះ​ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ បាន​ប្រកាស​អំពី​អ្នក​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​ ៧​ លាន​ ៨​ សែន​នាក់​នៅ​ត្រឹម​ថ្ងៃ​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​។​

 

​លោក​បន្ត​ថា​ ទោះបីជា​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ១​ លាន​នាក់​ ភាគច្រើន​ជា​ពលករ​ចំណាក់ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក៏​ដោយ​ តែ​មេ​បក្ស​ប្រឆាំង​ប្រកាស​សាទរ​លទ្ធផល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​រយៈពេល​ ៣​ ខែ​ ដែល​លោក​ថា​ ក៏​ជា​មោទនភាព​មួយ​ដែរ​។​

​លោក​ សម​ រ​ង្ស៊ី​៖«​ខ្ញុំ​សូម​កោតសរសើរ​អស់ពីដួងចិត្ត​ ចំពោះ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ដែល​បាន​ខិតខំ​ទៅ​ចុះ​ឈ្មោះ​ឲ្យ​ទាល់តែ​បាន​ ដើម្បី​រក្សា​សិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួន​ ហើយ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​នាម​ជា​ពលរដ្ឋ​ពេញ​លក្ខណៈ​។​ ជា​ពិសេស​ ខ្ញុំ​សូម​សម្តែង​ការ​កោតសរសើរ​ដ៏​លើសលប់​ ចំពោះ​ស្ត្រី​ខ្មែរ​ ៤.២១៣.៤២៧​ នាក់​ តំណាង​ឲ្យ​ ៥៣,៥​ ភាគរយ​ នៃ​ចំនួន​សរុប​ប្រជាពលរដ្ឋ​ ៧.៨៧៣.១៩៤​ នាក់​ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រកបដោយ​ជោគជ័យ​»​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​ប្រៀបធៀប​ថា​ បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​ ២០១៦​នេះ​គឺ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ចាស់​កាលពី​ឆ្នាំ​ ២០១៣​ ទាំង​បរិមាណ​ និង​គុណភាព​។​កត្តា​នេះ​ហើយ​ដែល​មេ​បក្ស​ប្រឆាំង​រំពឹង​ថា​គណបក្ស​របស់​លោក​ នឹង​បាន​ជ័យជម្នះ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឆ្នាំ​ ២០១៧​ និង​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​ ឆ្នាំ​ ២០១៨​។​

​តែ​យ៉ាងនេះ​ក្ដី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ យល់​ថា​ ការ​លើក​ឡើង​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​គឺ​មិន​អាច​ទៅ​រួច​ឡើយ​។​ លោក​បាន​ចំអក​ឲ្យ​មេ​បក្ស​ប្រឆាំង​ថា​ ឲ្យ​លោក​ក្លាយជា​មេ​បក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​បន្ត​ទៀត​ចុះ​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​លោក​ សុខ​ ឥ​សាន្ត​៖«​យល់សប្តិ​ទាំង​ថ្ងៃ​ មិន​អាច​ក្លាយជា​ការ​ពិត​ទេ​។​ យើង​ចាំ​មិន​ភ្លេច​ទេ​ គាត់​ថា​ គាត់​គណបក្សប្រឆាំង​ធំ​ជាងគេ​បង្អស់​នៅ​កម្ពុជា​ ហើយ​មិន​អាច​នរណា​មក​ដណ្តើម​តួនាទី​ជា​គណបក្សប្រឆាំង​របស់​គាត់​បាន​ទេ​ អ​ញ្ចឹ​ង​បាន​សេចក្តី​ថា​គាត់​ទទួលស្គាល់​ថា​ គាត់​នៅ​ប្រឆាំង​រហូត​ គ្មាន​នរណា​ដណ្តើម​តួនាទី​បក្ស​ប្រឆាំង​គាត់​បាន​»​។​

​មាន​ទស្សនៈ​ប្រហាក់ប្រហែល​នឹង​លោក​ សុខ​ ឥ​សាន្ត​ ដែរ​ លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម​យល់​ថា​ ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​ថា​ លទ្ធផល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​ ២០១៦​ នឹង​បើកផ្លូវ​ CNRP​ ទទួល​ជ័យជម្នះ​នោះ​ ប្រហែលជា​មិន​អាច​ទៅ​រួច​ឡើយ​ ដោយ​លោក​លើក​ហេតុផល​ថា​ បើ​តាម​របាយការណ៍​របស់​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ចំនួន​ជាង​ ៧​ លាន​ ៨​ សែន​នាក់​ ខណៈ​ដែល​ប្រជាពលរដ្ឋ​ជាង​ ១​ លាន​នាក់​ ភាគច្រើន​ជា​ពលករ​ចំណាក់ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​ ជា​លទ្ធផល​ជោគជ័យ​របស់​គណៈបក្សកាន់អំណាច​ទៅ​វិញ​។​

​ទោះបី​យ៉ាងណា​ លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​ ប្រសិនបើ​ គ​.​ជ​.​ប​ធ្វើ​ឱ្យ​មាន​តម្លាភាព​ នៅ​ពេល​រៀបចំ​ការ​បោះ​ឆ្នោត​ និង​នៅ​ពេល​រាប់​សន្លឹង​ឆ្នោត​។​

​លោក​ គឹ​ម​ សុខ​៖«​ខ្ញុំ​មើលឃើញ​ដូច​ជា​ផ្ទុយ​ពី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បន្តិច​ នៅ​ត្រង់​ថា​ លទ្ធផល​និង​ដូច​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​បាន​សម្រេច​ផែនការ​ឈ្នះ​ ៧០​ ភាគរយ​ទៅ​ហើយ​។​ វា​នៅ​សល់​តែ​ម្យ៉ាង​ដំណាក់កាល​ទី​២​ តើ​ការ​រៀបចំ​ការ​ចុះ​ឆ្មោះ​បោះ​ឆ្នោត​ថ្មី​ យន្តការ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ បញ្ហា​នឹង​នៅ​សល់​ចន្លោះ​ឲ្យ​គណបក្ស​ប្រជាជន​គេ​អាច​ធ្វើ​អ្វី​តាម​ផែនការ​របស់​គេ​ទៀត​ឬ​អត់​»​។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ឆ្នាំ​២០១៣​ គណបក្ស​សង្គ្រោះ​ជាតិ​  ទទួល​បាន​៥៥​អាសនៈ​ គឺ​ជិត​ទាន់​ គណ​ក្ស​ប្រជាជន​កម្ពុជា​ ដែល​ទទួល​បាន​ ៦៨​អាសនៈ​។​ លទ្ធផល​បោះ​ឆ្នោត​ ឆ្នាំ​២០១៣​ ត្រូវ​បាន​លោក​សម​ រ​ង្ស៊ី​ ចោទ​ បក្ស​កាន់​អំណាច​លួច​បន្លំ​ តែ​បក្ស​កាន់​អំណាច​បដិសេធ​៕

Share

ព័ត៌មានទាក់ទង

Image